ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបង្ហាញទិដ្ឋភាពច្បាប់ទៅគណបក្សភ្លើងទៀនពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការ និងការពន្យារនីតិវិធីតុលាការលើសកម្មជនដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៣ ខែឧសភា បញ្ជាក់ថា តាមគោលការណ៍ច្បាប់ ការទម្លាក់ចោលបទចោទ ឬការដោះលែងឱ្យនៅក្រៅឃុំ ជាសមត្ថកិច្ចរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ក្រសួងយុត្តិធម៌ដែលជាស្ថាប័ននីតិប្រតិបត្តិពុំមានសមត្ថកិច្ច និងសិទ្ធិអំណាចក្នុងការជ្រៀតជ្រែកកិច្ចការរបស់តុលាការនោះទេ។
លោកថ្លែងថា៖ «មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការទេ ដែលជាមធ្យោបាយខាងផ្លូវច្បាប់តែមួយគត់ ក្នុងការការពារខ្លួនដោយគួរពឹងពាក់មេធាវីក្នុងការជួយការពារក្តីនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ»។
លោកថា ពាក់ព័ន្ធការស្នើសុំឱ្យមានការពន្យារនីតិវិធីតុលាការលើសកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការដោយកុំឱ្យមានការកោះហៅក្នុងអំឡុងពេលរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ ក្រសួងយុត្តិធម៌ពុំមានសមត្ថកិច្ចក្នុងការបង្គាប់បញ្ជាទៅតុលាការនោះទេ។
បើតាមលោក ជិន ម៉ាលីន កន្លងមកក្រសួងយុត្តិធម៌ពុំដែលណែនាំឱ្យមានការពន្យារនីតិវិធីតុលាការនោះទេ គឺមានតែផ្តល់គោលការណ៍ណែនាំឱ្យពន្លឿនដំណើរការនីតិវិធីសំណុំរឿងដោយផ្អែកទៅលើផ្លូវច្បាប់ ដូចជាក្នុងយុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងជាដើម ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែននៅតាមពន្ធនាគារ។
លោកថ្លែងថា៖ «ជាមួយគ្នានេះ ក្រសួងយុត្តិធម៌បានទទួលយកសំណើរបស់តំណាងគណបក្សភ្លើងទៀន ដើម្បីពិនិត្យ និងពិចារណាទៅតាមសមត្ថកិច្ចរបស់ក្រសួង ដែលច្បាប់អនុញ្ញាត និងបានស្នើទៅតំណាងគណបក្សភ្លើងទៀនឱ្យជួយធ្វើការណែនាំទៅសកម្មជនរបស់ខ្លួនក្នុងការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចង់ឱ្យមានការអនុវត្តច្បាប់»។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ឧសភា ថាលោកបានស្នើសុំឱ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យ និងឃ្លាំមើលតុលាការនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដែលបានប្រព្រឹត្តខុសដោយបានចេញដីកាកោះហៅ និងចោទប្រកាន់ទៅលើសកម្មជន និងបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនប្រមាណ ៣០ នាក់ ដោយគ្មានហេតុផលសមរម្យ។
លោកបន្តថា ការធ្វើដូច្នេះបានធ្វើឱ្យសកម្មជន និងបេក្ខជនរបស់គណបក្សភ្លើងទៀនមានការភ័យខ្លាច ដែលធ្វើឱ្យដំណើរការ និងបរិយាកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខនេះ មិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សភ្លើងទៀនគ្រាន់តែចង់ឱ្យក្រសួងយុត្តិធម៌ណែនាំឱ្យតុលាការ អនុវត្តទៅតាមតួនាទី និងភារកិច្ចស្របទៅតាមច្បាប់ដោយមិនប្រកាន់និន្នាការនយោបាយ។ ទោះជាយ៉ាងណា គណបក្សក៏មិនចង់ឱ្យក្រសួងយុត្តិធម៌ប្រព្រឹត្តខុសទៅនឹងច្បាប់នោះដែរ។
លោកថ្លែងថា៖ «ពួកគាត់គ្មានធ្វើអ្វីខុសទេ មិនដែលនិយាយស្តី ឬ ធ្វើអ្វីឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដែលធ្វើឱ្យតុលាការកោះហៅ ឬឃាត់ខ្លួនពួកគាត់ទេ។ ឧទាហរណ៍ មានសកម្មជនម្នាក់គាត់មកធ្វើការឱ្យគណបក្សភ្លើងទៀន ដោយមិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទៀតទេ ចាប់គាត់ទៅដាក់នៅក្នុងពន្ធនាគារ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក សោម សូរីដា បានថ្លែងថា កិច្ចការនេះ គ.ជ.ប. មិនមានយន្តការដោះស្រាយទៅលើទំនាស់ខាងផ្លូវតុលាការនោះទេ ពោល គឺ គ.ជ.ប. ដោះស្រាយរាល់តែបញ្ហាណា ដែលជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត និងស្របទៅនឹងច្បាប់តែប៉ុណ្ណោះ។ ប៉ុន្តែអ្វី ដែលលោក សុន ឆ័យ លើកឡើងនេះ គ្រាន់តែចង់បញ្ជាក់ និងចង់ឱ្យមានការបន្ធូរបន្ថយស្ថានការណ៍រវាងអាជ្ញាធរ និងសកម្មជនរបស់គាត់តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «តាមដែលយើងពិនិត្យមើលជាទូទៅកិច្ចការនេះគឺជាកិច្ចការ ២ ផ្សេងគ្នា ហើយសម្រាប់ គជប គឺជាស្ថាប័នរៀបចំការបោះឆ្នោត។ អ៊ីចឹង អ្វីដែលលោក សុន ឆ័យ លើកថា ការបំភិតបំភ័យ ការកោះហៅ ឬចោទប្រកាន់ទៅលើសកម្មជន ឬបេក្ខជនខ្លួនពីសំណាក់តុលាការ វាគ្រាន់តែភ្ជាប់ស្ថានភាពរបស់គាត់ទៅនឹងការបោះឆ្នោតទេ ដើម្បីបន្ធូរភាពតានតឹងរបស់គាត់»៕