ភ្នំពេញៈ អ្នក​នៅតំបន់​ដីសណ្ដរ​តាម​បណ្ដោយ​ដងស្ទឹង​ព្រែកត្នោត ​គួរបង្កើន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង ខណៈ​កម្ពស់​ទឹក​នៅ​អាង​ស្តុកទឹក​ធំៗ​មួយចំនួន​បានជន់ឡើង​លើស​ពី​កម្រិត​ដែលត្រូវ​រក្សាទុក ​ហើយ​ក្រុម​មន្ត្រី​ធនធាន​ទឹក ​បាន​បើក​ទ្វារ​ទឹក​នៃ​អាង​ស្តុក​ទឹក​ទាំងនោះ ​ឱ្យហូរ​ស្រុង​មកតាម​ដងស្ទឹង​ព្រែក​ត្នោត​ជាបណ្ដើរៗ។ នេះ​បើ​តាម​មន្ត្រី​ធនធានទឹក​ខេត្ត​កំពង់ស្ពឹ ​កាល​ពី​ថ្ងៃទី២ ​ខែឧសភា។​

លោក ​ញ៉ាញ់ ​ជាបហ៊ង ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ ខេត្ត​កំពង់ស្ពឺ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​ក្នុង​បរិមាណ​ពី​មធ្យមទៅ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមក​នេះ​បានធ្វើ​ឱ្យ​កម្ពស់​ទឹក​នៅក្នុង​អាង​ទឹក​ធំៗ​មួយ​ចំនួន​ ដូចជា​អាង​ទំនប់​ស្ទាក់​ទឹក​រលាំងជ្រៃ ​ស្ថិតក្នុង​ឃុំ​កាហែង ​ស្រុក​សំរោងទង ​អាង​ទឹកខ្ពប​គ្រួស​ស្ថិត​ក្នុង​ឃុំព្រះខែ ​ស្រុក​បសេដ្ឋ ​និង​អាងទឹក​ចាន់ថ្នាល ​ស្ថិតក្នុង​ឃុំ​ក្រាំងចេក​ស្រុកឧដុង្គ ​ទឹកបាន​ជន់ឡើង​លើស​កម្រិត​រក្សាទុក ​ដែល​ចាំបាច់​ត្រូវបើក​បង្ហូរ​ទឹក​ចេញពី​អាង ​ដើម្បី​ការពារ​នូវ​ហានិភ័យ​ផ្សែងៗ ​ដែលអាច​កើតឡើង​ជាយថាហេតុ ​ដូច​កាលពី​ឆ្នាំ​មុន។

លោក​បញ្ជាក់​ថា​៖«នៅ​ពេលនេះ ​ភ្លៀង​នៅតែ​បន្តធ្លាក់​ក្នុង​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រួច ​ស្រុក​បរសេដ្ឋ ​ស្រុក​ឱរ៉ាល់​និង​ក្រុង​ច្បារ​មន។ នៅ​តាម​វាលស្រែ ​ភាគច្រើន​មាន​ទឹកដក់​ពេញ​និង​ហូរ​ចាក់​ទៅ​រកស្ទឹង​ព្រែក​ត្នោត​ធ្វើឱ្យ​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត​នៅ​ចំណុច​ទំនប់​អាងស្ទាក់​ទឹក​រលាំងជ្រៃ ​ជន់ឡើង​និង​ហូរកាត់​លើ​ខ្នង​ទំនប់​ ដែល​តម្រូវឱ្យ​យើង​ត្រូវ​បើកទ្វារ​ទឹក​ រំដោះ​ទឹក​ពី​ផ្នែក​ខាងលើ​ឱ្យ​ហូរ​ស្រុង​ចុះ​មក​ផ្នែក​ខាង​ក្រោម»។

បើ​តាម​លោក​ជាបហ៊ង ​សំណង់​ស្ទាក់​ទឹក​ស្ទឹង​ព្រែក​រលាំង​ជ្រៃ​មាន​ប្រវែង​១២ម៉ែត្រ ​និង​មាន​ទ្វារ​ទឹក​ចំនួន​៥​ ដែល​ពេល​នេះ​ត្រូវបាន​បើក​បង្ហើប​កម្ពស់​០,៥ម៉ែត្រ ​ដើម្បី​ឱ្យទឹក​ហូរធ្លាក់​មកផ្នែក​ខាងក្រោម​ដោយ​សន្សឹមៗ ​ដើម្បី​ការពារការ​ជន់​លិច​ផ្នែក​ខ្លះ​នៃ​តំបន់​ដីសណ្ដរ​ស្ទឹង​ព្រែកត្នោត​ផ្នែក​ខាងលើ​របស់​ខេត្ត​កំពង់​ស្ពឺ។ ចំណែក​ទំនប់​អាង​ទឹក​មួយចំនួន​នៅ​ស្រុក​បសេដ្ឋ​ ក៏​កំពុង​ឡើង​លើស​ពី​កម្រិត​រក្សាទុក ​ហូរកាត់​លើ​ខ្នង​ទំបន់​បង្ហៀរទឹក ​ធ្លាក់ចុះ​ទៅស្ទឹង​ស្លាគូ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ​ផងដែរ។​

