ភ្នំពេញៈ ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​ផ្ដល់​អនុសាសន៍​ ៦ ​ចំណុច​ដល់​ក្រសួង​អប់រំ ​ដើម្បី​លើក​ទឹក​ចិ​ត្ដ​ និង​យក​ចិ​ត្ដ​ទុក​ដាក់​លើ​កិច្ចការ​អប់រំ​ខណៈ​រាជ​រដ្ឋាភិ​បាល​តែងតែ​ផ្តល់​អាទិ​ភាព​ទី​១​ លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​លើក​ស្ទួយ និង​អភិ​វឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​។​

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថ្លែង​បែបនេះ​ក្នុង​ពេល​អញ្ជើញ​ជា​អធិប​តី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​សិក្សា​២០២០-២០២១​ និង​លើក​ទិ​ស​ដៅ​ការងារ​ឆ្នាំ​សិក្សា​២០២១-​២០២២​ នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ (​តិច​ណូ​) ​កាល​ពី​ថ្ងៃទី​២៧ ខែមេសា​ ឆ្នាំ​២០២២​នេះ​។

លោក​បាន​ថ្លែង​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អង្គ​សន្និបាត​អប់រំ​នេះ​ ដែល​ទទួល​បាន​សមិទ្ធ​ផល​គួរ​ជាទី​មោទនៈ​លើ​ការងារ​អប់រំ​ ការ​អភិវឌ្ឍ​យុវជន​ ការ​អប់រំ​កាយ ​និង​កីឡា​ជា​មួយ​នឹង​កម្មវិ​ធី​កែ​ទម្រង់​អប់រំ​ស៊ី​ជម្រៅ​ ៨​ ចំណុច​ស្រប​តាម​បរិ​ការណ៍​ថ្មីៗ​នៃ​ការ​អភិ​វឌ្ឍ​សង្គម​-​សេដ្ឋ​កិច្ច​ ទាំង​ក្នុង​តំបន់ ​និង​ពិភព​លោក​ ជា​ពិសេស​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោ​បាយ​ និង​ ម៉ាក្រូ​សេដ្ឋកិច្ច​ ការ​ជំរុញ​កំណើន​សេដ្ឋកិ​ច្ច​កម្ពុជា​ តាម​គន្លង​ប្រក្រតី​-​ភាព​ជា​មួយ​នឹ​ង​ការ​អភិវឌ្ឍ​ប្រក​ប​ដោយ​ចីរភាព​ ទាំង​ប​ច្ចុ​ប្ប​ន្ម ​និង​អនា​គត​។​

​លោក​បាន​បង្ហាញ​មោទ​ន​ភាព​ចំពោះ​ក្រសួង​អប់រំ​ ដែល​បាន​ធ្វើ​កិច្ច​សហ​ការ​ជិត​ស្អិត​ជា​មួយ​ថ្នាក់ដឹក​នាំ ​បុគ្គលិក​អប់រំ​គ្រប់​លំ​ដាប់​ថ្នាក់​ លោក​គ្រូ​ អ្នក​គ្រូ ​មាតា​បិតា​ សហ​គមន៍​ និង​ឤ​ជ្ញា​ធរ​-​ដែន​ដី​ ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យ​មាន​ការ​រីក​ចម្រើន​ស្រប​តាម​តួនាទី​ភារ​កិច្ច​រៀងៗ​ខ្លួន​ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។​

លោក​ថ្លែង​ថា​៖«​​ជា​និច្ច​កាល​រាជ​រដ្ឋាភិ​បាល​តែងតែ​ផ្តល់​អាទិភាព​ទី​១​ លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ដើម្បី​លើក​ស្ទួយ ​និង​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា​ ដូច្នេះ​ដើម្បី​លើក​ទឹក​ចិ​ត្ដ​ នឹង​យក​ចិ​ត្ដ​ទុកដាក់​លើ​កិច្ចការ​ដ៏​មាន​សារៈ​សំខាន់​នេះ​ ខ្ញុំ​សូម​ផ្ដល់​អនុ​សាសន៍​ប​សំ​ខាន់ៗ​សម្រាប់​អនុ​វត្ដ​បន្ត​ដូច​ខាង​ក្រោម​»​​។​​​

ទី​១ ​បន្ត​ពង្រឹង​ប្រព័ន្ធ​អប់រំ​ឲ្យ​មាន​ភាព​ធន់​បុ​រេ​សកម្ម​ ឆ្លើយ​តប​ទៅ នឹង​បរិ​ការ​ណ៏​ជាតិ​អន្តរ​ជាតិ​ ដែល​កំពុង​មាន​កា​រប្រែប្រួល​។​ បន្ត​ធានា​នូវ​សេវា​អប់រំ​ដែល​មាន​គុណភាព​ប្រកប​ដោយ​សមធម៌​ និង​បរិ​យាប​ន្ន​ព្រម​ទាំង​លើក​កម្ពស់​ឱកាស​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា ​និង​ដោះ​ស្រាយ​ការ​ខាត​បង់​ការ​រៀន​សូត្រ​របស់​សិស្ស​និស្សិត ​និង​យុវជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​កូ​វីដ​១៩​។​​

