សៀមរាបៈ/មណ្ឌលគិរីៈ ក្រុមចល័តខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងបានសហការគ្នាចុះឃាត់ចាប់រ៉ឺម៉កដឹកធ្យូង ៤ គ្រឿងនៅចំណុចផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង នៅថ្ងៃទី ៣ ឧសភា ខណៈសមត្ថកិច្ចខេត្តមណ្ឌលគិរីបានចុះបង្ក្រាបរថយន្តដឹកឈើ ៤ គ្រឿង ពេលដឹកឈើចេញពីព្រៃអភិរក្ស។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៣ ឧសភាថា ក្នុងប្រតិបត្តិការនេះមន្ត្រីរដ្ឋបាលព្រៃឈើបានដកហូតធ្យូងសុរប ៦១៧ ការុង ស្មើនឹង ១ ២៣៤០ គីឡូក្រាម យកទៅរក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង។
លោកប្រាប់ថា ក្រោយឃាត់បានវត្ថុតាង មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានធ្វើការផ្ទៀងផ្ទាត់ ព្រំប្រទល់សហគមន៍ព្រៃឈើទឹកជប់ ខ្នារពោធិ៍ ព្រំប្រទល់ ប៉ែកខាងលិច (ដែលមានប្រជាជនរស់នៅ) ប្រវែង ២ ៤២០ ម៉ែត្រ លើនិយាមការចំនួន ៦ ចំណុច គឺបញ្ជាក់ថារ៉ឺម៉កធ្យូងទាំង ៤ គ្រឿងនេះប្រជាពលរដ្ឋបានដឹកជញ្ជូនឆ្លងខេត្ត។
លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះមន្ត្រីជំនាញមិនបានឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនោះទេ ព្រោះតាមច្បាប់មិនតម្រូវឱ្យឃាត់ខ្លួន។ លោកថា ក្នុងករណីបែបនេះមន្ត្រីជំនាញត្រូវទុកពេលវេលាឱ្យម្ចាស់វត្ថុតាងចូលខ្លួនបង់ពិន័យតាមច្បាប់។
លោកថ្លែងថា៖ «បានជាយើងធ្វើការឃាត់រ៉ឺម៉កដឹកធ្យូងទាំងនេះដោយសារតែពួកគាត់មិនមែនប្រើប្រាស់ក្នុងខេត្តទេ គឺនាំចេញទៅក្រៅខេត្ត អ៊ីចឹង តាមច្បាប់ គឺយើងត្រូវធ្វើការពិន័យព្រោះច្បាប់មិនត្រូវការចាប់មនុស្សទេ ក្នុងករណីបែបនេះ»។ លោក ម៉ុង ប៊ុនលីម ប្រាប់ថា ការចុះអនុវត្តការងារនេះគឺសង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគម និង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងសហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើទឹកជប់ ខ្នារពោធិ៍ ក្រុមប្រឹក្សា ឃុំខ្នារពោធិ៍ ភូមិបាលស្រុក នគរបាលប៉ុស្តិ៍ មេភូមិជប់នឹងភូមិរំដេង។
ដោយឡែកនៅយប់ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែឧសភា សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបរថយន្តដឹកឈើចំនួន ៤ គ្រឿង ពេលដឹកឈើចេញពីព្រៃអភិរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរីនឹងបានយកទៅរក្សាទុកនៅស្នាក់ការរងចំបក់ ដើម្បីចាត់ការទៅតាមនីតិវិធី។
ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញប្រភេទឈើសុក្រំឡាំង ៨ ជ្រុងចំនួន ១៩ ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន ២ គ្រឿង ពាក់ស្លាកលេខ 2A-5030 មួយទៀត គ្មានស្លាកលេខ និងរថយន្តបាកុងកែច្នៃ ២ គ្រឿង។ រីឯក្រុមជនល្មើសបានរត់គេចខ្លួនបាត់។
មន្ត្រីឧទ្យានុរក្សស្នាក់ការរងដើមចំបក់ឱ្យដឹងថា ក្រុមការងារបានខិតខំប្រឹងប្រែងក្នុងការបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ជាពិសេសការដើរល្បាត ប៉ុន្តែក្រុមជនខិលខូចនៅតែលួចប្រព្រឹត្តបទល្មើសបាន។ យ៉ាងណាក្តីក្រុមការងារបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចថែមទៀតដោយមិនបណ្តោយឱ្យពួកជនល្មើសប្រព្រឹត្តអ្វីតាមអំពើចិត្តបាននោះឡើយ៕