ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ឱ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ ១៩ ជាច្រើនដូស មិនមានបញ្ហាណាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពឡើយ ដោយសារគ្រប់វ៉ាក់សាំងដែលបានប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។
លោកស្រីបានថ្លែងដូចនេះក្នុងពេលចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ ១៩ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋពីដំណើរការចាក់វ៉ាក់សាំងនៅតាមខ្នងផ្ទះ សាលារៀន ផ្សារ និងមន្ទីរពេទ្យនៅខេត្តកោះកុងដែលមានការចូលរួមដោយលោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។
ប្រធាន គ.វ.ក-១៩ បានបញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងនេះមិនមែនចាក់ទៅធ្វើឱ្យខូចសុខភាពទេគឺចាក់ដើម្បីការពារបងប្អូនពីការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ ១៩ ហើយវ៉ាក់សាំងដែលយើងប្រើប្រាស់នេះ សុទ្ធតែជាវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងសុទ្ធតែជាវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក»។
វ៉ាក់សាំងកូវីដ ១៩ ដែលកម្ពុជាបាននិងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះមានប្រភេទ ស៊ីណូវ៉ាក់ (Sinovac), ស៊ីណូហ្វាម (Sinopharm), អាស្ត្រាហ្សេនីកា (AstraZeneca), ចនស៊ុន&ចន់ស៊ុន (Johnson & Johnson), ភីហ្វាយហ្ស៊ឺ (Pfizer),ម៉ូឌឺណា (Moderna) និងវ៉ាក់សាំប្រភេទកូវីស្សែល (Covi-shield) ដែលវ៉ាក់សាំងទាំងនេះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «វ៉ាក់សាំងទាំងនេះ សុទ្ធតែមានប្រសិទ្ធភាព និងគុណភាពសម្រាប់ប្រើប្រាស់លើសរីរាង្គរបស់មនុស្ស។ អ៊ីចឹង! ការចាក់វ៉ាក់សាំងនេះច្រើនដងក៏មិនមានការប៉ះពាល់សុខភាពដែរ ព្រោះវ៉ាក់សាំងនេះត្រូវបានសិក្សារួចហើយ ហើយការចាក់នេះក៏មានថិរវេលាត្រឹមត្រូវផងដែរ មិនមែនយើងចេះតែចាក់ ឬធ្វើតាមការនឹកឃើញរបស់យើងនោះទេ»។
លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជាបានបង្ហាញឱ្យឃើញនូវតថភាពជាក់ស្តែងផងដែរថា ប្រសិនបើការស្រោចស្រពវ៉ាក់សាំងមិនទាន់ពេលទេនោះ ប្រហែលជាប្រជាពលរដ្ឋទាំងអស់មិនអាចចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំនាពេលកន្លងទៅនេះបានដែរ ហើយក៏អាចកំពុងស្ថិតនៅក្នុងការអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងតែងទៀតផង។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «យើងមិនចង់រស់នៅក្នុងប្រអប់កូវីដ ១៩ ទេ យើងចង់ដើរចេញពីប្រអប់កូវីដ ១៩ ដូចនេះដើម្បីឱ្យយើងបានដើរចេញពីប្រអប់កូវីដ ១៩ នេះ បាននិរន្តរភាពយូរ យើងត្រូវប្រើប្រាស់យុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើន ហើយដែលសំខាន់បំផុតនោះគឺការស្រោចស្រពវ៉ាក់សាំងនេះតែម្តង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែមេសា កន្លងទៅបានសម្រេចលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនៅតាមទីសាធារណៈ និងទីកន្លែងលម្ហ ដោយសារតែកម្ពុជាមានភាពស៊ាំសហគមន៍ បន្ទាប់ពីលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ ១៩ បានគ្របដណ្តប់ស្ទើរគ្រប់ ១០០% នៅទូទាំងប្រទេស។
ដើម្បីធានានូវភាពរឹងមាំ សម្រាប់បន្តនិរន្តរភាពនៃការមិនពាក់ម៉ាស់ និងមិនមានជំងឺឆ្លងបន្តទៀត លោក ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងដូសទី ៣ ដែលលោកចាត់ទុកដាក់វាជាដូសអប្បបរមាកម្រិតទាបបំផុតរបស់ប្រទេសកម្ពុជា។
លោក លឹម វេហាស៍ អាយុ ២៥ ឆ្នាំរស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា លោកបានចាក់វ៉ាក់សាំងកូវីដ ១៩ បាន ៤ ដងហើយ ហើយសុខភាពរបស់លោកធម្មតា មិនមានអ្វីប៉ះពាល់នោះទេ។
លោកបានឱ្យដឹងថា៖ «ខ្ញុំចាក់វ៉ាក់សាំងបាន ៤ ដងហើយ ហើយនិយាយទៅខ្ញុំព្រួយតាំងពីដំបូងឯណោះ ពេលបើកឱ្យចាក់ភ្លាមៗកាលពីអំឡុងខែកុម្ភៈ ២០២១ ដោយខ្ញុំខ្លាចចាក់ហើយឈឺដូចការនិយាយតៗគ្នា និងការផ្សាយតាមបណ្តាញសង្គមមួយចំនួន»។
លោកបានបន្ថែមថា៖ «លុះក្រោយមកឃើញថា គេចាក់ច្រើនដងហើយអត់អី ខ្ញុំក៏ទៅចាក់ដែរ ហើយបន្តចាក់រហូតមកដល់ដូសទី ៤ នេះតែម្តង។ ពេលចាក់មកដល់ដូសទី ៤ នេះខ្ញុំហាក់ដូចមិនបានគិតដល់រឿងក្ដីបារម្ភពីវ៉ាក់សាំងច្រើនដូសនេះទេ»។
លោក លឹម វេហាស៍ បានបន្តថា លោកគិតថាសរីរាង្គលោកអាចនឹងមានភាពស៊ាំខ្លាំងជាងមុន ដោយសារតាំងពីកូវីដ ១៩ ផ្ទុះខ្លាំងនៅដើមឆ្នាំ ២០២០ មកដល់ពេលនេះ លោកអត់ទាន់ឆ្លងកូវីដទេ ដែលលោកគិតថា មកពីវ៉ាក់សាំងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៩៣,៤៦ ភាគរយ ខណៈចំនួនអ្នកដែលបានចាក់ដូសទី ៣ មានចំនួនជាង ៨,៦ លាននាក់ និងដូសទី ៤ បានចំនួនជាង ១,៧ លាននាក់៕
វីដេអូ៖