ត្បូងឃ្មុំៈ ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១ ៤០០ នាក់ ក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមេសានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។
លោក វេង សាខុន ថ្លែងថា បន្ទាប់ពីរយ:ពេលជាង ២ឆ្នាំនៃការអាក់ខានមិនបានរៀបចំពិធីសំណេះសំណាលដ៏មហោឡារិក រហូតមកដល់ថ្ងៃនេះមានសមាជិកសមាជិកាអញ្ជើញចូលរួមដល់ ទៅ ១ ៤០០នាក់ ដែលរូបភាពនេះ បានបង្ហាញឱ្យឃើញថាសកម្មភាពសង្គម សេដ្ឋកិច្ច និងជាពិសេសការជួបជុំជាលក្ខណ:មហាគ្រួសារនេះ បានចាប់ផ្តើមត្រឡប់ទៅរកប្រក្រតីភាពដូចមុនវិបត្តិជំងឺឆ្លងកូវីដ១៩ វិញ។
លោកបានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានខិតខំរិះរកគ្រប់មធ្យោបាយ ស្វះស្វែងរកទាំងជំនួយឧបត្ថម្ភ និងចំណាយធនធានជាតិ និងកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បីជាវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ មកចាក់ស្រោចជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងគ្រប់វ័យធ្វើឱ្យការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ទើបឈានទៅអនុញ្ញាតឱ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានប្រាប់ទៅប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់ថែរក្សា ការពារសុខភាពឱ្យបានល្អ តាមរយ:ការរស់នៅស្អាត ផឹកស្អាត និងហូបអាហារមានអនាម័យល្អ។ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវធ្វើការស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញតាមដែលអាចធ្វើទៅបាន ព្រមទាំងលើកទឹកចិត្តឱ្យអ្នកជំនាន់ក្រោយទៅរៀនឱ្យបានទៀងទាត់ផងដែរ។
លោកថ្លែងថា៖«សូមឱ្យបងប្អូនត្រូវចាប់ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារយើងឡើងវិញ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។ មិនតែប៉ុណ្ណោះ ក៏ត្រូវលើកទឹកចិត្តឱ្យកូនចៅទៅសិក្សាបានទៀងទាត់តាមកម្មវិធីសាលាដើម្បីអនាគតរបស់ពួកគេ»។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ ដោយឡែកសមាជិកក្រុមការងារ និងអាជ្ញាធរស្រុក ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កត់ ដែលនឹងរៀបចំនៅថ្ងៃទី៥ ខែមិថុនាខាងមុខឱ្យបានល្អប្រសើរ។ ចំណែកបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតកុំភ្លេចអញ្ជើញទៅប្រើសិទ្ធិរបស់ខ្លួនក្នុងការចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ថ្លែងនៅថ្ងៃទី ១ ខែឧសភាថា មន្ត្រីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានណែនាំឲ្យប្រជាពលរដ្ឋរៀបចំដីធ្វើការដាំដុះកសិកម្ម ព្រោះឆ្នាំ ២០២២នេះ រដូវប្រាំងឆាប់ចូលមកដល់ជាងឆ្នាំមុន ហើយ ភ្លៀងក៏មានការធ្លាក់អំណោយផលល្អ។ លោកថា ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំភាគច្រើនដាំដុះដំណាំពោត ដំឡូងមី និងស្រូវ ដែលចាប់ដាំក្នុងពេលរដូវវស្សាចូលមកដល់។
លោកថ្លែងថា៖«យើងមិនភ្លេចទេក្នុងការណែនាំឲ្យពួកគាត់ដាំដុះតាមលក្ខណៈបច្ចេកទេស ដើម្បីចៀសវាង និងកាត់បន្ថយចំណាយឥតប្រយោជន៍ច្រើនជាពិសេសការប្រើប្រាស់ថ្នាំពុល និងការប្រើប្រាស់ជី ប្រសិនបើគាត់មិនអនុវត្តតាមបច្ចេកទេសទេ ហើយគាត់ចេះតែពឹងលើថ្នាំពុល ជីការ៉ុងពេកធ្វើឲ្យគាត់ខាតបង់ធនធានច្រើន» ។
លោកប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ប្រាប់ថា សន្តិសុខស្បៀងក្នុងខេត្តត្បូងឃ្មុំមានភាពល្អប្រសើរ ដែលអាចទ្រទ្រង់បានពេញក្នុងមួយឆ្នាំ បើមើលតាមការដាំដុះរបស់ប្រជាពលរដ្ឋទាំងកសិករខ្នាតតូចដាំដុះបន្លែ ការដាំដុះស្រូវ ពោត និងការចិញ្ចឹមសត្វផ្សេងៗ។
លោកថ្លែងថា៖«សម្រាប់ឆ្នាំ២០២០ និង ២០២១កន្លងមកនេះ ខ្ញុំគិតថា ខេត្តត្បូងឃ្មុំមានលក្ខណៈល្អប្រសើទាំងកសិករខ្នាតតូច ទាំងការដាំដុះស្រូវដែលមានការរក្សាតម្លៃដដែល រួមទាំងដំណាំផ្សេងៗដូចជាពោតក្រហម ឬដំណាំកៅស៊ូអីយើងឃើញថាវាល្អប្រសើរ ហើយមាន់ឬក៏សត្វចិញ្ចឹមផ្សេងទៀត ខេត្តត្បូងឃ្មុំជាមធ្យមក្នុង១ឆ្នាំយើងអាចទ្រទ្រង់បាន»៕