ភ្នំពេញៈ កម្ពុជា និងក្រូអាស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ការចុះ MoU នេះធ្វើឡើងនាថ្ងៃទី ៤ ខែឧសភា ក្នុងជំនួប រវាងលោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អ៊ីវ៉ានវឺលីមៀរ ស្តាសឺវ៉ិច (Ivan Velimir Starčević) ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសក្រូអាស៊ីប្រចាំកម្ពុជានៅទីស្តីការក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកនាថ្ងៃទី៤ ឧសភា ថា៖«ក្នុងឱកាសនោះផងដែរ ភាគីកម្ពុជា និងក្រូអាស៊ីក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង២បន្ថែមទៀត»។
នៅមុនជំនួបនេះ លោក Starčević បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ចំពោះព្រះភ័ក្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកលុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាសរសេរនៅលើទំព័រហ្វេសប៊ុកថា ក្នុងជំនួបនាថ្ងៃទី៤ ខែឧសភា ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាផលប្រយោជន៍រួមមួយចំនួន ហើយលោក Starčević ដែលបានចូលរួមក្នុងដំណើរការកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM)កន្លងមកនេះ លោកបានសម្តែងការអបអរសាទរ«យ៉ាងកក់ក្តៅ»ចំពោះប្រទេសកម្ពុជាដែលទទួលបានជោគជ័យជាប្រធានASEM លើកទី១៣ កាលពីឆ្នាំ២០២១។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ និងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុបដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប(ASEM SOM) តាមរយៈប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីឧត្តមមន្ត្រី នៃបណ្តាប្រទេសជាដៃគូ ASEM ចំនួន៥១រូប និងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៊ី-អឺរ៉ុប(ASEF)។
លោក Starčević នាថ្ងៃទី៥ ខែឧសភា បានជួបជាមួយលោកសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានៅវិមានព្រឹទ្ធសភា។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី៥ ខែឧសភា ថាតាមរយៈការចុះMoU រវាងប្រទេសទាំង២នេះ គឺជាផ្នែកមួយនៃការអនុវត្តពិពិធកម្មការទូតរបស់កម្ពុជា ប៉ុន្តែកន្លងមក ទំនាក់ទំនងការទូតរវាងកម្ពុជា និងក្រូអាស៊ី ដូចជាមិនមានលក្ខណៈពិសេសអ្វីនោះទេ។ វាគឺជាទំនាក់ទំនងធម្មតា។
លោកថា កម្ពុជាមិនទាន់មានការដាក់ស្ថានទូតរបស់ខ្លួននៅក្រូអាស៊ី ហើយក្រូអាស៊ី ក៏មិនទាន់ដាក់ស្ថានទូតរបស់ខ្លួននៅកម្ពុជាផងដែរ។ ទោះយ៉ាងណា ការដែលរដ្ឋាភិបាលកម្ពុជាពង្រីកទំនាក់ទំនងទៅកាន់ប្រទេសផ្សេងៗទៀតកាន់តែច្រើន គឺកាន់តែប្រសើរដើម្បីឱ្យកម្ពុជាមានពិពិធកម្មការទូតរបស់ខ្លួន៕