ភ្នំពេញៈ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣៩០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ កំពុងដំណើរការសាងសង់បាន ៦០% សម្រាប់ជំហានទី ១ ខណៈពលរដ្ឋរស់នៅរាជធានីភ្នំពេញបន្តត្អូញត្អែរខ្វះទឹកប្រើប្រាស់។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលវិនិយោគទឹកប្រាក់ជាង ៣៨០ លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនាថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតទឹកស្អាតសរុប ៣៩០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ និងត្រូវបានបែងចែកជា ២ ជំហាន។ ជំហានទី ១ សមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ និងជំហានទី ២ សមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបញ្ជាក់ថា៖ «នៅត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី ១ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោងជំហានទី ១»។
សម្រាប់ជំហានទី ១ នេះបានបែងចែកការដ្ឋានជា ៣ ផ្នែកធំសំខាន់ៗ ផ្នែកទី ១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹតិ្តកម្មទឹកស្អាត អាងទទួល អាងកូរយឺតលឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធន៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាលសម្រេចបាន ៥០%។ ផ្នែកទី ២ ការដ្ឋានស្ថានីយបូមទឹកល្អក់វិញ គឺការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% រីឯការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១ ៤០០ ចំនួន ២ ខ្សែ សម្រេចបាន ៤៥%។ ផ្នែកទី ៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត គឺការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២ ០០០ មិលី្លម៉ែត្រ ប្រវែង ៧ គីឡូម៉ែត្រ សម្រេចបាន ៩០% ហើយការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០ មិល្លីម៉ែត្រ សម្រេចបាន ៥០%។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដឹងថា ចំណែកការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី ២ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ ក៏កំពុងដំណើរការអនុវត្ត ស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការសាងសង់រោងចក្រនេះសម្រេចបានប្រមាណជា ៣៧%។
ពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីគម្រោង ២ នៅខណ្ឌកំបូល រាជធានីភ្នំពេញ លោក អិន ណែត បានថ្លែងថា លោករស់នៅដោយខ្វះទឹកស្អាតប្រើប្រាស់យូរឆ្នាំមកហើយ ទើបតែមុនចូលឆ្នាំខ្មែរឆ្នាំនេះមានទឹកប្រើប្រាស់វិញ ប៉ុន្តែមានដោយផ្ទះនោះទេ។
លោកបាននិយាយថា៖ «នៅកំបូលមានខ្លះ អត់ខ្លះ ប៉ុន្តែគម្រោងបុរីខ្ញុំនៅចាប់ផ្តើមមានវិញហើយ។ ប៉ុន្តែជាធម្មតា បើយើងអត់ដាក់ម៉ូទ័របូមទឹកទេ ក៏អត់ចេញតែម្តង ហើយបើពីមុន ទោះបូមម៉ូទ័រក៏អត់មានដែរ»។
លោកបានបន្តថា ដោយឡែកបុរីនៅគម្រោងផ្សេងទៀត បន្តខ្វះទឹកប្រើប្រាស់ដដែល ហើយទិញទឹកស្តុកទុក ក្នុង ១ ស៊ីទែនចំណុះ ១ ពាន់លីត្រ មានតម្លៃចន្លោះពី ២ ទៅ ៣ ម៉ឺនរៀល។ ទោះយ៉ាងណា លោកក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈគម្រោងផលិតទឹកស្អាតនៅបាក់ខែងដែលកំពុងពន្លឿនការសាងសង់នោះ រាជធានីភ្នំពេញនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងនៅកណ្តាលក្រុង និងនៅជាយរាជធានីភ្នំពេញ។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅបុរីពិភពថ្មីកួរស្រូវ ២ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក វន់ ប៊ុនរិន បានថ្លែងដែរថា បច្ចុប្បន្ន អ្នករស់នៅក្នុងបុរីមិនទាន់មានទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញប្រើប្រាស់នៅឡើយទេ គឺប្រើទឹករបស់បុរីដែលបុកអណ្តូង ហើយត្រូវបន្ថែមម៉ូទ័របូមទឹកទើបមានទឹកប្រើ។
លោកបានប្រាប់ថា៖ «រាល់ថ្ងៃយើងពិបាកតែរឿងទឹក ទាល់តែដាក់ម៉ូទ័រជំរុញទើបមានទឹកប្រើប្រាស់។ បើអ្នកអត់ដាក់ម៉ូទ័រអត់មានទឹកទេ ទោះបីមានក៏ទឹកមាននៅមុខផ្ទះដែរ អត់ចូលក្នុងទេ ដូចជាអ្នកជាប់ផ្ទះខ្ញុំអ៊ីចឹង គាត់អត់ដាក់ម៉ូទ័រទេ ហើយឃើញគាត់ដងទឹកមុខផ្ទះជារៀងរាល់ថ្ងៃ»។
សូមជម្រាបថា ក្នុងដំណាក់កាលទី ១ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃដែលនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០២២ និងដំណាក់កាលទី ២ ចុងឆ្នាំ ២០២៣។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្គត់ផ្គង់ទឹកស្អាត ដោយបានខិតខំជំរុញពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ឱ្យបានទាន់តាមផែនការដែលបានគ្រោងទុក ក៏ដូចជាការសិក្សាផែនការមេ រហូតដល់ឆ្នាំ ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