ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលើកលែងនូវការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ទីសាធារណៈ និងទីកន្លែងចំហនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៦ ខែមេសា តទៅ លើកលែងតែទីតាំងដែលបិទជិតប៉ុណ្ណោះ ដោយលោកបានផ្តល់សិទ្ធិទៅដល់ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ ឬមិនពាក់ម៉ាស់?
ការសម្រេចនេះត្រូវបានលោកនាយករដ្ឋមន្ត្រីចេញសារជាសំឡេងពិសេសកាលពីថ្ងៃទី ២៦ ខែមេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងអស់ ចាប់ផ្តើមអនុវត្តពីថ្ងៃនេះតទៅនៅទីធ្លាសាធារណៈ កន្លែងដែលមានខ្យល់ចេញចូល ឬលម្ហជាដើម។ ការស្នើឱ្យបន្តនូវការអនុវត្តការពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិតលោក ហ៊ុន សែន ក៏បានធ្វើការបញ្ជាក់ដែរថា អត្ថន័យនៃកន្លែងដែលបិទជិត គឺលោកសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិតហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សហើយមានការបិទជិត។
លោក មានប្រសាសន៍ថា៖ «នៅតាមទីសាធារណៈនៅតាមសួនច្បារនៅតាមកន្លែងកម្សាន្តផ្សេងៗដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ចំណែកទីតាំងមួយចំនួនទៀត រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្តឱ្យពាក់ម៉ាស់តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ គឺទីតាំងដែលមានមនុស្សកកកុញ ប្រមូលផ្តុំ និងកន្លែងដែលមានការសង្ស័យថា មានករណីកូវីដ»។
ជាមួយគ្នានេះលោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់ទីកន្លែងដែលធ្លាប់បានអនុវត្តទៅតាមស្តង់ដាដែលរៀបចំដោយក្រសួង ដូចជាភោជនីយដ្ឋាន ឬទីកន្លែងមួយចំនួន ដែលបិទជិត គឺនៅតែបន្តអនុវត្តតាមការណែនាំ និងទៅតាមការជាក់ស្តែងនៃកន្លែងនីមួយៗផងដែរ។ លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើងនឹងបានរំដោះខ្លួនចេញពីការលំបាក ការចំណាយ ដោយយើងយកវ៉ាក់សាំងមកជំនួសការពាក់ម៉ាស់ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំសម្រាប់បន្តនិរន្តរភាពនៃការពាក់ម៉ាស់ និងមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋយើងសុំទៅទទួលយកវ៉ាក់សាំងដូសទី ៣ ដោយចាត់ទុកវាជាដូសអប្បបរមា កម្រិតទាបបំផុតរបស់ប្រទេសយើង»។ ដើម្បីចៀសវាងនូវការភាន់ច្រឡំទាក់ទងនឹងការពាក់ម៉ាស់នេះ លោកនាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់ថា បើទោះបីជាលោកបានប្រើពាក្យថា វាជាកាតព្វកិច្ច ប៉ុន្តែវាមិនពាក់ព័ន្ធនឹងផ្លូវច្បាប់នោះទេ។ ការប្រើពាក្យកាតព្វកិច្ចអាចមានការភាន់ច្រឡំ ប៉ុន្តែអ្វីដែលលោកបាននិយាយទាក់ទងនឹងដូសទី ៣ នេះគឺពលរដ្ឋចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
លោកបានថ្លែងថា៖ «បើទោះបីជាបងប្អូន មិនបានចាក់ដូសទី ៣ ក៏មិនមានច្បាប់មួយណា ដែលតម្រូវឱ្យមានការផាកពិន័យ វិធានការរដ្ឋបាល ឬដាក់ទណ្ឌកម្មនោះដែរ ប៉ុន្តែវាគឺជាការការពារនូវសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ និងក្រុមគ្រួសារតែប៉ុណ្ណោះ»។
លោកក៏បានបញ្ជាឱ្យផ្នែកសុខាភិបាល ត្រូវតែធ្វើការតាមដានឱ្យបានហ្មត់ចត់ និងត្រៀមបម្រុងកម្លាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលរដ្ឋាភិបាលបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះចេញ។
