ភ្នំពេញៈ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី ៥ មិថុនា ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងចូលរួមថែរក្សាបរិស្ថាន សម្រាប់ប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។
ទិវាបរិស្ថានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណជនសិស្ស និស្សិតជាពិសេសជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
កម្មវិធីនេះផ្តោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួមធ្វើអនាម័យបរិស្ថានដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៧ ដល់ម៉ោង ៩ ព្រឹក នៅសួនច្បារនាគបាញ់ទឹកក្នុងក្រុងបាត់ដំបង។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែឧសភា ថា តាមពិតទៅកម្មធវិធីនេះនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ៥ ខែមិថុនា ខាងមុខដែលជា ថ្ងៃ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។ ប៉ុន្តែដោយសារថ្ងៃទី ៥ មិថុនាចំថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូច្នេះហើយ បានជាក្រសួងបរិស្ថាន រំកិលមកធ្វើកម្មវិធីមុនពេលវេលា ព្រោះបើធ្វើក្នុងអំឡុងពេលបោះឆ្នោតនោះជាប់ពាក់ព័ន្ធការឃោសនា និងការបោះឆ្នោត។
យ៉ាងណាក្តី លោកបញ្ជាក់ថា ការជ្រើសរើសយកខេត្តបាត់ដំបងធ្វើជាកន្លែងសម្រាប់ប្រារព្ធកម្មវិធីនេះ ជាការធ្វើឡើងផ្លាស់ប្តូរវេនតាមខេត្ត ហើយកន្លងទៅ គឺធ្វើនៅខេត្តរតនគិរី កំពត និងបណ្តាខេត្តផ្សេងៗទៀត ដែលក្រសួងសហការរៀបចំជាមួយរដ្ឋបាលខេត្តនៅក្នុងទិសដៅសំខាន់ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់ដឹងពីសារៈសំខាន់នៃបរិស្ថាន និងការការពារនូវភពផែនដី។ លោកថា៖ «ការរៀបចំនៅខេត្តបាត់ដំបងនេះ យើងរំពឹងទុកថានឹងមានមនុស្សប្រមាណ ៣០០ នាក់ ដែលអញ្ជើញមកពីមន្ទីរជំនាញ រដ្ឋបាលខេត្ត នៅតាមស្រុក និងសិស្សានុសិស្ស ដែលចូលរួមនោះនឹងធ្វើការផ្សព្វផ្សាយ ដូចជាសកម្មភាពមួយចំនួន ដែលបង្ហាញអំពីការគិតគូរពីបរិស្ថាន និងផ្នែកជីវៈចម្រុះផ្សេងទៀតដែលជាផ្នែកនៃបរិស្ថាន»។
លោក នេត ភក្ត្រា បន្តថា អ្វីដែលយើងជួបបញ្ហាប្រឈមនៅក្នុងកិច្ចការពារបរិស្ថានគឺ ពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់រឹង រាវ សំរាម ទាក់ទងការការពារ និងអភិរក្សធនធានធម្មជាតិ។ ជាក់ស្តែងក្រសួងបរិស្ថានបានធ្វើការងារច្រើនក៏ដូចជារដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន និងបានដាក់ចេញនូវគោលនយោបាយទៅលើការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានតាមរយៈការផ្តល់នូវមុខរបរ និងគំនិតថ្មីដល់ប្រជាពលរដ្ឋ និងតាមរយៈអេកូទេសចរណ៍ជាដើម។ លោកថា៖ «អ៊ីចឹងការរៀបចំទិវាបរិស្ថាននេះក្រោមប្រធានបទ “ថែទាំភពផែនដី ដើម្បីសុខភាពយើង” គឺចង់បង្ហាញដល់ប្រជាពលរដ្ឋ មើលឃើញថា សុខភាពមនុស្ស គឺវាមានការផ្សារភ្ជាប់ជាមួយនឹងបរិស្ថានហើយសុខភាពភពផែនដីវាជាផ្នែកមួយដែលសំខាន់ពាក់ព័ន្ធសុខភាពមនុស្ស ព្រោះបើភពផែនដីមានការបំពុលបរិស្ថាន ក៏វាធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សដែរ»។
មន្ត្រីអង្គការអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី បានថ្លែងថា ការរៀបចំនេះគ្រាន់តែជាសាររំឭកខួបនៃទិវាបរិស្ថានហើយក៏ជាចំណុចដាស់តឿនមួយឱ្យប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការចងចាំឱ្យយកចិត្តទុកដាក់លើបរិស្ថានបន្ថែមទៀត។ លោកបន្តថា ប៉ុន្តែអ្វីដែលសំខាន់ គឺលើការអនុវត្តជាក់ស្តែង និងជាប្រចាំពីគ្រប់ភាគីពាក់ព័ន្ធ។ លោកថា៖ «ពីព្រោះយើងមិនមែននិយាយបញ្ហាបរិស្ថានតែថ្ងៃហ្នឹងទេ គឺយើងត្រូវធ្វើ និងនិយាយជាប្រចាំ អ៊ីចឹងមិនមែនយើងប្រារព្ធទិវាបរិស្ថានថ្ងៃនេះ ជួបជុំគ្នាផ្សព្វផ្សាយតែមួយថ្ងៃទេ សំខាន់លើការអនុវត្តជាក់ស្តែងជាប្រចាំទៅលើបញ្ហាបរិស្ថាន»។ ពាក់ព័ន្ធបញ្ហាបរិស្ថាន លោកសូមយកឱកាសនេះផ្តោតទៅលើសំរាម គឺពាក់ព័ន្ធការប្រមូលសំរាម និងទីលានចាក់សំរាម។ លោកថា៖ «ឃើញមានទីតាំងខ្លះ ១ ថ្ងៃប្រមូលសំរាមម្តង ប៉ុន្តែទីតាំងខ្លះទៀត រហូតដល់ ១ អាទិត្យ ឬ ១០ ថ្ងៃ បានប្រមូលម្តងដែលជាបញ្ហា។ ឧទាហរណ៍ការប្រមូលសំរាមនៅកន្លែងភ្ញៀវទេសចរ និងមនុស្សច្រើន គេប្រមូលបានល្អរាល់ថ្ងៃ ប៉ុន្តែនៅតាមបណ្តាសង្កាត់មួយចំនួន ការប្រមូលយឺតយ៉ាវ នេះជាបញ្ហា ហើយទីលានចាក់សំរាមមិនទាន់បានរៀបចំត្រឹមត្រូវ»។
ក្រសួងបរិស្ថានរំពឹងទុកថា តាមរយៈកម្មវិធីនេះ សាធារណជននឹងចូលរួមយ៉ាងសកម្មក្នុងការការពារ និងថែរក្សាបរិស្ថាន និងយល់អំពីវិធានការ ឬដំណោះស្រាយទៅនឹងបញ្ហាប្រឈមបរិស្ថានដែលកំពុងជួបប្រទះ ជាពិសេសយុវជននឹងមានការចូលរួមកាន់តែសកម្មក្នុងកិច្ចគាំពារបរិស្ថាន៕