
ភ្នំពេញៈ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ដែលស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោយពេលដែលការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ។
សាលាក្រុងរាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។
ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះជាសមិទ្ធផលថ្មីមួយទៀតរបស់សាលារាជធានីភ្នំពេញ។ ក្រោយពីការដ្ឋាននេះស្ថាបនាបានរួចរាល់១០០ភាគរយហើយ សាលារាជធានីភ្នំពេញគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថា ស្ពានថ្មើរជើងមួយនេះ បានធ្វើរំលងមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ នេះបើយោងតាមក្រសួងព័ត៌មាន។
ស្ពានអាកាសថ្មើរជើងនេះត្រូវបានសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កាត់ទទឹង ផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២។ សាលារាជធានីភ្នំពេញបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចហើយនូវស្ពានអាកាសថ្មើរជើងចំនួន៤កន្លែង។ ក្នុងនោះរួមមាន នៅម្តុំផ្សារជម្ពូវ័ន្តក្នុងខណ្ឌពោធិ៍សែនជ័យចំនួន២កន្លែង, នៅភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែង និងនៅផ្សារដើមគរមានមួយកន្លែងផងដែរ៕