ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាតឱ្យជ្រើសរើសកងទ័ព ជាង ៣០០នាក់ សម្រាប់បំពេញបន្ថែម ផ្នែកការពារអាកាស។ ជាមួយគ្នានោះផងដែរ លោកក៏បានឆ្លើយតប នឹងអ្នករិះគន់ដែលថា កម្ពុជាមិនមានការចាំបាច់ត្រូវប្រើយន្តហោះមិកនោះទេ។
លោកថ្លែងថា៖ «ឥឡូវនិយាយឱ្យច្បាស់ ខ្ញុំទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យបង្កើតឱ្យរើសកងទ័ពចំនួនជាង ៣០០នាក់ សម្រាប់តែផ្នែកបំពេញបន្ថែមឱ្យការពារអាកាស។ កម្ពុជាអត់ត្រូវការចាំបាច់យកយន្តហោះ ទៅបាញ់គ្នាលើអាកាសទេ ត្រូវការកម្លាំងការពារអាកាស ដែលខ្ញុំហៅថា សំណាញ់មេឃ ព្រោះខ្ញុំធ្លាប់ស្គាល់ហើយតើ អាគេទម្លាក់គ្រាប់បែកយ៉ាងម៉េច អាគេបាញ់ពីលើយ៉ាងម៉េច ខ្ញុំធ្លាប់ស្គាល់ប្រសិទ្ធភាពរបស់វា។ សម័យរដ្ឋកម្ពុជាមិនដែលយកយន្តហោះទៅវ៉ៃទេ»។
លោកថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១ ៧៥៣នាក់ នៅរាជធានីភ្នំពេញនាថ្ងៃទី៣ ខែឧសភា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ កាលពីខែមីនា លោកហ៊ុន សែន លើកឡើងពី «សំណាញ់មេឃ» ដំបូងគឺដើម្បីឆ្លើយតបទៅនឹងអ្នកធ្វើអត្ថាធិប្បាយ ដែលរិះគន់ថា កម្ពុជាខ្វះខាតយន្តហោះមិក និងនាវាមុជទឹក ហើយលោកអះអាងថា អ្នកធ្វើអត្ថាធិប្បាយមួយចំនួន នៅតែមិនទាន់យល់ឬចាប់ន័យមិនបាននូវអ្វីដែលលោកចង់និយាយ អំពីអត្ថន័យនៃ «សំណាញ់មេឃ»នេះនៅឡើយ។
លោកថ្លែងថា៖«ថ្ងៃមួយ នៅពេទ្យអង្គឌួង ខ្ញុំនិយាយពីសំណាញ់មេឃ។ អ្នកមិនយល់មួយចំនួនស្តាប់អត្ថន័យយើងមិនបាន។ សារធាតុមិនមែនមនុស្ស ពេលនោះដែលមានការធ្វើអត្ថាធិប្បាយខ្លះថា យើងខ្វះយន្តហោះមិកខ្វះនាវាមុជទឹកស្អីៗ បានជាខ្ញុំនិយាយ»។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំថា មិនមានការចាំបាច់ប្រើប្រាស់យន្តហោះមិកទេ។ ទៅវ៉ៃ អ្នកណា ? ហើយវ៉ៃនៅកន្លែងណាពិតប្រាកដ ? យកមិកទៅឡើងបាញ់គ្នាលើ [អាកាស]? ខ្ញុំថា ប្រើប្រាស់សំណាញ់មេឃ។ អាណាទៅធ្វើសំណាញ់មេឃកើត? ប៉ុន្តែនិយមន័យអំពីសំណាញ់មេឃដែលខ្ញុំចង់និយាយនៅទីនេះ បានសេចក្តីថា កម្លាំងការពារអាកាសដែលទៅពីខាងក្រោម»។
លោកបានពន្យល់នូវអត្ថន័យសំណាញ់មេឃដូច្នេះថា៖ «យន្តហោះបើវាហោះនៅឯលើវាអត់ធ្វើអីយើងកើតទេ។ បើវាចង់ធ្វើអីយើងវាមុជក្បាលចុះមក ហើយបាញ់យើង ឬក៏ទម្លាក់គ្រាប់បែក។ អាពេលហ្នឹងពីខាងក្រោមឡើងរាប់សែនរាប់លានគ្រាប់។ ជើងលេខអីមិនត្រូវ អាតូចក៏ទៅអាធំក៏ទៅ។ អាហ្នឹងហើយដែលខ្ញុំចង់និយាយពីសំណាញ់មេឃ»៕