ភ្នំពេញៈ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបបន្តជំរុញយន្តការចុះល្បាតស្រាវជ្រាវនិងបង្ក្រាបបទល្មើសនេសាទនៅទូទាំងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីធ្វើឲ្យធនធានមច្ឆជាតិបានប្រសើរប្រកបដោយចីរភាពបន្ទាប់ពីរងភាពខ្ទេចខ្ទាំដោយសារបទល្មើសនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការជំរុញនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំបូកសរុបរបាយការណ៍រយៈពេល២ខែនៃការអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្ដីពីការបង្ក្រាបបទល្មើសជលផលជុំវិញបឹងទន្លេសាបដោយគ្មានការលើកលែង។
លោក អ៊ឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥ខែឧសភាថាកាលពីថ្ងៃទី២ ខែឧសភា គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបបានបើកកិច្ច
ប្រជុំវាយតម្លៃលើលទ្ធផលបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាបក្នុងពេលកន្លងមកនិងលើកទិសដៅសម្រាប់ការអនុវត្តបន្តដើម្បីធានាឲ្យបាននូវនិរន្តរភាពធនធានជលផលក្នុងបឹងទន្លេសាប។
លោកបានបន្តថា ក្នុងកិច្ចប្រជុំនោះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការបន្ថែមទៀតក្នុងការចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ដើម្បីកុំឲ្យជនប្រព្រឹត្តល្មើសបន្តលួចធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖«ជាលទ្ធផលនៃកិច្ចប្រជុំនោះគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបបានឯកភាពគ្នាទៅលើវិធានការចំនួន២ជាចម្បងគឺវិធានការចំពោះមុខនិងវិធានការរយៈពេលមធ្យម និងរយៈពេលវែង»។
បើតាមលោក អ៊ឹង ទ្រី វិធានការចំពោះមុខនេះគឺផ្ដោតសំខាន់លើការបោះបង្គោលព្រំប្រទល់រងក្នុងតំបន់អភិរក្សជលផល ការរក្សាកម្លាំងចម្រុះថ្នាក់ជាតិនិងបញ្ជាការស្រាលខេត្តទាំង៦នៅលើទីតាំងឈរជើងក្នុងបឹងទន្លេសាប ការត្រួតពិនិត្យស្រាវជ្រាវពីប្រភពនៃការផលិតមធ្យោបាយបម្រើឲ្យបទល្មើស ជំរុញលើកទឹកចិត្តឲ្យប្រជាសហគមន៍ព្រៃឈើឱ្យរួមសហការជាមួយរដ្ឋបាលព្រៃឈើស្រាវជ្រាវនិងទប់ស្កាត់និងបង្ក្រាបការដឹកជញ្ជូនឈើកូនឈើចូលទៅក្នុងបឹងទន្លេសាបក្នុងគោលដៅធ្វើសកម្មភាពបទល្មើសនេសាទនិងការរៀបចំស្ដារនិងគ្រប់គ្រងបឹងទន្លេឆ្មារដើម្បីធ្វើឲ្យប្រសើរឡើងនូវធនធានជលផល...។
