ភ្នំពេញៈ ក្រុមអ្នករុករកក្រោមទឹកដ៏ល្បីល្បាញមួយក្រុមបានចុះទៅក្នុងទឹកជម្រៅប្រហែល ៧៥ ម៉ែត្រនៅក្រោមផ្ទៃទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលជាតំបន់សំខាន់នៃពពួកមច្ឆជាតិ និងការចិញ្ចឹមជីវិត ដែលត្រូវបានចាត់ទុកថាប្រហែលអាចជាជម្រកចុងក្រោយនៃត្រីទឹកសាបដែលមានទំហំធំបំផុតរបស់ពិភពលោក។
បេសកកម្មស្វែងរកអន្លង់ជ្រៅបំផុតដែលមិនធ្លាប់ត្រូវបានគេរុករកនៅទន្លេមេគង្គគឺជាកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដែលដឹកនាំដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ហើយបេសកកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមេសា ហើយបានបិទបញ្ចប់កាលពីថ្ងៃទី២៧ ខែមេសា គឺមានរយៈពេល៥ថ្ងៃ។
លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានថ្លែងថា៖ «យើងនឹងធ្វើការរុករកក្នុងទន្លេមេគង្គយ៉ាងជ្រៅ ដែលជាពិភពមួយផ្សេងទៀត កន្លែងមួយនៅក្នុងអាណាចក្រលាក់កំបាំង លម្ហងងឹត ពាសពេញដោយត្រីដ៏កម្រ និងប្លែកៗដូចជា ត្រីបបែលយក្ស និងត្រីរាជ»។
តំបន់ដែលអ្នកវិទ្យាសាស្ត្រត្រូវធ្វើការស្រាវជ្រាវនឹងផ្តោតលើ គឺស្ថិតនៅផ្នែកខាងក្រោមនៃតំបន់ដីសើមរ៉ាមសា ដែលមានសារៈសំខាន់ជាអន្តរជាតិ។ តំបន់នេះ គ្របដណ្ដប់ដោយព្រៃលិចទឹក ផ្ទាំងថ្ម កោះខ្សាច់ បណ្តាញខ្សែទឹកចាក់ស្រេះ អន្លង់ជ្រៅៗ និងថ្មប៉ប្រះទឹក និងទឹកហូរ។ តំបន់នេះក៏ជាជម្រករបស់ត្រីទន្លេមេគង្គជាង១ ០០០ប្រភេទ ដែលរួមមាន ប៉ាវ៉ាមុខពីរ ត្រីក្របី និងប្រាធំ ដែលធ្លាប់ជាអាហារចម្បងក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកស្រាវជ្រាវជឿថា តំបន់ទាំងនេះមានសារៈសំខាន់ជាទីជម្រករបស់ត្រីនៅរដូវប្រាំង និងជាតំបន់ពងកូនសំខាន់ៗ ហើយក៏ប្រហែលជាជម្រកចុងក្រោយរបស់ប្រភេទត្រីយក្សដែលជិតផុតពូជផងដែរ។ វាជាតំបន់ដែលត្រូវបានទទួលស្គាល់ថាជាតំបន់ពិសេស និងត្រូវបានការពារដោយសហគមន៍មូលដ្ឋាន។
ដើម្បីសិក្សាតំបន់សំខាន់ៗទាំងនេះ លោក Hogan និងសហប្រធានដឹកនាំគម្រោងនេះគឺលោក ស៊ូឌីប ចាន់ដ្រា (Sudeep Chandra) បានសហការជាមួយក្រុមអ្នកជីវវិទូមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវសមុទ្រជ្រៅៗ លោកស្រី កាកានី កាទីចា (Sudeep Chandra) និងក្រុមស្រាវជ្រាវរបស់លោកស្រីដែលមកពីវិទ្យាស្ថានស្រាវជ្រាវជលវប្បដ្ឋានម៉ុងតឺរីបេយ៍ (Monterey Bay) នៃសហរដ្ឋអាមេរិក និង លោក ខេននី ប្រ៊ដ (Kenny Broad) សាស្ត្រាចារ្យសាកលវិទ្យាល័យមៃអាមី (University of Miami) នៅសហរដ្ឋអាមេរិក, អ្នកវិទ្យាសាស្ត្របរិស្ថាន, អ្នកមុជទឹកក្នុងរូងភ្នំ, និងអ្នករុករកជម្រើសជាតិប្រចាំឆ្នាំ២០១១។ ពួកគាត់ជាអ្នកជំនាញក្នុងការរុករក និងសិក្សាអំពីជម្រកក្រោមទឹកដែលមានជម្រៅដ៏ជ្រៅ។
លោក Hogan ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលភ្នំពេញប៉ុស្តិ៍ទទួលបាននាថ្ងៃទី២៩ ខែមេសា ថា៖ «បញ្ហាប្រឈមដ៏ធំបំផុតគឺការចុះដល់បាតទន្លេ។ កន្លែងជ្រៅបំផុតរបស់វាស្ថិតនៅក្រោម នីវ៉ូទឹកសមុទ្រទៅទៀត។ ក្រៅពីងងឹត និងស្ងាត់ឈឹង ទឹកសម្បូរដោយភាគល្អិតៗយ៉ាងក្រាស់»។
ក្នុងការរុករកនេះ ក្រុមការងារប្រើប្រាស់ឧបករណ៍មុជទឹកគ្មានមនុស្សបើកដែលបំពាក់ដោយភ្លើង និងកាមេរ៉ាមួយចំនួន ដោយព្យួរកាមេរ៉ាជាប់នឹងខ្សែវែងទម្លាក់ចុះ ហើយយកកាមេរ៉ាវីដេអូ ប្រើជាភ្នែកនិងត្រចៀកសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រវិញ ដោយចាប់រូបភាព និងសំឡេង។
ដើម្បីវាយតម្លៃបរិយាកាសប្លែកៗ គេប្រើឧបករណ៍សម្រាប់វាស់ជម្រៅទឹក និងកម្លាំងហូរ ព្រមទាំងឧបករណ៍សម្រាប់គូសផែនទីបាតទន្លេ និងចរន្តទឹក។
ជំរំមូលដ្ឋានរបស់ក្រុមការងារគឺបោះនៅជាប់នឹងអន្លង់ជ្រៅបំផុតមួយនៃទន្លេមេគង្គកម្ពុជា និងកន្លែងការពារត្រីដែលត្រូវបានរៀបចំឡើងដើម្បីការពារត្រីពងកូន។ តំបន់នោះដែរ មានកោះដែលគេបោះជំរំជាទីតាំងនេសាទតូចៗ អ្នកនេសាទពនេចរដែលផ្លាស់ទីពីកោះមួយទៅកោះមួយ ពីរដូវមួយទៅរដូវមួយ។ ខ្សែទឹកខាងលើឆ្លងព្រំដែនឡាវគឺល្បាក់ខោន ដែលជាច្រកទឹកធ្លាក់ដ៏សំខាន់តែមួយគត់របស់ទន្លេមេគង្គ។
លោក Hogan បន្តថា អន្លង់ជ្រៅៗទាំងនេះ អាចមានសក្តានុពលក្នុងការប្រើជាកន្លែងសម្រាប់លែងត្រីជិតផុតពូជ ស្រដៀងទៅនឹងអ្វីដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានធ្វើកាលពីខែមុន នៅក្នុងបឹងទន្លេសាប។
លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា៖ «នេះជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលធ្វើការការពារសុខុមាលភាព ការតភ្ជាប់គ្នារបស់ទន្លេ និងប្រជាជន ធនធានជលផល និងសត្វព្រៃដែលផ្គត់ផ្គង់ដោយទន្លេនេះ»៕
វីដេអូ៖