ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តល់អនុសាសន៍ចំនួន ៥ ដើម្បីឱ្យទទួលបានជោគជ័យលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ខណៈការរៀបចំយុទ្ធសាស្ដ្រនេះជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជាក្នុងឆ្នាំ ២០៥០។
លោក ទិន ពន្លក អនុប្រធានទី ២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្ដល់អនុសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុស្តីពីការរៀបចំផែនការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) កាលពីថ្ងៃទី ២៥ ខែមេសា។
កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រក្រសួងបរិស្ថានដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថានសមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងស្ថាប័នសិក្សាចំនួន ៤៤ រូប។
កិច្ចប្រជុំនេះមានគោលបំណងបង្ហាញ និងពិភាក្សាពីផែនការអនុវត្តប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។
លោក ពន្លក បានថ្លែងថា៖ «ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាចក្ខុវិស័យវែងឆ្ងាយប្រកបដោយការគិតគូរច្បាស់ដើម្បីចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជានាឆ្នាំ ២០៥០»។
លោកលើកឡើងថា ប្រទេសកម្ពុជាតែងតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងសកម្មក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅឆ្នាំ ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧២ ដែលបានដាក់របាយការណ៍ បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) មុនពេលកំណត់។
រីឯនៅឆ្នាំ ២០២១ កម្ពុជាបានបង្ហាញការតាំងចិត្តជាថ្មីស្របតាមការប្តេជ្ញាចិត្តរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិក្នុងការដាក់ជូនយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន (LTS4CN) នៅដំណាច់ឆ្នាំ ២០២១។ នេះបើតាមការអះអាងពីលោក ទិន ពន្លក ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទី ២ ក្នុងសកលលោក ហើយជាប្រទេសទី ១ ក្នុងតំបន់អាស៊ានដែលបានដាក់ជូនយុទ្ធសាស្ត្រនេះដើម្បីសម្រេចឱ្យបានការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ ២០៥០»។
លោកបន្តថា ទោះបីកម្ពុជាជាប្រទេសរួមចំណែកតិចតួចដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ តែកម្ពុជាចង់បង្ហាញអំពីភាពជាអ្នកដឹកនាំតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុស្របទៅតាមយុទ្ធសាស្ត្រពហុភាគី។ យុទ្ធសាស្ត្រនេះចង្អុលបង្ហាញនូវការប្តេជ្ញាចិត្តយូរអង្វែងពីគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។
អនុសាសន៍ទាំង ៥ ដែលត្រូវបានលើកឡើងដោយលោក ទិន ពន្លក ដើម្បីទទួលបានជោគជ័យការអនុវត្ត LTS4CN នោះ រួមមានទី ១- ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ទី ២- ការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រក្នុងការវិភាគដើម្បីធ្វើផែនការ ទី ៣- ការញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទី ៤- ការកៀរគរថវិកា (ទាំងមូលនិធិ/ម្ចាស់ជំនួយ និងវិស័យឯកជន) និងទី ៥- ការលើកកម្ពស់ការយល់ដឹង និងការអប់រំផ្សព្វផ្សាយ។
បើតាមក្រសួងបរិស្ថាន តាមរយៈកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញ និងការពិភាក្សាយ៉ាងផុសផុលពីការរៀបចំផែនការអនុវត្ត LTS4CN ការដាក់បញ្ចូល LTS4CN ទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុកិច្ចពិភាក្សាអំពីជំហានបន្ទាប់នៃដំណើរការអនុវត្តន៍យុទ្ធសាស្ត្រ LTS4CN។
ពាក់នឹងការអនុវត្តកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) នេះ កាលពីឆ្នាំ ២០២០ ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ធ្លាប់បានផ្ដល់ថវិកាបដិភាគចំនួន ៣,៣៤ លានដុល្លារសម្រាប់ប្រើនៅឆ្នាំ ២០២០-២០២២។
នៅក្នុងពិធីផ្ដល់ជំនួយនាពេលនោះលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាធ្លាប់បានថ្លែងថា៖ «ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារឱ្យមានការចាត់វិធានការប្រកបដោយមហិច្ឆតាឱ្យបានលឿន ដើម្បីដោះស្រាយ»។
លោកបានបញ្ជាក់ថា៖ «កម្មវិធីCCCA ផ្ដល់លទ្ធភាពឱ្យតួអង្គសំខាន់ៗក្នុងប្រទេសកម្ពុជាក្នុងការអនុវត្តសកម្មភាពបន្ថែម ដើម្បីការពារបរិស្ថានកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ»៕