ភ្នំពេញៈ ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឡាវចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៧ ខែឧសភា។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៩ ខែមេសា ថា ដំណើរទស្សនកិច្ចនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសង្គមពីរ ដែលក្មេងជាងគេ និងប្រកបដោយថាមពលបំផុតក្នុងចំណោមសង្គមដែលក្មេងជាងគេ និងប្រកបដោយថាមពលបំផុតផ្សេងទៀតនៅក្នុងតំបន់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះក៏នឹងពង្រឹងមជ្ឈភាពអាស៊ាន បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងដែន និងលើកកម្ពស់អនុតំបន់មេគង្គប្រកបដោយសុវត្ថិភាព បើកចំហ និងវិបុលភាព។
នៅកម្ពុជា លោក Kritenbrink នឹងជួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ព្រមទាំងយុវជន និងថ្នាក់ដឹកនាំសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរនេះ លោក Kritenbrink នឹងពិភាក្សាអំពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី១២-១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដែលលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងដឹកនាំកិច្ចប្រជុំពិសេសនេះ៕