ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន អះអាងថា អតីតអគ្គមេបញ្ជាការអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ឬហៅកាត់ថាអ៊ុនតាក់ (UNTAC) លោក JohnSanderson បានលើកសរសើរពីកម្ពុជា ដោយសារមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងលើកពីជោគជ័យ «ដ៏ធំធេង» ដោយសារកម្ពុជាបានរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេសប្រធានអាស៊ាន។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា ក្នុងជំនួបជាមួយលោក ហ៊ុន សែន នាថ្ងៃទី ២៧ ខែមេសានៅវិមានសន្តិភាពរាជធានីភ្នំពេញលោក Sanderson បានថ្លែងថា លោកពិតជាមានសេចក្ដីរំភើបដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលលោកមានអនុស្សាវរីយ៍ និងមិត្តភក្ដិយ៉ាងច្រើន។
លោក Sanderson បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ២៣ ខែមេសា ហើយគ្រោងបញ្ចប់នៅថ្ងៃទី ២ ខែឧសភា គឺមានរយៈពេល ១០ ថ្ងៃ ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃអ៊ុនតាក់ និងក៏ជាផ្នែកមួយនៃការអបអរខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា។
ហ្វេសប៊ុកដដែលដកស្រង់សម្ដីលោកថា៖ «កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រងស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។
ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេសប្រធានអាស៊ានទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា»។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលអូស្ត្រាលីបានទទួលស្គាល់កម្ពុជានៅមុនកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅក្នុងឆ្នាំ ១៩៥៣ និងក្រោយមកបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាព្រមទាំងបានបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ។
លោកបានថ្លែងថា៖ «ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឱ្យទទួលបានឯករាជ្យ»។
លោក ហ៊ុន សែន បានប្រាប់លោក Sanderson អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឱ្យកម្ពុជាទទួលបានសន្តិភាព «ពេញលេញ» រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ ផងដែរ។
អ៊ុនតាក់ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩២ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលបានផ្លាស់លំនៅដោយសង្គ្រាមស៊ីវិល និងការបោះឆ្នោតជាតិឆ្នាំ ១៩៩៣។
នៅសម័យកាលនោះ លោក Sanderson បានបញ្ជាកងកម្លាំងពហុភាគីដ៏ធំ ដែលមានកងវរសេនាតូចថ្មើរជើង និងអង្គភាពគាំទ្រចំនួន ១២ អ្នកសង្កេតការណ៍យោធា និងនគរបាល ស៊ីវិលសរុប ២២ ០០០ នាក់ មកពីប្រមាណ ៤០ ប្រទេស។
ក្នុងជំនួបជាមួយ លោក Sanderson នាថ្ងៃទី ២៦ ខែមេសា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានកោតសរសើរចំពោះការរួមចំណែក «យ៉ាងសំខាន់» របស់អូស្ត្រាលី ជាពិសេសលោក Sanderson ក្នុងដំណើរការសន្តិភាពនៅកម្ពុជា។
លោក ប្រាក់ សុខុន បានរំឭកឡើងវិញនូវសមិទ្ធផលដែល UNTAC សម្រេចបាននៅកម្ពុជា ក្នុងការអនុវត្តគោលដៅសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ ១៩៩៣ បើទោះបីជាមានការធ្វើពហិការរបស់ក្រុមខ្មែរក្រហម និងការបន្តសង្គ្រាម «បែបឧទ្ទាមរបស់ពួកនេះ» ក៏ដោយ។
ជាមួយគ្នានេះ លោកបានលើកពីគុណសម្បត្តិលោក ហ៊ុន សែន ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ និងស្ថិរភាពទាំងស្រុងនៅក្នុងប្រទេស នៅឆ្នាំ ១៩៩៨ ក្រោយការដកចេញពីកម្ពុជារបស់ UNTAC។
រដ្ឋមន្ត្រីរូបនេះបានបង្ហាញមោទនភាពរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាពពីអង្គការសហប្រជាជាតិទៅជាប្រទេសមួយដែលរហូតមកទល់ពេលនេះបានបញ្ជូនកងកម្លាំងជាង ៨ ពាន់នាក់ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសចំនួន ៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។
ក្រសួងការបរទេសកម្ពុជាបានអះអាងក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២៦ ខែមេសា ថា លោក Sanderson បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សនៅកម្ពុជា និងបានកោតសរសើររដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។
កាលពីថ្ងៃទី ២៥ ខែមេសា លោក Sanderson បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសន្តិភាពពីសាកលវិទ្យាល័យកម្ពុជា ខណៈលោក កៅ គឹមហួន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជាបានលើកឡើងថា លោក Sanderson មានតួនាទីសំខាន់ក្នុងការកសាង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកម្ពុជា។ នេះបើយោងតាមស្ថានទូតអូស្ត្រាលីប្រចាំ កម្ពុជានាថ្ងៃទី ២៦ ខែមេសា។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងការចរចាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមនៃអ៊ុនតាក់។
លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាសរសេរនៅលើ Twitter នៅថ្ងៃទី ២៧ ខែមេសា ថា លោក Sanderson បានពិភាក្សាអំពីការអភិវឌ្ឍអន្តរជាតិសម័យកាលអ៊ុនតាក់ និងទស្សនវិស័យសម្រាប់អនាគតរបស់កម្ពុជានៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី ២៦ ខែមេសា៕