ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យ និងរៀបចំផ្ទេរអ្នកជំងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីយកទីកន្លែងនេះឱ្យកីឡាករ-កីឡាការិនីធ្វើការហាត់សមត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ យោងតាមប្រសាសន៍ លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ២៨ ខែមេសា ក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។
លោកថ្លែងថា ក្នុងចំណោមអ្នកជំងឺកូវីដ ១៩ សរុបចំនួនជាង ៩០ នាក់នៅទូទាំងប្រទេស ក្នុងចំណោមនោះមានតែ ២០ នាក់ប៉ុណ្ណោះ សម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «អ៊ីចឹង! សុំពិភាក្សាគ្នាអាចនឹងយកអ្នកជំងឺរបស់យើងទៅដាក់នៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាតនេះធ្វើការជួសជុល សម្រាប់កីឡាករធ្វើការហាត់សម ដោយសារយើងនៅសល់ពេលតែ ១ ឆ្នាំទៀតទេនឹងដល់ការប្រកួតស៊ីហ្គេម។ យោងតាមតួលេខអ្នកជំងឺកូវីដ ១៩ ដែលបានផ្ញើមកឱ្យខ្ញុំ កាលពីថ្ងៃម្សិលមិញនេះ មានអ្នកជំងឺកូវីដ ១៩ នៅសល់តែចំនួន ៩៣ នាក់ទេនៅទូទាំងប្រទេស ហើយអ្នកជំងឺនៅទីក្រុងភ្នំពេញមានតែចំនួន ២៦ នាក់ប៉ុណ្ណោះ»។
លោកថា៖ «វាជាពេលល្អដែលអ្នកជំងឺកូវីដ ១៩ សម្រាកនៅតាមពហុកីឡដ្ឋានជាតិអូឡាំពិកមានចំនួនតិច ដែលមានភាពងាយស្រួលក្នុងការផ្ទេរពួកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងបាន»។
សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង ៩៣ នាក់នៅទូទាំងប្រទេសមាននៅ រាជធានី- ភ្នំពេញចំនួន ២៦ នាក់, ខេត្តព្រះសីហនុ ចំនួន ១ នាក់, តាកែវ ២ នាក់, ព្រះវិហារ ៧ នាក់, ក្រចេះ ១ នាក់, ស្ទឹងត្រែង ៣ នាក់, កំពង់ឆ្នាំង ១ នាក់, បាត់ដំបង ១១ នាក់, ប៉ៃលិន ៦ នាក់, កំពង់ធំ ១ នាក់, សៀមរាប ៦ នាក់, ឧត្តរមានជ័យ ២៤ នាក់ និងបន្ទាយមានជ័យ មាន ៤ នាក់។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវនេះយើងកំពុងសាងសង់នូវមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលបានមនុស្សជាង ១ ម៉ឺននាក់ដែលនឹងសាងសង់រួចនៅដើមឆ្នាំក្រោយ ហើយអ្នកជំងឺនៅស្តាតអូឡាំពិកយើងនេះក៏បានផ្ទេរមួយចំនួនធំហើយ ហើយខ្ញុំមិនចង់ឱ្យបន្តទៀតទេ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ត្រូវជំរុញនូវការសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ បើទោះបីជាអ្នកជំងឺកូវីដក្នុងស្រុកខ្មែរថយចុះក៏ដោយ ប៉ុន្តែយើងមិនត្រូវខ្វះស្មារតីត្រៀមបម្រុងការរៀបចំសម្រាប់ឆ្លើយតបជាមួយនឹងគ្រោះអាសន្នសុខភាពសាធារណៈដែលកើតមកជំងឺឆ្លងជាជំងឺកូវីដ ឬមិនមែនកូវីដ»។
ដោយឡែក សម្រាប់មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទិញ និងដាក់ឈ្មោះ «មន្ទីរពេទ្យហ្លួងម៉ែ» ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩ នាពេលកន្លងមកនោះ នឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យឯកទេសផ្នែកមហារីកនាពេលខាងមុខនេះ។
តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា៖ «ខ្ញុំយល់ស្របតាមការលើកឡើងរបស់កូនប្រសាស្រីរបស់ខ្ញុំដែលថាមន្ទីរពេទ្យហ្លួងម៉ែ គួរតែរៀបចំជាមន្ទីរពេទ្យឯកទេសផ្នែកមហារីក ពីព្រោះជំងឺមហារីកមានច្រើនណាស់»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃទី ២៨ ខែមេសា ថា មន្ទីរពេទ្យដែលកំពុងសាងសង់សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩ នឹងសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ ដែលអាចដាក់អ្នកជំងឺបានរហូតដល់ជាង ១ ម៉ឺនគ្រែ។
គួររំឭកផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ ១៩ តេជោសន្តិភាពរាជធានីភ្នំពេញកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២២ កន្លង ទៅនេះ ចំនួន ១១ អគារ លើផ្ទៃដីជាង ៧ ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ៕