ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ សម្រាប់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ ខណៈលោកចាត់ទុកដំណើរការបោះឆ្នោតនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិ។
លោក ស ខេង បានថ្លែងបែបនេះ ក្នុងពេលធ្វើជាអធិបតី កិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២-២០២៤ ដែលធ្វើឡើង នៅថ្ងៃទី ២៩ ខែមេសា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អគ្គស្នងការនគរបាលជាតិរួមទាំងលោក ប្រាជ្ញ ច័ន្ទ ប្រធាន គជប ផងដែរ។
លោក ស ខេង បានថ្លែងថា៖ «ការបោះឆ្នោតនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសានាពេលកន្លងមក រួមទាំងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រួមទាំងឥស្សរជននៃបណ្ដាគណបក្សនយោបាយ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីភាពសុខក្សេមក្សាន្ត សម្បូររុងរឿង ប្រកបដោយសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។
លោក ស ខេង សង្កត់ធ្ងន់ថា កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង និងក្ដៅគគុករបស់គណបក្សនយោបាយដែលបានចូលរួមហើយក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗដែលអាចបង្កជាឧបសគ្គរារាំង ឬបន្ទុចបង្អាក់ដល់កិច្ចដំណើរការបោះឆ្នោត។
លោកបានផ្ដល់ការណែនាំដល់ថ្នាក់ជាតិឱ្យប្រគល់តួនាទីជូនគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលជាគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍រាជធានី-ខេត្ត ទទួលខុសត្រូវ ដឹកនាំដោយផ្ទាល់ក្នុងកិច្ចការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្ររបស់ខ្លួន។
លោកបញ្ជាក់ថា៖ «គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឱ្យមានចលាចលសង្គម ក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយឡើយ»។
លោក ស ខេង ក៏ស្នើឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់មានជំហរអព្យាក្រឹត គោរពច្បាប់ស្ដីពីបទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌ ដោយត្រូវបង្កភាពងាយស្រួល និងផ្ដល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្សនយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបប្រកបដោយតម្លាភាព និងដោយគ្មានការរើសអើង។
លោកក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈពិសេសក្នុងដំណើរការបោះឆ្នោត ដើម្បីឱ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតបន្តបន្ទាប់ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធា បានថ្លែងថ្ងៃទី ១ ខែឧសភាថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅមិនទាន់គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំដែលបានចេញបញ្ជាជាបន្តបន្ទាប់ឱ្យការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អសម្រាប់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនោះទេ ប៉ុន្ដែបែរជាមានការរិតត្បិត គំរាមកំហែង ដល់ការធ្វើសកម្មភាពផ្សេងៗរបស់គណបក្សដទៃទៅវិញ។
លោកថ្លែងថា៖ «អាជ្ញាធរមូលដ្ឋានរាប់ចាប់តាំងពីអនុប្រធានភូមិ ឃុំឡើងទៅដោយដឹងថាយើងទៅសង្កេតការណ៍ឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការរៀបចំការឃោសនាបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខគេមកបំផិតបំភ័យ សុំដកឈ្មោះរបស់យើងពីអ្នកអង្កេតការណ៍ក្រោមហេតុផលមិនសមរម្យផ្សេងៗ»។
លោកបន្តថា កន្លងមកថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានចេញបទបញ្ជា សេចក្ដីណែនាំ មានទាំងលាយលក្ខណ៍អក្សរថែមទៀត ប៉ុន្ដែមើលទៅហាក់ដូចជាមិនមានភាពរីកចម្រើននោះទេ ពីព្រោះការរឹតបន្ដឹងនៅតែកើតមានដោយអាជ្ញាធរមូលដ្ឋាន នៅតែបន្តធ្វើការតាមដាន គំរាមកំហែងដែលវាហាក់ដូចជាអាជ្ញាធរមូលដ្ឋានមិនស្ដាប់បញ្ជារបស់ថ្នាក់ដឹកនាំរបស់ខ្លួន។ លោកបញ្ជាក់ថា៖ «បើនិយាយឱ្យសាមញ្ញទៅ មកពីពួកគាត់ឃើញយើងទៅឈរឈ្មោះបោះឆ្នោតនេះគឺទៅដណ្ដើមកៅអីរបស់ពួកគេ ក្រោមហេតុផលនេះអាជ្ញាធរមួយចំនួនធំ តែងតែបង្កលក្ខណៈមិនប្រក្រតី មិនតម្លាភាព មិនយុត្តិធម៌ទៅដល់គណបក្សនយោបាយដទៃ»។
លោក សុធា ឱ្យដឹងថា ក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរឈ្មោះបោះឆ្នោតចំនួន ៣២ ឃុំសង្កាត់ក្នុង ១៥ រាជធានី ខេត្ដ ក្នុងចំណោម ២៥ រាជធានីខេត្ដ ដោយរំពឹងថា នឹងទទួលបានសំឡេង ១០០ ភាគរយ គ្រប់ឃុំ សង្កាត់ទាំងអស់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសឱ្យដឹងកាលពីថ្ងៃទី ២៨ ខែមេសាថា គិតត្រឹមថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ មានអ្នកសង្កេតការណ៍ សរុបចំនួន ២៧ ៩២៦ រូប ក្នុងនោះស្ត្រី សរុបចំនួន ១៦ ៦២២ រូប ត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
អ្នកសង្កេតការណ៍ដែលបានដាក់ពាក្យស្នើសុំ និងត្រូវបានអនុញ្ញាតទាំងនោះមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន ៧។ ក្នុងនោះរួមមានសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្តចំនួន ៤៦ រូប, សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១៧ ២៦៦ រូប គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ២៦ រូប សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ៩ ៨៣៥ អង្គការសុខភាពផ្លូវចិត្តបែបបុរាណ និងសម័យចំនួន ១៥ រូប សមាគមមិត្តយើងចំនួន ២៧ រូប និងសមាគមសហព័ន្ធនិស្សិតបញ្ញាវន្តប្រជាធិបតេយ្យកម្ពុជាចំនួន ៧១១ រូបផងដែរ៕