​ទី​២​ ណែ​នាំ​ឱ្យ​កសាង​ប្រព័ន្ធ ​និង​អភិវឌ្ឍ​សមត្ថ​ភាព​ប្រព័ន្ធ​អប់រំ​ តាមរយៈ​ធានា​ភាព​ជា​អ្នក​ដឹក​នាំ ​និង​ការ​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​ រួម​មាន​ការ​កែ​ទម្រង់​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ ​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ហិរញ្ញ​ប្ប​ទាន​​ស​ហ​ប្រតិ​បត្តិ​កា​រ ការ​កសាង​គោល​នយោ​បាយ​ និង​ផែន​ការ​អប់រំ​ ការ​អភិ​វឌ្ឍ​វិជ្ជា​ជីវៈ​ជា​ប្រចាំ​ សម្រាប់​បុគ្គលិក​អប់រំ​ និង​គ្រូ​បង្រៀន​។​​

ទី​៣ ​បន្ត​អភិ​វឌ្ឍ​ការ​អប់រំ​ឌីជី​ថល​សម្រាប់​ការ​បណ្តុះ​បណ្តាល​ ធនធាន​មនុស្ស ​ក្នុង​បរិការណ៍​បរិវត្ត​កម្ម​សង្គម​ និង​សេដ្ឋ​កិច្ច​ឌីជី​ថល​ តាម​រយៈ​ការ​ធ្វើ​សមា​ហរណ​កម្ម​បច្ចេក​វិទ្យា​ឌីជី​ថល​ ទៅ​ក្នុង​គ្រប់​កម្រិត​កម្មវិធី​សិក្សា​ បំពាក់​បន្ទប់​ពិសោធន៍​ឌីជី​ថល​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ លើក​កម្ពស់​សមត្ថ​ភាព​គ្រូ​បង្រៀន​ផ្នែក​ឌីជី​ថល​ ផលិត​ វីដេអូ​បង្រៀន​ និង​មាតិកា​ឌីជី​ថល​លើ​មុខ​វិជ្ជា​គោល​សម្រាប់​ថ្នាក់​ប្រឡង​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ការ​ងារ​ទាំង​នេះ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​​។​​

ទី​៤ ​បន្ត​អនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​ការងារ​កាយ​រឹទ្ធ ​និង​ យុវជន​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ទង្វើ​វិជ្ជ​មាន​ក្នុង​សង្គម ​តាម​រយៈ​ការ​បំផុស​ចលនា ​«​កូន​ល្អ ​សិស្ស​ល្អ ​មិត្ត​ល្អ ​ពលរដ្ឋ​ល្អ​» ​កម្ម​វិធី​យុវជន​ស្ម័គ្រចិត្ត​ចុះ​ជួយ​មូលដ្ឋាន​នៅ​តាម​សហ​គមន៍​ជាមួយ​នឹង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និង​ជំនាញ​ទន់​ដល់​យុវជន​ ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​ឱកាស​ការងារ​នៅ​ក្នុង​សង្គម​ ។​​

ទី​៥ ​បន្ត​ត្រៀម​លក្ខណៈ​​ឱ្យបាន​ពេញ​លេញ​ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​​ប្រកួត​កីឡា ​ស៊ី​ហ្គេម​ ឆ្នាំ​ ២០២៣​ ដោយ​សហ​ការ​ជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ក្នុង​ការ​អភិ​វឌ្ឍ​សមា​គម​កីឡា​មហាជន​ សហព័ន្ធ​-​កីឡា ​បំប៉ន ​និង​ហ្វឹក​ហាក់​កីឡា​ករ​ជម្រើស​ជាតិ​ និង​កី​ឡាករ​ថ្នាល​ឱ្យ​បាន​ដិត​ដល់​ ជំរុញ​សកម្ម​ភាព​អប់រំ​កាយ ​និង​កីឡា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឱ្យ​បាន​ផុស​ផុល​។​

ទី​៦​ បន្ត​លើក​កម្ពស់​សុខភាព​អនា​ម័យ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ​ដោយ​បន្ត​អនុវត្ត​អភិ​ក្រម ​«​៣​កុំ ​និង​ ៣​ការពារ​»​ ហើយ​ចូល​រួម​ទប់ស្កាត់​ការឆ្លង​ចូល​គ្រឹះ​ស្ថាន​សិក្សា​ រួម​ទាំង​បង្កើន​ការ​អប់រំ​អំពី​សុវត្ថិ​ភាព​សុខ​ភាព​សិក្សា​ កា​រ​រក្សា​គម្លាត​សុវត្ថិភាព​ និង​សុវត្ថិ​ភាព​ ចំណី​អាហារ​ដល់​បុគ្គលិក​អប់រំ​ និង​សិស្សានុ​សិស្ស ។​ បន្ត​យក​ចិត្ត​ទុកដាក់​គាំទ្រ​សុខភាព​ផ្លូវចិត្ត​ និង​ផ្លូវ​កាយ​សិ​ស្សា​សិស្ស ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ឬ​ប្រយោល​ ដោយ​សារ​ជំងឺ​ កូ​វីដ​១៩​​។​

លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋ​មន្ដ្រី​ក្រសួង ​អប់រំ​ យុវជន ​និង​កីឡា​ថ្លែង​ក្នុង​ពិធី​បទ​សន្និបាត​បូក​សរុប​ការងារ​អប់រំ​នេះ​ថា សន្និបាត​អប់រំ​ឆ្នាំ​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​បី​ថ្ងៃ ​ចាប់​ពី​ ថ្ងៃទី​​២៥ ​ដល់​ថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ​២០២២​ ក្នុង​គោល​បំណង​ធ្វើការ​បូក​សរុប​ និង​វាយ​តម្លៃ​ ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​សិក្សា​កន្លង​មក​ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​សិក្សា​ខាង​មុខ​។​ អ្នក​ចូល​រួម​ផ្ទាល់​ក្នុង​អង្គ​សន្និ​បាត​មាន​ប្រមាណ​ ២៥០​នាក់​ និង​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ ប្រមាណ ១០០០​នាក់​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​​។​​

លោក​ថ្លែង​ថា​៖«​តាង​នាម​ឱ្យ​បុគ្គលិក​អប់រំ​គ្រប់លំ​ដាប់​ថ្នាក់​ ខ្ញុំបាទ​សូម​សម្ដែងនូវ​កតញ្ញុ​តាធ​ម៌​យ៉ាង​ ជ្រា​ល​ជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ដែល​បាន​ផ្ដល់​អាទិ​ភាព​ដល់ ​បុគ្គ​លិក​អប់រំ​ក្នុង​ការចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​រីដ​១៩ ហើយ​ប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៧​ តែ​ប៉ុណ្ណោះ​លើ​ពិភព​លោក​ ដែល​បាន​ផ្ដល់​អាទិ​ភាព​ដល់​គ្រូ​បង្រៀន​»​។​

លោក​បន្តថា​៖«​យើង​ខ្ញុំ​ទាំងអស់​គ្នា​ចងចាំ​ជា​និច្ច​នូវ​ទឹកចិត្ត ​និង​មនោ​សញ្ចេត​នា​ដ៏​ថ្លៃថ្លា​នេះ ​និង​ សូម​អរគុណ​ជា​អនេក​ប្បកា និង​សូម​អបអរ​សាទរ​ចំពោះ សម្តេច​អគ្គ​មហាសេនា​បតី ​តេ​ជោ​ ដែល​បាន​ដឹកនាំ​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​ប្រកប​ដោយ​ជោគ​ជ័យ និង​បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជា​ជន​កម្ពុជា​ ព្រម​ទាំង​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​បើក​ ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ​ និង​ជា​​ប្រទេស​ឈាន​មុខ​គេ​លើ​ពិភព​លោក​ ក្នុង​ការបើក​ដំណើរ​ការ​សង្គម​-​សេដ្ឋកិច្ច​ឡើង​វិញ​»​។​

លោក​បាន​លើក​ឡើង​ថា​ស​ន្និបាត​អប់រំ​នៅ​ឆ្នាំនេះ ​ជា​ឱកាស​ថ្មី​មួយ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​បំពេញ​ការងារ​ និង​គណ​នេយ្យ​ភាព​រប​ស់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ តាម​រយៈ​ការ​ឆ្លុះ​បញ្ចាំង ​និង​ការ​ពិភា​ក្សា​អំពី​ វឌ្ឍន​ភាព​, ​បញ្ហា​ប្រឈម​ និង​ដំណោះ​ស្រាយ​នានា​ ពាក់ព័ន្ធ​នឹង​ការរៀន​និង​បង្រៀន​ ព្រម​ទាំង​ ការងារ​ដឹក​នាំ​និង​គ្រប់គ្រង​អប់រំ​ ទាំង​លើ​ទិដ្ឋភាព​គោល​នយោ​បាយ​, ទិដ្ឋ​ភាព​សម្រប​សម្រួល​,​ និង​ការ​អនុវត្ត​ផ្ទាល់​ ជា​ពិសេស​ការ​ពិភា​ក្សា​ផ្ដោត​លើ​កំណែទ​ម្រង់​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​គ្រូ​, កំ​ណែ​ទម្រង់​ការ​គ្រប់​គ្រង​តាម​សាលា​រៀន​, កា​រ​លើក​កម្ពស់​វិធី​សាស្ត្រ​បង្រៀន​ស្រប​ទៅ​នឹង​បរិបទ​ រៀន​ និង​បង្រៀន​ក្នុង​សត​វត្សរ៍​ទី​២១​និង​ការ​អភិ​វឌ្ឍ​ធន​ធាន​គ្រូ​បង្រៀន​​៕

​​