ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញ បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) តំណាងគណបក្សនយោបាយនានា អង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធការងារបោះឆ្នោត និងអាជ្ញាធរពាក់ព័ន្ធស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោងធ្វើនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
មន្ត្រីអ្នកនាំពាក្យ គ.ជ.ប ថ្លែងថា៖ «អ្វីដែលថ្មី គឺការប្រើប្រាស់កុំព្យូទ័រ ស្កេនន័រ និងព្រីនធ័រ ពួកគាត់ត្រូវបញ្ជូនលទ្ធផលបោះឆ្នោតទៅក្នុងកម្មវិធីគ្រប់គ្រងនៃលទ្ធផលនៃការបោះឆ្នោតនៅតាមគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ កម្មវិធីនេះជួយដល់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតដែលកន្លងមកនេះ យើងអនុវត្តដោយដៃ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី ២-៤ ខែឧសភា ថាក្នុងដំណើរត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នេះ គ.ជ.ប បានអនុវត្តសម្រេចការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ ២០២១ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ ២០២២ ការកសាងប្រតិទិន និងផែនការនៃការបោះឆ្នោត ការអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ការជ្រើសរើស និងតែងតាំងមន្ត្រី គ.ជ.ប សមាសភាព គធ.ខប មន្ត្រី គធ.ខប និងសមាសភាព គឃ.សប ព្រមទាំងបានធ្វើការបណ្តុះបណ្តាលដើម្បីបំពាក់បំប៉នចំណេះដឹង និងជំនាញអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងការអនុវត្តដល់មន្ត្រីបោះឆ្នោតទាំងអស់ និងភាគីពាក់ព័ន្ធក្នុងដំណាក់កាលទី ១ រួចរាល់ហើយ។
លោកបានបន្តថា៖ «ពេលនេះគឺជាការបណ្តុះបណ្តាលអំពីបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតដំណាក់កាលទី ២ លើការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតការគ្រប់គ្រង និងការប្រកាសលទ្ធផលនៃការបោះឆ្នោតដោយមានប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយដល់ការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមការធ្វើប្រមាណវិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខរបស់មន្ត្រីបោះឆ្នោត»។
លោកថ្លែងថា ក្រោយពីបានទទួលការបណ្តុះបណ្តាលនេះហើយ សិក្ខាកាមទាំងអស់បន្តធ្វើការសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមទៀតលើច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ សេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន ដើម្បីឱ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀតលើកិច្ចការបោះឆ្នោត សម្រាប់អនុវត្ត និងសហការអនុវត្តតាមសមត្ថកិច្ចរៀងខ្លួនប្រកបដោយការទទួលខុសត្រូវ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ពន្យល់បន្ថែមថា ទាក់ទងទៅនឹងការបណ្តុះបណ្តាលនៅពេលនេះ ពាក់ព័ន្ធនឹងការបោះឆ្នោតការរាប់សន្លឹកឆ្នោតរហូតទៅដល់ការបូកលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២។
លោកថ្លែងថា៖ «កិច្ចការទាំងអស់នេះនឹងត្រូវបណ្តុះបណ្តាលទៀតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយចុងក្រោយ បែបបទ និងនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតនេះត្រូវបានយកទៅបណ្តុះបណ្តាលនូវគណៈកម្មការការិយាល័យបោះឆ្នោតទៀត។ អ៊ីចឹងទេ អ្វីដែលថ្មី គឺប្រើប្រាស់កុំព្យូទ័រ ស្កេនន័រ និងព្រីនធ័រ ពួកគាត់ត្រូវបញ្ជូនលទ្ធផលបោះឆ្នោតទៅក្នុងកម្មវិធីគ្រប់គ្រងនៃលទ្ធផលនៃការបោះឆ្នោតនៅតាមគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ កម្មវិធីនេះ ជួយដល់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅក្នុងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតដែលកន្លងមកនេះ យើងអនុវត្តដោយដៃ»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប មិនមានអ្វីប្លែកនោះទេ ព្រោះឱ្យតែជិតដល់ការបោះឆ្នោតមកដល់ គឺ គ.ជ.ប តែងតែហៅអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ។ លោកថ្លែងថា៖ «គេបណ្តុះបណ្តាលយើងដឹងថា នៅពេលដែលយើងទៅសង្កេតការណ៍ យើងដឹងពីនីតិវិធីក្រុមការងាររៀបចំការបោះឆ្នោត គេធ្វើយ៉ាងម៉េចខ្លះ ដូចជាយើងដឹងពីនីតិវិធីនៃការវេចខ្ចប់សន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ហើយទាំងអស់នេះ វាជានីតិវិធីដដែលទេ ដូចតែលើកមុនៗដែរ»៕