ភ្នំពេញៈ ក្រសួងការបរទេសស្នើតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាជាង ១០០ នាក់ ឱ្យផ្តល់កិច្ចសហការ និងយកចិត្តដាក់ឱ្យបានខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ។
កាលពីថ្ងៃទី ២៧ ខែមេសា ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស (កបទ.សអ) បានរៀបចំសិក្ខាសាលា តាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «នីតិវិធី ស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពនៅក្នុងបញ្ជីរួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ» ដល់តំណាងអង្គការ មិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាសរុបចំនួន ១១៥ នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីខាងលើនេះដែលត្រូវបានរៀបចំឡើងដោយ កបទ.សអ ក្នុងគោលបំណងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនូវច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។
សិក្ខាសាលា បានរំឭកអំពីច្បាប់ និងឯកសារគតិយុត្តពាក់ព័ន្ធ កាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងនាមជាបុគ្គលរាយការណ៍ និងបានផ្តោតសំខាន់លើខ្លឹមសារនៃនីតិវិធីខាងលើនេះ ដោយបញ្ជាក់លម្អិតអំពីជំហានក្នុងការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត និងបញ្ជីរួមរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ (រួមមានតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស) យន្តការក្នុងការបញ្ជូននិងទំនួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុក។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២៧ ខែមេសា ថា៖ «នៅចុងបញ្ចប់នៃសិក្ខាសាលា កបទ.សអ បានស្នើឱ្យសិក្ខាកាមផ្តល់កិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំងដល់ការរីកសាយភាយអាវុធមហាប្រល័យ និងអនុវត្តតាមនីតិវិធីដែលបានរៀបចំខាងលើ»។
កាលពីឆ្នាំ ២០២០ រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២៨ ខែមេសាថា កម្ពុជាធ្វើយ៉ាងណា ត្រូវប្រឹងប្រែងអនុវត្តច្បាប់នេះឱ្យស្របទៅតាមគោលការណ៍អន្តរជាតិ ជាពិសេសគោលការណ៍ អ.ស.ប ដោយធ្វើយ៉ាងណាដើម្បីសម្រេចឱ្យបាននូវការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ នៅក្នុងការដាក់បញ្ចូលឈ្មោះបុគ្គល ឬអង្គភាពមួយចំនួន ដែលមានការពាក់ព័ន្ធនៅក្នុងបញ្ជីរួមរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នេះ គឺត្រូវធ្វើឡើងដោយមានការសិក្សាមានភ័ស្តុតាង និងទឡ្ហីករណ៍ច្បាស់លាស់។
លោកថ្លែងថា ការពិគ្រោះយោបល់ និងការផ្សព្វផ្សាយអំពីកិច្ចការប្រឆាំងដល់ការរីកសាយភាយអាវុធមហាប្រល័យនេះឱ្យបានទូលំទូលាយថែមទៀតជាការប្រសើរពីព្រោះជាទូទៅទាំងប្រជាជនកម្ពុជា និងប្រជាជននៅលើសកលលោក គឺមិនមាននរណាពេញចិត្ត និងចង់ឃើញនូវអាវុធមហាប្រល័យដែលត្រូវបានអភិវឌ្ឍដោយបណ្តាប្រទេសនានានោះទេ ហើយប្រជាជនម្នាក់ៗតែងតែមានការភ័យខ្លាច និងមានការប្រុងប្រយ័ត្ន ព្រមទាំងមានការទាមទារមិនឱ្យវាកើតមាន។
លោក គិមអេង ថ្លែងថា៖ «ការចូលរួមទប់ស្កាត់ ការចូលរួមបន្លឺសំឡេងរបស់កម្ពុជាទាំងរដ្ឋាភិបាលទាំងអង្គការសង្គមស៊ីវិលរួមទាំងជាតិ និងអន្តរជាតិខ្ញុំថា វាមានសារៈសំខាន់នៅក្នុងពេលនេះ ពីព្រោះយើងឃើញហើយមហន្តរាយយ៉ាងខ្លាំងនៅអ៊ុយក្រែនកើតឡើងដោយអាវុធធុនធ្ងន់ ហើយដែលគេមានការព្រួយបារម្ភទៅដល់អាវុធមហាប្រល័យដូចជាការគំរាមកំហែងពីនុយក្លែអ៊ែរដែលនឹងប្រើប្រាស់ផងដែរ»។
លោកបន្តថា៖ «នេះជាកាលៈទេសៈដ៏ល្អមួយហើយក៏វាជាការទាញសញ្ញាអាសន្នមួយដែរសម្រាប់ដល់ពិភពលោក ក៏ដូចជាបណ្តាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិដែលត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ខ្ញុំថា ជារឿងមួយសំខាន់ណាស់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យអាវុធមហាប្រល័យនេះវាកើតឡើងកាន់តែច្រើនថែមទៀតហើយអាចប្រឹងប្រែងធ្វើម៉េចទប់ស្កាត់ ឬក៏កាត់បន្ថយឱ្យវានៅក្នុងកម្រិតអប្បបរមា ឬក៏ដល់កម្រិតសូន្យក៏ជាការប្រសើរបំផុត»។
កាលពីខែមុន ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់មន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃចំនួនជាង ៣០០ នាក់ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាង ១០០ ផងដែរ៕