ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហហនុ លោក គង់ វិតាណៈ បានគូសបញ្ជាក់ថាក្រុមការងារកំពុងសិក្សាប្រមូលទិន្នន័យរៀបចំគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ក្នុងចក្ខុវិស័យឆ្នាំ ២០៣០ ប្រែក្លាយខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
ការថ្លែងរបស់ លោក គង់ វិតាណៈ បែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) លើសេចក្តីព្រាងរបាយការណ៍ស្ថាបត្យកម្មបច្ចេកទេស និងក្របខ័ណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃ នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែមេសា។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ ថ្លែងថា ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាក្រុងឆ្លាតវៃ ដែលជាខេត្តមានសក្តានុពលធំធេង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំង វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា«តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ។
លោកថា បច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ដោយក្នុងចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍ «ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ»។
លោកអភិបាលរងខេត្តនេះ បានថ្លែងអំណរគុណ(3i)ដែលបានខិតខំចូលរួមដើម្បីការអភិវឌ្ឍក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាលបានកំណត់ទឹកប្រាក់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៏ដូចជាការកៀរគររកអ្នកវិនិយោគផ្សេងៗដើម្បីធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖«យើងអាចហៅបានថាជាក្របខ័ណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ដូច្នេះសូមចូលរួមដោយយកចិត្តទុកដាក់ ស្តាប់បទបង្ហាញពីអ្នកជំនាញទីក្រុងឆ្លាតវៃជាសកល ដើម្បីចូលរួមផ្តល់មតិយោបល់ ផ្តល់ព័ត៌មានសំខាន់ៗ និងលើកជាអនុសាសន៍ សម្រាប់រួមចំណែកដល់ការរៀបចំឯកសារក្របខ័ណ្ឌនេះ កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ»។
លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ(3i)បានធ្វើបទបង្ហាញស្ដីពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ(3i) ដែលជាកម្មវិធីជំនួយឥតសំណងរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)បាននិងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ ក្នុងការបំពេញចន្លោះខ្វះខាតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកថ្លែងថា៖«កម្មវិធីស្រ៊ីអាយ(3i)បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ ក្នុងគោលបំណងបង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព» ។
លោកបន្តថា បច្ចុប្បន្ន (3i)បាននិងកំពុងអនុវត្តគម្រោងសិក្សាចំនួនទាំងពីរ ដែលទទួលបានការយល់ព្រម និងសហការពីរដ្ឋបាលខេត្តក្នុងនោះទី១គឺ គឺសិក្សាបង្កើតស្ថាបត្យកម្មបច្ចេកទេស និងក្របខ័ណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃគម្រោងសិក្សាពីស្តង់ដា និងតម្រូវការប្រព័ន្ធឌីជីថល ដើម្បីអនុវត្តយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃទាំងមូលរបស់ខេត្តព្រះសីហនុ ហើយការសិក្សានឹងបង្ហាញគំនូសបំព្រួញនៃប្រព័ន្ធឌីជីថលសំខាន់ៗរបស់ខេត្ត-ក្រុង និងរបៀបដែលប្រព័ន្ធទាំងនោះអន្តរប្រតិបត្តិការជាមួយគ្នា ព្រមទាំងយុទ្ធសាស្ត្រគ្រប់គ្រងទិន្នន័យដែលជាស្តង់ដាសំខាន់សម្រាប់កំណត់ការបង្កើតកម្មវិធីសូហ្វែ(SOFTWARE)ផ្សេងៗ និងសម្រាប់ការធ្វើលទ្ធកម្មជ្រើសរើសក្រុមហ៊ុនដែលមានគុណវឌ្ឍន៍។
ចំណែកទី ២.សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាកល្បងចំណតទីក្រុងឆ្លាតវៃគម្រោងសិក្សាលម្អិតលទ្ធភាពបច្ចេកទេស លទ្ធភាពហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិស័យឯកជនក្នុងការវិនិយោគ និងប្រតិបត្តិប្រព័ន្ធចំណតទីក្រុងឆ្លាតវៃ ការសិក្សាកំណត់នូវគំរូបច្ចេកទេស ដែលឆ្លើយតបទៅនឹងស្តង់ដាកំណត់ដោយស្ថាបត្យកម្មបច្ចេកទេស គំរូពាណិជ្ជកម្ម និងគំរូភាពជាដៃគូ រដ្ឋ-ឯកជន ដែលសមស្រប ដើម្បីបង្កើនអត្ថប្រយោជន៍សាធារណៈជាអតិបរមាស្របពេលធានានូវផលចំណេញសមរម្យសម្រាប់អ្នកវិនិយោគ ឬប្រតិបត្តិករ៕