កោះកុងៈ តាមរយៈកម្មវិធី CAPFISH-Capture សហភាពអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់នាវាល្បាតសមុទ្រ ៧ គ្រឿងដល់ខណ្ឌរដ្ឋបាលជលផលនៃខេត្តជាប់មាត់សមុទ្រទាំង ៤ របស់កម្ពុជា ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។
ពិធីប្រគល់ទទួលនាវាល្បាតទាំង ៧ គ្រឿង បានធ្វើឡើងនៅខេត្តកោះកុង នាព្រឹកថ្ងៃទី ០៤ ខែឧសភាឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោក វេង សាខុន បានថ្លែងថា នាវាល្បាត ៧ គ្រឿងថ្មីបន្ថែមទៀតនេះបំពាក់ផ្តល់ជូនអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល តំបន់ឆ្នេរទាំង ៤ នៅក្នុងខេត្តកោះកុង ព្រះសីហនុ កែប និងកំពតដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។
ទន្ទឹមនឹងនេះវាក៏ជាការអនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និងអធិការកិច្ចជលផលសមុទ្រ (NPCI) និងផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ក្នុងដែននេសាទសមុទ្រកម្ពុជា (NPOA-IUU)។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង ៤ នឹងយកសម្ភារនាវាខាងលើនេះទៅប្រើប្រាស់ត្រូវតាមគោលដៅក្នុងការបង្ក្រាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាទាំងនេះឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់»។
ទន្ទឹមនឹងនេះ លោកក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ដើម្បីលុបបំបាត់បទល្មើសជលផលគ្រប់ប្រភេទ ដោយត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទ និងបន្តជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាព ផលិតផលជលផល សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាពិសេសគឺជួយផ្តល់សាច់ត្រីដល់ពលរដ្ឋទូទៅព្រមទាំងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងស្មារតីទទួលខុសត្រូវឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍។
បើតាម លោក វេង សាខុន នៅក្នុងរយៈពេល ២ ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយមាននាវាល្បាតរថយន្ត ម៉ូតូ សម្ភារការិយាល័យ និងសម្ភារសម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើនដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ៕