ជុំវិញ​ករណីនេះ ​លោក​ស៊ីម រតនៈ​ អភិបាល​ស្រុក​សំរោង​ទង ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅពេល​នេះ ​ស្ថានភាព​ទឹក​នៅ​តំបន់​ដីសណ្ដរ​តាម​បណ្ដោយ​ស្ទឹង​ព្រែកត្នោត ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំរោងទង ​នៅ​មិនទាន់​បង្កឱ្យ​មាន​ក្ដីព្រួយ​កង្វល់​នៅ​ឡើយ​ទេ​ ដោយសារ​មាន​ប្រឡាយ​មេ​ធំៗ​មួយចំនួន ​ដែល​អាច​ជួយ​រំដោះ​ទឹក​ពី​ស្ទឹង​ព្រែកត្នោត​បានមួយ​ផ្នែក​ធំ ​ខណៈ​ការបើក​បង្ហូរទឹក​ពី​តាម​អាង​ទឹក​ធំៗ​នៅ​ផ្នែក​ខាងលើ​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ថ្លែងថា​៖«នៅ​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាំង​ពី​ដើម​រដូវ​និង​មាន​ទឹក​ដក់​ពេញស្រែ​ដោយ​អន្លើ​ហើយ ​ប៉ុន្តែ​នៅ​មិនទាន់​បង្កឱ្យ​មាន​ការព្រួយ​បារម្ភ​ទេ។ ទោះយ៉ាង​ណា ​អាជ្ញាធរ​យើង​ចាំបាច់​ត្រូវចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ទឹក ​នឹង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង។ពិសេស​អ្នក​ដែល​រស់​នៅ​តំបន់​ដីសណ្ដរ​ស្ទឹង​ព្រែកត្នោត ​និង​តំបន់​ទំនាប​ជាប់​មាត់​ទឹក​ ព្រោះ​ពេលនេះ​ជារដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន»។

ទោះ​យ៉ាងណា​នៅ​រសៀល​ថ្ងៃទី២ ​ខែឧសភា ​ទឹកស្ទឹង​ព្រែកត្នោត ​ដែលបាន​បើក​ទំលាក់​ពី​ផ្នែក​ខាងលើ​នៃ​សំណង់​ស្ទាក់​ទឹក​រលាំង​ជ្រៃ​នោះ ​បានហូរ​ធ្លាក់​មកដល់​ទំនប់​អាង​ស្ទាក់​ទឹក​៧មករា ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ ​និង​កំពុង​ហូរកាត់​លើ​ខ្នង​ទំនប់​បង្ហៀរទឹក ​ចុះមក​កាន់​តំបន់​សណ្ដរ​ស្ទឹង​ព្រែកត្នោត ​ដែល​នៅ​ផ្នែក​ខាងក្រោម​ទំនប់​៧មករា។ នេះ​បើ​តាម​លោក​ ម៉ៅ ប៊ុនធឿន ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ។

លោក​ប្រាប់ថា​៖«ស្ថានភាព​កម្ពស់​ទឹក​នៅ​ស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​ពេលនេះ ​គឺ​ កំពុង​ស្ទុះ​ងើប​ឡើង​ជាបន្ត​បន្ទាប់ ​ដែល​ទាមទារឱ្យ​ពលរដ្ឋ​ដែល​នៅតាម​ដី​សណ្ដរ​តាម​បណ្ដោយ​ស្ទឹងនេះ ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ ព្រោះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ឡើយ»។

បើ​តាម​លោក​ ប៊ុនធឿន ​ខ្នង​ទំនប់​សណ្ដរ​ស្ទឹង​ព្រែកត្នោត​ទាំងតូច​ទាំងធំ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ដែល​មាន​ប្រវែង​សរុប​ ៨,៦គីឡូម៉ែត្រ ​ត្រូវបាន​សាងសង់​ពង្រឹង​គុណភាព​រួចរាល់​ហើយ ​ខណៈ​ប្រឡាយ​ម័ល ​ដែល​មាន​ប្រវែង​២ ៨១៥ម៉ែត្រ ​ទទឹង​ពី​២០ម៉ែត្រ​ទៅ​៣០ម៉ែត្រ ​ចាប់ពី​ស្ថានីយ​បូមទឹក​លូ៥ ​ដល់​ស្ថានីយ​បូមទឹក​បឹង​ទំពុន ​ត្រូវបាន​ស្តារ​រួចរាល់​ដើម្បី​រំដោះ​ការលិច​លង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវ​វស្សា​នេះ។