បន្ថែមពីនេះលោកក៏កំពុងតែពិនិត្យ ទៅលើលទ្ធភាពនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៥ សម្រាប់មន្ត្រីជួរមុខផងដែរ ដើម្បីបង្កើនភាពស៊ាំកាន់តែច្រើន ប៉ុន្តែអ្វីដែលលោកនៅតែអំពាវនាវ និងចង់បានបំផុតនោះគឺសុំឱ្យប្រជាពលរដ្ឋមកទទួលយកនូវវ៉ាក់សាំងដូសទី ៣ ឱ្យបានគ្រប់ៗគ្នាសម្រាប់ប្រជាពលរដ្ឋប្រមាណជាជាង ៦ លាននាក់ទៀត។
លោកថ្លែងថា៖ «ការតម្រូវឱ្យមានការចាក់ដូសទី ៣ នេះក៏អាចចាត់ទុកថា ជាកាតព្វកិច្ចដែលខាងផ្នែកសុខភាពរបស់យើងតម្រូវឱ្យចាក់ដូសទី ៣ នេះ ដើម្បីរក្សានូវភាពធន់នៃសុខភាពរបស់យើងដែរ និងការចូលរួមចំណែកក្នុងការការពារនៃការឆ្លងមេរោគកូវីដ ១៩»។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងដោយលោកបានធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ហើយក្នុងករណីមានការសង្ស័យត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងត្រូវធ្វើការព្យាបាលបើមានការរកឃើញឆ្លងជំងឺនេះ។
ទាក់ទងនឹងការលើកលែងការពាក់ម៉ាស់នេះដែរ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងក្នុងពេលចុះពិនិត្យការចាក់វ៉ាក់សាំងក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២៣ ខែមេសាថា ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងច្រើនពីការការពារសុខភាពរបស់ពួកគាត់។ លោកស្រីបានថ្លែងថា ៖ «ខ្ញុំសង្កេតឃើញថា មានប្រជាពលរដ្ឋភាគច្រើននៅពាក់ម៉ាស់ ដែលនេះបង្ហាញថា បងប្អូនយើងនៅមានការប្រុងប្រយ័ត្ន ហើយអាចក្លាយជាទម្លាប់នៃការរស់នៅរបស់ពួកគាត់ផងដែរ»។
គួររំឭកថា ខេត្តមណ្ឌលគិរី ជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៤ ដែលត្រូវបានរដ្ឋាភិបាលប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់មុនគេ ចាប់តាំងពីមុនថ្ងៃចូលឆ្នាំខ្មែរ។
លោក គង់ វុទ្ធី ប្រជាពលរដ្ឋដែលនៅក្នុងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រដ្ឋាភិបាលដកកាតព្វកិច្ចពាក់ម៉ាស់នេះក៏ជាការល្អម្យ៉ាងដែរ ប៉ុន្តែមិនមែនមានន័យថា គ្រប់គ្នាត្រូវតែមានសេរីភាពហួសហេតុពេកនោះទេ គឺត្រូវបន្តការពារខ្លួនជានិច្ចពីមេរោគកូវីដនេះ។
លោកថ្លែងថា៖ «ខ្ញុំគាំទ្ររដ្ឋាភិបាលដែលលើកលែងការពាក់ម៉ាស់ តែសម្រាប់ខ្ញុំ ខ្ញុំនៅតែបន្តពាក់ដូចធម្មតាដដែល ដោយសារខ្ញុំនៅតែបារម្ភពីជំងឺនេះ ហើយក៏មិនចង់ឱ្យមានការឆ្លង ឬចម្លងមេរោគនេះ ទៅដល់ក្រុមគ្រួសារ និងកូនៗនៅផ្ទះនោះទេ ដោយសារខ្ញុំជាអ្នកចេញធ្វើការងារក្រៅផ្ទះ»។
ចំណែក លោក លឹម វេហាស៍ ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ដែរថា ការលើកលែងកាត្វកិច្ចពាក់ម៉ាស់នេះល្អ វាជួយកាត់បន្ថយការចំណាយប្រជាជនដែលត្រូវទិញម៉ាស់ ប៉ុន្ដែលោកផ្ទាល់មិនទាន់ទុកចិត្តក្នុងការដោះម៉ាស់ចេញទេ ព្រោះឥរិយាបថរក្សាអនាម័យរបស់ប្រជាជនយើងពិបាកទុកចិត្ត។ «តែយ៉ាងណាខ្ញុំក្នុងនាមប្រជាជនមួយរូប ពិតជាសប្បាយចិត្ត ដែលប្រទេសយើងមានការវិវត្តទៅមុខហើយមានសុវត្ថិភាពកាន់តែខ្ពស់ អត្រាឆ្លងជំងឺកូវីដកាលពីថ្ងៃទី ២៥ មេសា មានត្រឹមតែ ២ នាក់ ខណៈថៃឆ្លងថ្មីខ្ទង់ ១ ម៉ឺននាក់ ហើយវៀតណាមមានខ្ទង់ ៧ ពាន់នាក់»។ លោកសង្ឃឹមថា កម្ពុជានឹងកាន់តែមានស្ថានភាពល្អទៅមុខទៀត ហើយភាពស៊ាំសហគមន៍នឹងកាន់តែរឹងមាំ នៅពេលប្រជាជននាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញកាន់តែច្រើនតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី៕