កណ្តាលៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​ ២ ខែឧសភា បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ មីយ៉ាន់ម៉ា តាម​ប្រព័ន្ធ​វីដេអូ​ពី​ភូមិគ្រឹះ​របស់លោក​នៅ​ក្រុង​តាខ្មៅ ដោយបាន​ជជែក​គ្នា​ក្នុងការ​ឆ្ពោះទៅ​រក​ការពន្លឿន​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ ចំណុច​របស់​អាស៊ាន ឬ​ហៅថា កុងសង់ស៊ីស​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​កម្ពុជា​នា​ថ្ងៃទី​ ២ ខែឧសភា បាន​ឱ្យដឹងថា លោក ហ៊ុន សែន បាន​អរគុណ​លោក Min Aung Hlaing ដែល​បាន​ជួយ​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​លើក​ទី​ ១ ទៅកាន់​ប្រទេស​​មីយ៉ាន់ម៉ា​របស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​កាលពី​ខែមីនា ហើយ​បាន​គូសបញ្ជាក់​នូវ​បំណង​ប្រាថ្នា​ចង់ឃើញ​ការវិវឌ្ឍ​ឱ្យបាន​កាន់តែ​លឿន​ក្នុងការ​សម្រេច​បាន​ភ្លាមៗ នូវ​អាទិភាព​ចំនួន​ ៣ នៃ​កុងសង់ស៊ីស​នេះ​។

លោក Min Aung Hlaing បាន​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការជួយ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​វិបត្តិ​បច្ចុប្បន្ន​ និង​បាន​ប្រាប់​លោក ហ៊ុន សែន អំពី​ស្ថានភាព​ចុងក្រោយ​បំផុត​របស់​មីយ៉ាន់ម៉ា​។

លោក ហ៊ុន សែន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការចៀសវាង​ការប្រើ​កម្លាំង​ហួសហេតុ​ក្នុងការ​អនុវត្ត​ច្បាប់ និង​រក្សា​សណ្តាប់ធ្នាប់ ហើយ​លោក​ក៏បាន​លើកទឹកចិត្ត ដល់​អាជ្ញាធរ​ទីក្រុង​ណៃពិដោ​ (Naypyitaw) ​សម្របសម្រួល​បន្ថែមទៀត​នូវ​ការផ្តល់​ជំនួយ​មនុស្សធម៌​ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ជាពិសេស​នៅក្នុង​តំបន់​ជម្លោះ​ដែល​មិន​ត្រឹមតែ​ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​អំពើហិង្សា និង​ការកសាង​ទំនុកចិត្ត​ ដើម្បី​ឈានទៅរក​ការសន្ទនា​ប្រកបដោយ​សន្តិវិធី និង​បរិយាប័ន្ន​។

លោក Min Aung Hlaing បានបញ្ជាក់​ពី​ការត្រៀមខ្លួន​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ក្នុង​ការ​សម្របសម្រួល ការចែកចាយ​ជំនួយ​មនុស្សធម៌ ដែល​ដំបូង​ឡើយ​នៅក្នុង​តំបន់​សាកល្បង​ចំនួន​ ២ និង​តំបន់ និង​រដ្ឋ​ចំនួន​ ៥ ​ផ្សេងទៀត ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​អាទិភាព​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​សម្តេច​តេជោ​ ហ៊ុន សែន ​បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​របស់ SAC លើ​ការផ្តល់​ជំនួយ​មនុស្សធម៌ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​នៅ​តំបន់​សាកល្បង ដែល​អាច​ពង្រីក​ជា​ជំហានៗ​ទៅកាន់​តំបន់​ផ្សេង​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​គូសបញ្ជាក់ថា​៖ «​សម្តេចតេជោ​ ហ៊ុន សែន ​ក៏បាន​ស្វាគមន៍​ចំពោះ​ការដោះលែង​អ្នកទោស​ជាង​ ១ ៦០០ ​នាក់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែមេសា និង​បាន​រំឭក​ឡើងវិញ​នូវ​សំណើ​ពីមុន​របស់​សម្តេច​សម្រាប់​ការដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ​ទាំងអស់​រួមទាំង​សាស្ត្រាចារ្យ Sean Turnell នៃ​ប្រទេស​អូស្ត្រាលី​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្វះ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​របស់ SAC ក្នុង​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​ ២ ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ចុងខែ​ឧសភា​។

លោក ហ៊ុន សែន បានបញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​រវាង​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​រួមទាំង​លោកស្រី Aung SaanSu Kyi និង​អតីត​ប្រធានាធិបតី Win Myint ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​ក្នុង​ការចាប់ផ្តើម​ការសន្ទនា​នយោបាយ​ប្រកប​ដោយ​បរិយាប័ន្ន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក Min Aung Hlaing បាន​សន្យា​ជួយ​សម្រួល​ដល់​កិច្ចប្រជុំ​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។ លោក ហ៊ុន សែន បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិល​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ ស្រប​តាម​គោលការណ៍​កុងសង់ស៊ីស​ ៥ ​ចំណុច ការឯកភាព​ និង​មជ្ឈភាព​របស់​អាស៊ាន​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២ ​ខែឧសភា ថា ជំនួប​នេះ​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ចេតនា​របស់​កម្ពុជា​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា​។ កម្ពុជា​ជា​ប្រធាន​អាស៊ាន តាមរយៈ​លោក ហ៊ុន សែន ចង់​មើលឃើញ​សមាជិក​អាស៊ាន​ទាំងអស់ ស្ថិត​នៅក្នុង​គ្រួសារ​អាស៊ាន ដោយ​មិន​ចង់ឱ្យ​មានការ «​បែកខ្ញែក​» ដូច​កន្លងមក​នោះទេ​។

លោក​ថ្លែងថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ហ្នឹង គឺ​វា​ចំណុះឱ្យ​ការរួមចំណែក ការចូលរួម​ដោយ​សកម្ម​ដោយ​ស្មោះត្រង់​ពី​សំណាក់​មេដឹកនាំ​យោធា​ភូមា​ដែរ ជាពិសេស​គឺពាក់ព័ន្ធ​ជាមួយនឹង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ ៥ ​ចំណុច​ហ្នឹង ដែល​ចាំច់​ត្រូវតែ​ធ្វើ ហើយ​កម្ពុជា​មានបំណង​ក្នុងការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ហ្នឹង ដើម្បីឱ្យ​អាស៊ាន​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ​»​។

ខណៈ​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​សហរដ្ឋអាមេរិក​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១២-១៣ ខែឧសភា ខាងមុខ​នេះ លោក គិន ភា បាន​ថ្លែងថា ការជួបគ្នា​រវាង​មេដឹកនាំ​ទាំង​ ២ ​នេះ​ក៏​អាចជា​ការបញ្ជាក់​ពី​ជំហរ​ច្បាស់លាស់​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ហើយក៏​ធ្វើឱ្យ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​យល់​អំពី​អ្វី​ដែលជា​សុច្ឆន្ទៈ និង​អ្វី​ដែលជា​ការប្តេជ្ញាចិត្តរ​បស់​កម្ពុជា​ជុំវិញ​បញ្ហា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​៕

វីដេអូ៖