ចំណែកវិធានការរយៈពេលមធ្យមនិងវែងវិញគឺផ្ដោតសំខាន់លើការជំរុញធ្វើវិសោធនកម្មច្បាប់ជលផលនិងការរៀបចំលិខិតគតិយុត្តក្រោមច្បាប់លើការងារជលផលដើម្បីជាមូលដ្ឋានអនុវត្តនិងធានាបានធនធានជលផលប្រកបដោយនីរន្តរភាព ការចុះអប់រំផ្សព្វផ្សាយច្បាប់ជលផលនិងលិខិតគតិយុត្ត ក្រោមច្បាប់លើការងារជលផល ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដើម្បីឲ្យពួកគាត់ចូលរួមគោរពច្បាប់និងការរៀបចំកសាងសារមន្ទីរជលផលនៅតាមបណ្ដាខេត្តដើម្បីរក្សាទុកឧបករណ៍ខុសច្បាប់ដែលបានរឹបអូសពីបទល្មើសសម្រាប់ជាការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រផ្សេងៗរបស់ជនប្រព្រឹត្តបទល្មើស។
ទន្ទឹមនឹងនេះលោកទ្រី បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញនូវរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីក្នុងរយៈពេល២ខែគឺចាប់ពីថ្ងៃទី២ខែមីនាដល់ថ្ងៃទី១ខែឧសភា ឆ្នាំ
២០២២ ដោយសមត្ថកិច្ចពាក់ព័ន្ធបានចាប់និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចំនួន៤៤នាក់ក្នុងនោះ២៤នាក់ត្រូវបានឃុំខ្លួននិង២០នាក់ទៀតត្រូវបានតុលាការចេញដីកាកោះឲ្យចូលខ្លួនមកឆ្លើយបំភ្លឺជុំវិញការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។រីឯមនុស្ស៤៣២៦នាក់ត្រូវបានអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពលួចឆ្មក់ចូលទៅរាវលៀសឬបង់សំណាញ់ចាប់ត្រីក្នុងតំបន់អភិរក្សត្រីមេពូជ។
ចំណែកវត្ថុតាងដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើសនេសាទមួយចំនួនដែលបានដកហូតរួមមាន កាណូត៧០គ្រឿង,ម៉ាស៊ីនកាណូត២៥គ្រឿង,អួនអូសទឹកសាប៣៤វង់,ម៉ាញ់៣វង់,ឆក់ត្រជាក់ឆក់ក្ដៅ៥៥គ្រឿង, ឈិបយន្ត៥គ្រឿង,អួនហ៊ុម១៦វង់,របាំងស្បៃមុងឬសាច់អួន៤៩ ៤១០ម៉ែត្រ,លូឬលប ៤៣៥មាត់ និងបង្គោលឬចម្រឹង ៥៨ ៥០៤ដើម។
ថ្វីបើយ៉ាងដូច្នេះក្ដីបទល្មើសនេសាទនៅតែបន្តឃើញមាននៅក្នុងភូមិសាស្ត្រជុំវិញតំបន់បឹងទន្លេសាបជាពិសេសបទល្មើសដាក់សម្រាស់។ នេះបើតាមការអះអាងរបស់លោក អូត ឡុង សមាជិកសម្ព័ន្ធសហគន៍នេសាទកម្ពុជា ក្នុងខេត្តពោធិ៍សាត់។
លោកបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់លោករួមជាមួយសមត្ថកិច្ចចម្រុះបានចុះល្បាត ហើយបានប្រទះឃើញបទល្មើសនេសាទដាក់សម្រាស់ជាច្រើនកន្លែងក្នុងស្រុកកណ្ដៀងនាពេលកន្លេងមក។
លោកថ្លែងថា៖«បទល្មើសសម្រាស់គឺទាក់ទាញឲ្យត្រីកុំហើយបន្ទាប់មកគេប្រើសំណាញ់សាច់អួនហ៊ុមព័ទ្ធដើម្បីចាប់យកទាំងតូចទាំងធំ។ក្រៅពីបំផ្លាញធនធានមច្ឆជាតិ បទល្មើសនេះសម្រះនេះបានរួមចំណែកធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានព្រៃលិចទឹកនិងជីវចម្រុះ ព្រមទាំងប្រព័ន្ធអេកូឡូស៊ីនៃបឹងទ្លេសាបផងដែរ»។
