ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ កូយ សៅ បាន​សម្រេច​លើក​ពេល​សវនាការ​លើ​សំណុំរឿង​របស់លោក​ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវធ្វើ​នៅ​ថ្ងៃទី​ ៤ ឧសភា ទៅ​ថ្ងៃទី​ ១១ ខែឧសភា វិញ តាម​ការស្នើសុំ​របស់លោក​ ចេង ប៉េងហាប់ មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី ដោយសារ​លោក​មានធុរៈ​ជា​ចាំបាច់​។ នេះ​បើតាម​ចំណារ​លើ​លិខិត​ស្នើសុំ​ចុះ​ថ្ងៃទី​ ៣ ឧសភា ឆ្នាំ​ ២០២២​។

តាម​លិខិត​ស្នើសុំ​លើក​ពេល​សវនាការ​របស់​លោក​ ចេង ប៉េងហាប់ បាន​សរសេរថា​៖ «​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោង ៨:៣០ ​នាទី​ព្រឹក សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ៥៦៤២-I ចុះ​ថ្ងៃ ទី​ ៣ ខែកញ្ញា ឆ្នាំ​ ២០១៧ ប៉ុន្តែ យើងខ្ញុំ​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ខាងលើ​ពុំ​អាចមក​ចូលរួម​បានទេ ដោយសារ​មានធុរៈ​ជា​ចាំបាច់​មិនអាច​ខកខាន​បាន​»​។

លិខិត​នេះ​បន្តថា​៖ «​ហេតុដូច្នេះ ដើម្បី​កុំឱ្យ​មាន​ការខូចខាត​ដល់​ផលប្រយោជន៍​របស់​កូនក្តី​យើងខ្ញុំ យើងខ្ញុំ​ស្នើសុំ​លោក​ចៅក្រម​លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​ខាងលើនេះ​ទៅ​ថ្ងៃក្រោយ​វិញ​»​។

លោក​ ចាន់ ចេន សហមេធាវី លោក​ កឹម សុខា ថ្លែងថា ក្នុង​នាម​សហមេធាវី ក៏ដូចជា​លោក​ កឹម សុខា ពិតជា​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​លើក​ពេល​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​ហើយ​ម្តងទៀត​។ មួយវិញទៀត សវនាការ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី ​៤ ឧសភា ប៉ុន្តែ​ទាំង​លោក​ កឹម សុខា និង​សហមេធាវី​ទទួល​បាន​ដំណឹង​នៅ​ព្រលប់​ថ្ងៃទី​ ៣ ឧសភា ដែល​ខុស​ទៅនឹង​ច្បាប់រដ្ឋបាល​។

លោក​ថ្លែងថា​៖ «​ចំណារ​របស់​ប្រធាន​ចៅក្រម​ទៅលើ​ពាក្យ​ស្នើសុំ​របស់​សហមេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី យើង​ឃើញ​ចំណារ​ឯកភាព​នេះ យើង​គួរឱ្យ​សោកស្តាយ​ និង​មានការ​ហួសចិត្ត​ផងដែរ ពីព្រោះ​មែនទែន វា​ជា​កិច្ចការ​រដ្ឋបាល​យ៉ាងហោចណាស់ ៣ ​ថ្ងៃ មុន​ដែរ​។ យើង​ និង​ភាគី​ពាក់ព័ន្ធ​ក៏មាន​ការរវល់​ដែរ និង​ត្រៀម​ចូល​សវនាការ ប៉ុន្តែ​វា​ផ្ទុយ​បែប​ហ្នឹង យើង​មានការ​ខកចិត្ត​»​។

បើតាម​លោក​ ចាន់ ចេន ការដែល​អូសបន្លាយ​ពេលវេលា​សវនាការ​កូនក្តី​របស់​លោក គឺ​លោក កឹម សុខា ជិត ​៥​ ឆ្នាំ​មកនេះ និង​លើក​ពេល​ម្តង​ហើយ​ម្តងទៀត​បែបនេះ វា​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​របស់​កូនក្តី​លោក​ដែល​មានចែង​នៅក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​ជនជាប់ចោទ​ទទួល​បាន​នូវ​ការជំនុំជម្រះ​យ៉ាង​ឆាប់​រហ័ស និង​យុត្តិធម៌​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី-​ភ្នំពេញ នៅ​ថ្ងៃទី​ ៤ ខែឧសភា បាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​លោក​បាន​រុញ​ឱ្យទៅ​សួរ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ី រិន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តុលាការ​បានសម្រេច​ទៅតាម​ការស្នើសុំ​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី ដែលមាន​កិច្ចការងារ​ចាំបាច់​មិនមាន​ភាពលម្អៀង​ដូច​ការ​ចោទ​នោះទេ​។ ប៉ុន្តែ បើ​ការសម្រេច​នេះ វា​មាន​ភាពយឺត​ពេក សវនាការ​នឹង​ចាប់ផ្តើម​បាត់ទៅហើយ​។ ដូច្នេះ​តុលាការ​ត្រូវតែ​សម្រេច​ឱ្យបាន​មុន​សវនាការ​ចាប់ផ្តើម​៕

វីដេអូ៖