ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ប្រមាណជា ២ លានដូសបន្ថែមទៀតដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈយន្តការកូវ៉ាក់ (COVAX)ដែលវ៉ាក់សាំងទាំងនេះនឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ៣ ខែឧសភា នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី ២ ខែឧសភា បានឱ្យដឹងថា ជំនួយជាវ៉ាក់សាំងកូវីដ ១៩ នេះគឺជាផ្នែកមួយនៃការជួយគាំទ្រជាបន្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា ហើយវាបង្ហាញឱ្យឃើញភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការទូតលើវិស័យសុខភាពសាធារណៈផងដែរ។
ប្រភពដដែលបានបន្តថា «វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រហែលជា ២ លានដូសនេះនឹងមកដល់នៅថ្ងៃអង្គារទី ៣ ខែឧសភា វេលាម៉ោង ៦:៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំណតពិសេស ដែលក្នុងឱកាសនោះនឹងមានការចូលរួមពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W.Patrick Murphy និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរួមនឹងតំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោកផងដែរ»។
នេះជាលើកទី ២ ហើយ ដែលសហរដ្ឋអាមេរិកបានផ្តល់នូវជំនួយជាវ៉ាក់សាំងកូវីដ ១៩ មកដល់ប្រទេសកម្ពុជា ដែលការផ្តល់វ៉ាក់សាំងលើកទី ១ ធ្វើឡើងកាលពីឆ្នាំ ២០២១ កន្លងទៅដែលសហរដ្ឋអាមេរិកបានផ្តល់នូវវ៉ាក់សាំងកូវីដ ១៩ ប្រភេទ «ចនសាន់ &ចនសាន់» ចំនួនជាង ១ លានដូសតាមរយៈយន្តការកូវ៉ាក់។
ទាក់ទងនឹងវ៉ាក់សាំងនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាដូសជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍។
លោកបានលើកឡើងកាលពីថ្ងៃទី ២៥ ខែមេសាកន្លងទៅក្នុងពេលទទួលវ៉ាក់សាំងកូវីដ ១៩ ជាអំណោយរបស់ប្រទេស អ៊ីតាលី ថា៖ «ខ្ញុំនៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី ៣ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងផងដែរកាលពីពេលថ្មីៗកន្លងទៅនេះថា ការយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩គឺជាការរួបរួមគ្នាមួយដ៏ល្អប្រសើរនៅក្នុងសង្គមខ្មែរលើគ្រប់វិស័យទាំងអស់ជាមួយរាជរដ្ឋាភិបាល ហើយការងារនេះមិនមែនជារឿងធម្មតានោះទេ។
លោកមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១ ឆ្នាំនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ មិនមែនជារឿងធម្មតានោះទេ វាគឺជារឿងលំបាកណាស់ ប៉ុន្ដែប្រជាពលរដ្ឋរបស់យើង រួមជាមួយរាជរដ្ឋាភិបាលគឺជាការគួរឱ្យលើកទឹកចិត្តគួរឱ្យកោតសរសើរ ទោះបីជាមានជំនឿលើបក្សណាក៏ដោយយើងស្រុះគ្នាណាស់ ភាពស្រុះគ្នានេះហើយដែលបង្កើនបាននូវជោគជ័យសម្រាប់យើងលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩»។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យខាងក្រសួងសុខាភិបាលធ្វើផែនការរុញកាលបរិច្ឆេទនៃការទទួលយកពីសាធារណរដ្ឋប្រជាមានិតចិនដែលនឹងត្រូវផ្តល់វ៉ាក់សាំងចំនួន ១៥ លានដូសទៀត ដែលនឹងផ្តល់មកកម្ពុជាក្នុងអំឡុងខែកញ្ញាខាងមុខនេះ ដោយស្នើឱ្យប្តូរមកទទួលយកនៅចុងឆ្នាំ ២០២២ នេះវិញដោយសារវ៉ាក់សាំងនៅក្នុងឃ្លាំងសល់ជាង ១០ លានដូសទៀត។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អត្រាអ្នកចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៩៣,៣៨ ភាគរយ។
ក្រសួងបានបន្តថា សម្រាប់អ្នកដែលបានចាក់ដូសទី ៣ រួច មានចំនួនជាង ៨,៥ លាននាក់ និងអត្រាអ្នកដែលបានចាក់ដូសទី ៤ មានចំនួនជិត ២ លាននាក់ផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលដៅកំណត់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ នៅតាមបណ្ដារោងចក្រ សហគ្រាស ទីផ្សារ ទីប្រជុំជន និងតាមសាលារៀន ហើយលោកក៏បានកំណត់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជាត្រូវតែបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញដែលជាដូសទី ៣ ជាចាំបាច់ផងដែរ ដើម្បីការពារការឆ្លងនូវជំងឺកូវីដ ១៩៕