ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា នាថ្ងៃទី ២៩ ខែមេសា បានចុះហត្ថលេខាលើកំណត់ហេតុអនុវត្តន៍គម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។
ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី ៣០ ខែមេសា តាមសំណើរបស់ក្រសួងរ៉ែ និងថាមពល រាជរដ្ឋាភិបាលជប៉ុន តាមរយៈការផ្លាស់ប្តូរពិធីសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនកាលពីខែកុម្ភៈបានសម្រេចជាផ្លូវការ ផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសលើការអនុវត្តគម្រោងរៀបចំផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកអព្យាក្រឹតកាបូននៅកម្ពុជា។
ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា៖ «យោងតាមការសម្រេចនេះ ទីភ្នាក់ងារ JICA ជប៉ុនបានបញ្ជូនក្រុមបេសកកម្មមកពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ និងរៀបចំការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងនេះ»។
ក្រសួងរ៉ែ និងថាមពលបន្តថា ការងារអន្តរថាមពលត្រូវបានបែងចែកជា ២ ផ្នែក គឺទី ១ ការងារអន្តរកាលថាមពលស្អាត និងទី ២ ការងារអន្តរកាលប្រសិទ្ធភាពថាមពលក្នុងនោះ ការងារអន្តរកាលប្រសិទ្ធភាពថាមពល ក្រសួងរ៉ែ និងថាមពលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយឡែកការងារអន្តរកាលថាមពលស្អាតវិញ គឺក្រសួងរ៉ែ និងថាមពលបានសុំកិច្ចសហប្រតិបត្តិការជាមួយ JICA។
លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែឧសភាថា ខណៈការធ្វើអន្តរកាលថាមពលនៅលើប្រទេសផ្សេងៗនៅលើពិភពលោកបានចាប់ផ្តើមហើយនោះ កម្ពុជាក៏បានចាប់ផ្តើមធ្វើអន្តរកាលថាមពលនេះដែរ ដោយក្រសួងបានស្នើសុំជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ដើម្បីជួយរៀបចំផែនទីបង្ហាញផ្លូវទាំងពីរគឺថាមពលស្អាត និងប្រសិទ្ធភាពថាមពលដែលហៅថាផែនទីបង្ហាញផ្លូវអន្តរកាលថាមពល។
លោកបន្តថា៖ «ផែនការយុទ្ធ ស្ត្ររបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០៥០ នឹងធ្វើឱ្យអព្យាក្រិតកាបូនហ្នឹង net-zero [ដល់កម្រិតសូន្យ]។ ដោយផ្អែកលើគោលនយោបាយហ្នឹងហើយ យើងបានស្នើសុំរាជរដ្ឋាភិបាលជប៉ុនឱ្យជួយនូវគម្រោងហ្នឹង»។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានចែករំលែកពីសារៈសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅទាំង ២ នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងបានទទួលស្គាល់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងបច្ចេកវិទ្យាទាំងអស់ ដែលសមស្របទៅតាមកាលៈទេសៈនៃប្រទេសនីមួយៗ ស្របពេលជាមួយគ្នាត្រូវធានានូវការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព និងស្ថិរភាព។
ក្នុងជំនួបជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ២ ថ្ងៃ លោក Kishida បានបង្ហាញអំពីបំណងថា ក្រោមគំនិតផ្តួចផ្តើមស្តីពីដំណើរផ្លាស់ប្តូរការប្រើប្រាស់ថាមពលនៅអាស៊ី (Asia Energy Transition Initiative) ជប៉ុននឹងគាំទ្រការធ្វើអន្តរកាលថាមពលប្រកបដោយភាពប្រាកដប្រជានៅកម្ពុជាតាមរយៈមធ្យោបាយនានា រួមទាំងការបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរកអព្យាក្រឹតកាបូន ដោយសហការជាមួយ JICA និងការចែករំលែកចំណេះដឹង តាមរយៈបណ្តាញស្តុក ប្រើប្រាស់ និងចាប់យកកាបូនអាស៊ី (Asia CCUS Network)។
កាលពីចុងឆ្នាំ ២០២១ កម្ពុជាបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ទៅកាន់លេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UN-FCCC) ។ យុទ្ធសាស្ត្រនេះ មានគោលបំណង ដើម្បីផ្តល់នូវផែនទីបង្ហាញផ្លូវផ្អែកលើការវិភាគគ្រប់ជ្រុងជ្រោយ និងសេណារីយោពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងសកម្មភាពកាត់បន្ថយអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននាពេលអនាគតដោយកំណត់គោលដៅសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។ ក្រសួងបរិស្ថានធ្លាប់អះអាងកាលពីខែចុងឆ្នាំ ២០២១ ថា កម្ពុជាអាចសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០ តាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងលើការអនុវត្តកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័នដែលកើតឡើងដោយសារការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD+) និងកំណែទម្រង់វិស័យព្រៃឈើរួមមានការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព៕