ភ្នំពេញៈ មន្ដ្រីកិច្ចការព្រំដែនបានចុះត្រួតពិនិត្យដំណើរការស្ថាបនាផ្លូវនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជាឡាវដែលជា «នយោបាយកសាងព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនអមដំណើរដោយលោក លោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការនៃបញ្ជាការដ្ឋានវិស្វកម្ម និងមានការចូលរួមពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងនាយទាហានជំនាញជាច្រើនរូបទៀតបានចុះសួរសុខទុក្ខកងទ័ព និងត្រួតពិនិត្យការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ។ បេសកកម្មចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះមានរយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមពីខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ រួចមកដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ លោក វ៉ា គឹមហុង និងក្រុមការងារបានបន្តចុះសួរសុខទុក្ខកងទ័ព និងត្រួតពិនិត្យការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។
តាមរបាយការណ៍របស់បញ្ជាការដ្ឋានវិស្វកម្មបានឱ្យដឹងថា ក្នុងបេសកកម្មនេះ លោក វ៉ា គឹមហុង និងក្រុមការងារបានបន្តសួរសុខទុក្ខកងទ័ព និងត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមដែលស្ថាបនាដោយកងឯកភាពលេខ ៧១៨ កងឯកភាពស្ថាបនាថ្នល់-ស្ពាន លេខ ៧១៥ កងឯកភាពស្ថាបនាថ្នល់លេខ ៧១៣ កងឯកភាពស្ថាបនាសំណង់សិល្បការ្យលេខ ៧៤ និងកងឯកភាពវត្ថុរារាំងលេខ ៧២ នៃបញ្ជាការដ្ឋានវិស្វកម្ម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង។
លោក វ៉ា គឹមហុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងឯកភាពទាំង ៥ ដែលក្នុងរយៈពេលកន្លងមកបានយកចិត្តទុកដាក់ពុះពារជម្នះនូវរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលរហូតមកដល់ថ្ងៃនេះសម្រេចបានលទ្ធផលយ៉ាងច្រើន។
លោកថ្លែងថា សមិទ្ធផលនេះគឺសំដៅអនុវត្តឱ្យបានជោគជ័យនូវ «នយោបាយកសាងព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដោយដើរទន្ទឹមនឹងការអនុវត្ត «គោលការណ៍កសាងខឿនការពារប្រទេសគឺជារបស់ប្រជាជនគ្រប់រូប» រួមទាំង «ការងារកសាងបោះបង្គោលខណ្ឌសីមា និងការកសាងផ្លូវជាដែគូបំពេញឱ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន»។
លោកស្រី កុយ ពិសី បញ្ជាក់ថា សមិទ្ធផលបណ្ដាញផ្លូវគមនាគមន៍តំបន់ព្រំដែនជាកត្ដាកំណត់ចម្បងនាំមុខឱ្យវិស័យផ្សេងទៀតចូលទៅអភិវឌ្ឍតាមក្រោយ ទន្ទឹមនឹងការកសាងបោះបង្គោលព្រំដែន កំណត់ខណ្ឌសីមាបានឆាប់រហ័ស ដើម្បីកសាងខ្សែព្រំដែនមួយរបស់ប្រជាជាតិទាំង ២ ជាព្រំដែនអន្តរជាតិពិតប្រាកដ មានស្ថិរភាពមិនអាចកែប្រែបាន និងប្រកបដោយសុខសន្តិភាព យូរអង្វែងបង្កឱកាសឱ្យប្រជាជាតិទាំង ២ ប្រទេសបានរស់នៅកសាងអភិវឌ្ឍប្រទេសរៀងៗខ្លួន។ លោកស្រីបញ្ជាក់ថា៖ «ផ្លូវគមនាគមន៍ព្រំដែនបានស្ថាបនាទៅដល់ទីកន្លែងណាគឺមានប្រជាជនទៅតាំងលំនៅ បង្កើតបានភូមិឃុំយុទ្ធសាស្ត្រនៅទីនោះជាច្រើនកន្លែងមានប្រជាជនរស់នៅកុះករ និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់រួមមានទាំងការបើកច្រកទ្វារព្រំដែននានាជាមួយប្រទេសភូមិផងរបងជាមួយជាបន្តបន្ទាប់»។
លោក ខ្វាន់ ស៊ាម បានណែនាំ និងក្រើនរំឭកដល់មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាននៃកងឯកភាពទាំង ៥ ត្រូវយកចិត្តទុកដាក់បន្តធ្វើការស្ថាបនាផ្លូវ និងរាល់សំណង់សិល្បការ្យឱ្យបានត្រឹមត្រូវ តាមគោលការណ៍ លក្ខខណ្ឌបច្ចេកទេសសំដៅធានាឱ្យសំណង់គ្រប់ប្រភេទមានគុណភាពខ្ពស់ ប្រកបដោយសោភណភាព និងត្រឹមត្រូវតាមបែបបទនីតិវិធី។
លោកបានថ្លែងថា «ការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍នៅតំបន់ព្រំដែន ដែលអនុវត្តបានសម្រេចរួចមកហើយនេះជាមធ្យោបាយតែមួយគត់ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតស័ក្តិសិទ្ធិភាពបំផុត ដែលមានលទ្ធភាពសមត្ថភាព កសាងពង្រឹង និងថែរក្សាការពារបាននូវ «សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍» នៅតាមតំបន់ព្រំដែនប្រកបដោយស្ថិរភាពគង់វង្សចីរកាលយូរអង្វែង៕