ភ្នំពេញៈ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កំពុងធ្វើសិក្ខាសាលាស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះនៅអំឡុងពេលអនុវត្តការងារសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក.» រយៈពេល ៣ ថ្ងៃពីថ្ងៃទី ៣ ដល់ទី ៥ ខែឧសភានេះនៅរាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ អ.វ.ត.ក ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសិក្ខាសាលានេះកាលពីថ្ងៃទី ២ ឧសភានេះ តាមរយៈប្រព័ន្ធហ្ស៊ូមថា សិក្ខាសាលាស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះនៅអំឡុងពេលអនុវត្តការងារ សេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក.» រយៈពេល ៣ ថ្ងៃនេះ គឺផ្ដោតសំខាន់ពាក់ព័ន្ធជាមួយនឹងជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះនៅអំឡុងពេលអនុវត្តការងារសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក.។
លោកថ្លែងថា៖ «សិក្ខាសាលានេះនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ទី ៥ ខែឧសភានេះ គឺមានគោលបំណងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការចូលរួមប្រកបដោយអត្ថន័យរបស់ជនរងគ្រោះនៅក្នុងដំណើរការនៃការជំនុំជម្រះក្ដី ជាពិសេសពាក់ព័ន្ធជាមួយសំណងដែលបានអនុវត្ដនាពេលកន្លងទៅ និងការងារដែលនៅសេសសល់ក្រោយពេល អ.វ.ត.ក បិទបញ្ចប់ដំណើរការនីតិវិធីច្បាប់នៅចំពោះមុខអង្គជំនុំជម្រះ»។ លោកបានឱ្យដឹងថាសិក្ខាសាលានេះ ក៏ជាសិក្ខា-សាលាមួយដើម្បីស្ដាប់នូវមតិយោបល់របស់ជនរងគ្រោះ គឺត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីឱ្យដំណើរការកិច្ចការងារក្រោយពេលបញ្ចប់កិច្ចដំណើរការនីតិវិធីនៅចំពោះអង្គជំនុំជម្រះផ្ដល់ផលប្រយោជន៍ទៅដល់ជនរងគ្រោះដែលជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យបានទទួលរងទុក្ខវេទនាជាច្រើននៅក្នុងរបបនេះ។ លោកបញ្ជាក់ថា នៅក្នុងសិក្ខាសាលារយៈពេល ៣ ថ្ងៃនេះក៏នឹងមានការអញ្ជើញចូលរួមពីអ្នកជំនាញច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលនឹងចូលរួមនៅក្នុងការផ្ដល់យោបល់ ក៏ដូចជាផ្ដល់នូវគំនិតផ្ដួចផ្ដើមផ្សេងៗពាក់ព័ន្ធជាមួយនឹងការចូលរួមរបស់ជនរងគ្រោះក្រោយបញ្ចប់កិច្ចដំណើរការនីតិវិធីផងដែរ។
បើតាមលោក ភត្ដ្រា ប្រធានបទជាច្រើននឹងត្រូវលើកឡើងដែលពាក់ព័ន្ធជាមួយនឹងមេរៀនដែលដកបទពិសោធពីកិច្ចការងារដែលអង្គជំនុំជម្រះធ្វើជាមួយជនរងគ្រោះក៏ដូចជាជាមួយអង្គភាពនានារបស់អង្គជំនុំជម្រះ។ តាមរយៈសិក្ខាសាលានេះ ក៏នឹងចែករំលែកនូវតម្លៃ និងគោលការណ៍ផ្សេងៗសម្រាប់ការអនុវត្ដកម្មវិធីនាពេលអនាគតថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរជាពិសេសពលរដ្ឋខ្មែរដែលកើតជំនាន់ក្រោយរបបកម្ពុជាប្រជាធិបតេយ្យមានការចងចាំនូវរឿងរ៉ាវសោកនាដកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាចូលរួមនៅក្នុងការផ្សះផ្សាជាតិ។ សិក្ខាសាលានេះ ក៏មានការចូលរួមពីជនរងគ្រោះ ដែលជាដើមបណ្ដឹងរដ្ឋប្បវេណី នៅក្នុងសំណុំរឿង ០០១ និង ០០២ ដើម្បីចូលរួមជាមតិយោបល់ផងដែរ។
លោកបន្តថា៖ «នេះជាចំណុចមួយដែលយើងទាញភ្ជាប់ជាមួយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះដែលរៀបចំឡើងដោយសហចៅក្រមនៃ អ.វ.ត.ក ដែលត្រូវបានកាត់ក្ដីដោយអង្គជំនុំជម្រះកាលពីឆ្នាំ ២០២១ កន្លងទៅ»។ លោកថា មុខងារនៅសេសសល់ នៃ អ.វ.ត.ក. គឺមានន័យថា នៅពេលដែល អ.វ.ត.ក. បិទបញ្ចប់នូវយុត្ដាធិការរបស់ខ្លួន គឺមានន័យថា បញ្ចប់ដំណើរការនីតិវិធីនៅចំពោះមុខតុលាការ គឺយើងនឹងនៅមានកិច្ចការងារសេសសល់មួយចំនួនទៀតដែលត្រូវអនុវត្ដ។ នៅក្នុងនេះ គឺយើងមានកិច្ចព្រមព្រៀងបន្ថែមរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិដែលមានរយៈពេល ៣ ឆ្នាំនៅក្នុងការអនុវត្តដំបូងទៅលើផែនការការងារនៅសេសសល់៕