ភ្នំពេញៈ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ,ឡាវ-កម្ពុជា នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំង ២ ហើយបានឯកភាពគ្នាលើចំណុចមួយចំនួនទាក់ទងនឹងការធ្វើឱ្យមានស្ថិរភាព សន្តិសុខកាន់តែល្អ និងព្រំដែនសន្តិភាពពិតប្រាកដ។
លោក ឥត សារ៉ាត់ ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធ (Video Conference) ថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់សម្រាប់ភាគីទាំង ២ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង ២ កម្ពុជា-ឡាវ ឱ្យមានស្ថិរភាព សន្តិសុខកាន់តែល្អ និងព្រំដែនសន្តិភាពពិតប្រាកដ។
លោកបានបន្តថា នេះគឺជាកិច្ចប្រជុំលើកទី ២ រវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសយើងទាំង ២ តែក៏ជាលើកទី ១ ផងដែររបស់ប្រធានភាគីឡាវ ដើម្បីបានបង្ហាញអំពីសមាសភាពគ្នាទៅវិញទៅមករវាងភាគីទាំង ២ បានស្គាល់គ្នា តាមរយៈនៃកិច្ចប្រជុំនេះ ដោយលោកមានជំនឿថា ភាគីកងទ័ពទាំង ២ នឹងអនុវត្តបានល្អ ត្រឹមត្រូវតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២។
លោកបានបញ្ជាក់ថា៖ «គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីធ្វើការទាក់ទងគ្នា និងជំរុញឱ្យមានសន្តិសុខតាមព្រំដែនកម្ពុជា-ឡាវ, ឡាវ-កម្ពុជា ព្រមទាំងបន្តសហការគ្នាដែលជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ និងការរស់នៅដោយភាពសុខដុមជាមួយគ្នាជាប្រទេសជិតខាងល្អភូមិផងរបងជាមួយ»។
បើតាមលោក ឥត សារ៉ាត់ តបតាមស្មារតីនៃកិច្ចប្រជុំលើកទី ១ គណៈកម្មាធិការប្រទេសទាំង ២ ធ្លាប់បានដាក់ចេញនូវកម្មវិធីប្រជុំជាមួយគ្នា តាមកាលវិភាគប្រចាំឆ្នាំ តែការប្រជុំកន្លងមកមិនអាចប្រព្រឹត្តទៅបាន ដោយសារមានការរាតត្បាតពីជំងឺកូវីដ ១៩ នៅក្នុងប្រទេសយើងទាំង ២ រហូតមកដល់ពេលនេះការទប់ស្កាត់ជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជាទទួលបានជោគជ័យ ហើយការរាតត្បាតក៏បានធូរស្រាលជាបណ្ដើរៗដែលធ្វើឱ្យប្រទេសកម្ពុជាបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ។
តាមស្មារតីនៃកិច្ចប្រជុំនេះភាគីទាំង ២ បានឯកភាពគ្នាលើ ៣ ចំណុចសំខាន់ៗ រួមមាន ១- ភាគីទាំង ២ ត្រូវមានឆន្ទៈ ដោយធ្វើយ៉ាងណាឱ្យព្រំដែនរបស់ប្រទេសទាំង ២ មាន សន្តិភាព មិត្តភាព សាមគ្គីភាព សហការ និងការអភិវឌ្ឍតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំប្រទេសទាំង ២។ ២- ជំរុញទំនាក់ទំនងរវាងកងទ័ពប្រទេសទាំង ២ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូន និងជាអ្នកជិតខាងល្អ ដោយបង្កើតឱ្យមានការលេងកីឡា សិល្បៈកម្សាន្ត ទៅវិញទៅមក និង ៣- បន្តយន្តការការងាររបស់គណៈកម្មការកងទ័ពប្រទេសទាំង ២ ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី ១ នាពេលកន្លងមក។
លោក វ៉ាន់ថន ប៊ុតតាក់វង្ស ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន ឡាវ-កម្ពុជា ថ្លែងថា ភាគីឡាវបានឯកភាពចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ ដោយបានសំណូមពរដល់ភាគីកម្ពុជាបន្តជួបពិភាក្សាគ្នាបន្តទៀត តាមរយៈនៃការជួបប្រជុំគ្នាផ្ទាល់មុខដោយភាគីឡាវសុំធ្វើជាម្ចាស់ផ្ទះនៃប្រជុំមុន នៅក្នុងប្រទេសឡាវ ទៅតាមពេលវេលាជាក់ស្តែង និងរួមគ្នាដោះស្រាយគ្រប់បញ្ហាប្រឈមនានាដែលកើតមានឡើងជាយថាហេតុណាមួយដោយសន្តិវិធី។
គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ.ឡាវ-កម្ពុជាត្រូវបានបង្កើតឡើងពីឆន្ទៈនៃថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំង ២ ក្នុងអំឡុងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងគោលបំណងជំរុញឱ្យមានទំនាក់ទំនងរវាងកងទ័ពប្រទេសទាំង ២ តាមបណ្ដោយព្រំដែនដែលមានប្រពៃណីទំនាក់ទំនងជាបងប្អូន និងអ្នកជិតខាងល្អជាយូរមកហើយ ស្របតាមគោលបំណងរបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ ដែលតែងតែមានទំនាក់នង និងជួយគ្នាទៅវិញទៅមក។
គណៈកម្មការទាំង ២ មានភារកិច្ចសំខាន់ក្នុងការធ្វើឱ្យព្រំដែននៃប្រទេសទាំង ២ មានសន្តិភាព ស្ថិរភាព ដោយភាពសុខដុមគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន និងបង្កលក្ខណៈឱ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់នូវរាល់បទល្មើសនានា និងការអភិវឌ្ឍសេដ្ឋកិច្ចតាមបណ្ដោយព្រំដែនប្រទេសទាំង ២ មានការរីកចម្រើន៕