កំពតៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋជាពិសេសអ្នកនៅក្នុងតំបន់ការពារធម្មជាតិសូមចូលរួមការពារ និងអភិរក្សដើមកោងកាង និងចូលរួមដាំដើមកោងកាងបន្ថែម ដើម្បីនិរន្តរភាពនៃបរិស្ថាន និងជីវៈចម្រុះសមុទ្រ។
ការអំពាវនាវរបស់លោក នេត្រ ភក្ត្រា បែបនេះធ្វើឡើងក្នុងពិធីដាំកូនកោងកាងចំនួន ១០០០ ដើមនៅតំបន់សហគមន៍នេសាទព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី ៣០ ខែមេសានេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ការដាំកូនដើមកោងកាងចំនួន ១ ០០០ ដើមនេះ ជាកិច្ចសហការរវាងក្រសួងបរិស្ថាន រដ្ឋបាលខេត្ត រដ្ឋបាលជលផល និងសមាគមន៍អតីតនិស្សិតអាហារូបករណ៍ ឈីវីនីងប្រទេសអង់គ្លេសនៃកម្ពុជា (BCAAC) ក្រោមការគាំទ្រពីសំណាក់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។
សកម្មភាពនៃការដាំកូនកោងកាងនេះបានបង្ហាញថាទាំងអស់គ្នាបានគិតគូរពី បញ្ហាបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុ បានគិតគូរពីការការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ីសមុទ្រ និង ដើមកោងកាង បានដើរតួនាទីសំខាន់ក្នុងការការពារពលរដ្ឋ ដែលរស់នៅមាត់សមុទ្រពីខ្យល់ព្យុះ ហើយដើមកោងកាងបានចូលរួមបង្កើតភាពសម្បូរបែបនៃជីវៈចម្រុះដើម្បីចិញ្ចឹមជីវិតមនុស្ស។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអភិរក្សដើមកោងកាង និងប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និងវិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងក៏ជួយគ្រប់គ្រងការហូរចូលរបស់ទឹកសមុទ្រមកលើដីធម្មជាតិផងដែរ។
លោកថ្លែងថា៖ «ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានគូសបញ្ជាក់ទៀតថា ដើមកោងកាងមានតួនាទីយ៉ាងសំខាន់ ព្រោះវាជាកន្លែងរក្សាផលស្តុកជាដែនជម្រក និងប្រភពមេពូជនៃមច្ឆាធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ ដើមកោងកាងមិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។
លោកថ្លែងថា៖ «កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់»។
លោក យក់ សុធីរិទ្ធ ប្រធានសមាគម BCAAC បានថ្លែងថា ការចូលរួមដាំកូនដើមកោងកាងនេះ ក៏ដើម្បីរួមចំណែកក្នុងកិច្ចការលើកកម្ពស់ និងអភិរក្សដើមកោងកាងរបស់សហគមន៍មូលដ្ឋានចូលរួមលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃកោងកាងចំពោះសេដ្ឋកិច្ចសហគមន៍មូលដ្ឋានស្វែងយល់អំពីកិច្ចអភិរក្សព្រៃកោងកាងរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត និងរបស់សហគមន៍នេសាទព្រែកត្នោត។ ព្រមទាំងបង្កើនទំនាក់ទំនង និងការចូលរួមក្នុងកិច្ចការសង្គមនៃអតីតនិស្សិតអាហារូបករណ៍ ឈីវីនីង។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាបានថ្លែងថា លោកស្រីមានក្តីរំភើបរីករាយដែលបានចូលរួមពិធីដាំដើមកូនកោងកាងចំនួន ១០០០ ដើម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមម្លប់បៃតង (The Queen’s Green Canopy Initiative)។ ការដាំដើមកោងកាងនេះ ស្របពេលដែលប្រទេសអង់គ្លេសប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ ព្រះវស្សា និងខួបគម្រប់ ៧០ ព្រះវស្សានៃការគ្រងរាជ្យសម្បតិ្ត (The Platinum Jubilee) របស់ព្រះមហាក្សត្រីយានី អេលីហ្សាបេត្សទី ២។
លោក លី សាលីន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Prudential បានថ្លែងថា គោលដៅសំខាន់បំផុតរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបានអ្វីដែលល្អបំផុតក្នុងជីវិត ហើយរបៀបវារៈ ESG របស់ក្រុមហ៊ុន Prudential គឺគាំទ្រគោលបំណងនេះ តាមរយៈកាផ្តួចផ្តើមជាច្រើន រួមមានការដាំដើមកោងកាងដែលធ្វើឡើងក្នុងថ្ងៃនេះផងដែរ។ នេះជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនក្នុងការជួយកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន។ លោកថ្លែងថា៖ «យើងសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងបង្កើនការយល់ដឹងក្នុងចំណោមអ្នកចូលរួមទាំងអស់ហើយពួកគេនឹងបន្តបង្កើតទម្លាប់នេះជាមួយមិត្តភក្តិ និងគ្រួសាររបស់ពួកគេ បន្ទាប់ពីសកម្មភាពថ្ងៃនេះ» ៕