លោក​ម៉ៅ ប៊ុនធឿន ​បញ្ជាក់ថា ​ប្រឡាយ​ម័លនេះ ​ពិតជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំដោះ​ទឹក​ពី​លំនៅឋាន​ប្រជា​ពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ផ្នែកខ្លះ​នៃ​ខណ្ឌដង្កោ ​ខណ្ឌ​ពោធិ៍សែនជ័យ​និង​ខណ្ឌ​មានជ័យ ​នៃ​រាជធានី​ភ្នំពេញ​ ដោយ​នាំទឹក​ចេញពី​តំបន់​ទាំងនេះ​ទៅ​ចាក់​នៅ​ទន្លេ​បាសាក់​ឆ្លងកាត់​ប្រឡាយ​មេ​បឹង​ជើងឯក ​ស្ទឹង​ជ្រៅ​និង​ស្ទឹង​ព្រែក​ត្នោត ។

យោង​តាម​តារាង​ព្យាករណ៍​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​គិត​ត្រឹម​ថ្ងៃទី១ ​ខែឧសភា​ ឆ្នាំ​២០២២​នៅ​ស្ថានីយ​ពាម​ឃ្លៃ ​ទឹក​មាន​កម្ពស់ ​៣,៣៦ម៉ែត្រ​(កើនឡើង​ ០,៨០ម៉ែត្រធៀប​ថ្ងៃទី៣០​ មេសា) ​នៅ​ទំនប់​រលាំង​ជ្រៃ ​កម្ពស់​ទឹក​ខាងមុខ​ទ្វារ​ ៧,៣២ម៉ែត្រ​(ហូរលើ​កម្ពស់​ទ្វារ​បិទ ០,៣២ម៉ែត្រ)។ នៅ​ទំនប់៧​មករា ​កម្ពស់​ទឹក​ខាងមុខ​ទ្វារ​៤,៩៦ម៉ែត្រ​(ហូរ​លើ​ទំនប់​បង្ហៀរ​០,១៦ម៉ែត្រ)។ កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ​១,៦០ម៉ែត្រ​(កើនឡើង​០,៤០ម៉ែត្រ​ធៀប​ថ្ងៃ​ទី៣០ ​ខែមេសា)។ ធៀប​កម្ពស់​ទឹកមុខ​ទ្វារ ​និង​ក្រោយ​ទ្វារ ​ខុសគ្នា​៦,៣៦ម៉ែត្រ។

ដោយ​ឡែក​នៅ​ឯស្រុក​ឆែប ​ខេត្ត​ព្រះវិហារ​វិញ ​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍ថា ​ជំនន់​ទឹក​ភ្លៀង​បានជន់​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង ​ដែល​កន្លែង​ខ្លះ​បាន​ជន់​លិច​ត្រឹម​ជង្គង់ ​និង​ស្មងជើង​ ប៉ុន្តែ​មិនបង្ក​ឱ្យមាន​ការខូចខាត​ផល​ដំណាំ ​ឬ ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​នោះ​ទេ។

លោក​ស្រី វល្ល័ក្ខ ​នាយ​នគរបាល​ប៉ុស្តិ៍​ឆែប១ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅព្រឹក​ថ្ងៃទី២ ​ខែឧសភា ​មាន​ភ្លៀង​មួយមេ​ធំ​ បណ្ដាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ ​និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆែប​កើត ​ចំនួន​ជាង​២០ខ្នង ​ប៉ុន្តែ​ទឹក​បាន​ស្រក​ទៅ​វិញ​ជាបណ្ដើរ​វិញ​ហើយ​ក្រោយ​ពី​ភ្លៀង​បាន​រាំង។

លោក​បន្តថា​៖«នៅ​ពេលនេះ​អាកាសធាតុ​នៅតែ​អាប់អួ ​និង​មាន​ភ្លៀង​រលឹម​ស្រិចៗ​នៅ​ឡើយ។ ទោះ​យ៉ាងណា​សមត្ថកិច្ច​យើង​បាន​ត្រៀម​កម្លាំង​និង​សម្ភារ ​សម្រាប់​ជួយ​អន្តរាគមន៍​សង្គ្រោះ​អ្នកភូមិ​ទៅកាន់​ទីទួល​សុវត្ថិភាព​រួចជា​ស្រេច​ហើយ​ ក្នុង​ករណី​មេឃ​នៅ​បន្ត​ធ្លាក់​ភ្លៀង​ខ្លាំង ​បង្ក​ជាជំនន់​ទឹក​ភ្លៀង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ»៕

វីដេអូ៖