ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នាថ្ងៃទី ២៩ ខែមេសា បានចុះហត្ថលេខាលើកំណត់ហេតុអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។
ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី ៣០ ខែមេសា តាមរយៈការចុះហត្ថលេខាលើពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី ១៧ ខែកុម្ភៈ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសលើការអនុវត្តគម្រោងនេះ។
ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា៖ «យោងតាមការសម្រេចនេះ ទីភ្នាក់ងារ JICA ជប៉ុន បានបញ្ជូនក្រុមបេសកកម្មមកពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២ និងរៀបចំការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងនេះ»។
ក្រសួងរ៉ែ និងថាមពលបន្តថា ការងារអន្តរថាមពលត្រូវបានបែងចែកជា ២ ផ្នែកគឺ ទី ១ ការងារអន្តរកាលថាមពលស្អាត និងទី ២ ការងារអន្តរកាលប្រសិទ្ធភាពថាមពលក្នុងនោះ ការងារអន្តរកាលប្រសិទ្ធភាពថាមពល ក្រសួងរ៉ែ និងថាមពលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ADB ដោយឡែកការងារអន្តរកាលថាមពលស្អាតវិញ គឺក្រសួងរ៉ែ និងថាមពលបានសុំកិច្ចសហប្រតិបត្តិការជាមួយ JICA៕