ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ សម្រាប់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ដោយលោកបានចាត់ទុកដំណើរការបោះឆ្នោត គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពជាតិ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២-២០២៤ ដែលធ្វើឡើងនៅថ្ងៃទី ២៩ ខែមេសានេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិ រួមទាំងលោក ប្រាជ្ញ ច័ន្ទ ប្រធាន គជប ផងដែរ។
លោក ស ខេង មានប្រសាសន៍ថា៖ «ការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសានាពេលកន្លងមក រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។
លោក ស ខេង បានសង្កត់ធ្ងន់ថា កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយដែលបានចូលរួម ហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗដែលអាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការបោះឆ្នោត។
លោកឧបនាយករដ្ឋមន្ត្រីបានផ្ដល់ការណែនាំដល់ថ្នាក់ជាតិឱ្យប្រគល់តួនាទីជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ដែលជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍រាជធានីខេត្ត ទទួលខុសត្រូវដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រ របស់ខ្លួន។
លោកបញ្ជាក់ថា៖ «គ្រប់ហេតុការណ៍ ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃដែលអាចបង្កឱ្យមានចលាចលសង្គម ក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយឡើយ»។
ភ្ជាប់នឹងការណែនាំមួយចំនួនទៀតនោះ លោក ស ខេង ក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់មានជំហរអព្យាក្រឹត្យ គោរពច្បាប់ស្ដី បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដោយត្រូវបង្កភាពងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។
លោកក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្នុងដំណើរការបោះឆ្នោត ដើម្បីឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតបន្តបន្ទាប់ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕
លោក ស ខេង នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២៩ មេសា។ រូបថត នគរបាលជាតិ