យ៉ាងណាក្ដីលោកថាក្រោយពីអាជ្ញាធរចាត់វិធានការចុះស្រាវជ្រាវនិងបង្ក្រាបយ៉ាងសកម្មក្រុមជនល្មើសហាក់ដូចជារអាមិនហ៊ានចេញធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំ និងបើកចំហដូចមុនទេ។
ជុំវិញករណីនេះ លោក ភុំ វិមល ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅសប្ដាហ៍ខាងមុខនេះក្រុមសមត្ថកិច្ចចម្រុះថ្នាក់ខេត្តនឹងបន្តចុះស្រាវជ្រាវនិងបង្ក្រាបបទល្មើសសម្រះនេះនៅក្នុងស្រុកកណ្ដៀងនិងស្រុកបាកានដោយសារស្រុកទាំង២នេះត្រូវបានរកឃើញថានៅមានបទល្មើសសម្រាស់ច្រើន។ ប៉ុន្តែមិនមែនជាបទល្មើសដែលទើបកើតឡើងថ្មីទេ។
លោកថ្លែងថា៖«បទល្មើសឆក់និងអូសអួនដោយប្រើកាណូតធំៗត្រូវបានបង្ក្រាបអស់ហើយនៅឡើយតែបទល្មើសដាក់សម្រាស់ដែលក្រុមជនល្មើសបានលួចបង្កប់ នៅក្នុងទឹក ជាយូរមកហើយ»។
បើតាមលោក វិមល នៅពេលនេះក្រុមការងាររបស់លោកកំពុងបន្តចុះដាំបង្គោលកំណត់ព្រំប្រទល់តំបន់អភិរក្សធនធានជលផលដែលមកទល់ពេលនេះបានសម្រេចជាង៧០ភាគរយហើយនិងកំពុងបន្តរៀបចំធ្វើជំរំ
សុវត្ថិភាពសម្រាប់ត្រីពងកូនដោយដាំបង្គោលនិងទម្លាក់គល់ឈើធំៗក្នុងតំបន់អភិរក្សត្រីពូជដើម្បីការពារការកុំឲ្យក្រុមប្រព្រឹត្តបទល្មើសលួចឆ្មក់ចូលមកនេសាទត្រីខុសច្បាប់ក្នុងតំបន់អភរិក្សបាន។
ផ្អែកតាមវិធានការស្ដារនិងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាបនិងការបេ្ដជ្ញាចិត្តរួមគ្នាបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបនេះត្រូវបានគេរំពឹងថានៅឆ្នាំបន្តបន្ទាប់ខាងមុខនេះទិន្នផលត្រីក្នុងបឹងទន្លេសាបនឹងមានការកើនឡើងបើទោះជាមិនសម្បូរដូចអំឡុងទសវត្សរិ៍ឆ្នាំ១៩៨០ក៏ដោយ។
លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានដឹកនាំមន្ត្រីចុះស្រាវជ្រាវបទល្មើសជលផលនៅតំបន់បឹងទន្លេសាបកន្លងទៅបានលើកឡើងថាមានចំណុចចំនួន៤ដែលបង្ហាញថាត្រីនឹងកើនឡើងវិញគឺការឈប់នេសាទខុសនឹងច្បាប់ជលផល កុំនេសាទនៅរដូវត្រីពង ត្រូវអភិរក្សតំបន់ទន្លេឆ្មារនិងសំខាន់មួយទៀតគឺរក្សាព្រៃលិចទឹកសម្រាប់ត្រីពងកូន។
លោកមានប្រសាសន៍ថា៖«ទោះយ៉ាងណាទិន្នផលត្រីនឹងមិនអាចកើនដូចដើមវិញទេប្រសិនបើទឹកបឹងនៅតែបន្តគោករាក់នៅរដូវប្រាំងហើយការប្រើប្រាស់ថ្នាំគីមីនៅតែបន្តនៅតំបន់ជុំវិញបឹងទន្លេសាប។តែបើការងារនេះត្រូវបានធ្វើឡើងប្រកបដោយឆន្ទៈ នោះត្រីនឹងត្រឡប់មកដូចដើមវិញដោយប្រើប្រាស់ទន្លេឆ្មារជាប្រភពវារីវប្បកម្ម»។
ទិន្នផលត្រីក្នុងបឹងទន្លេសាបមិនត្រូវបានបង្ហាញជាក់លាក់ទេក្នុងមួយរយៈចុងក្រោយនេះខណៈមានក្ដីបារម្ភថាធនធានត្រីបានធ្លាក់ចុះទាបនិងបន្តបាត់បង់ជារៀងរាល់ឆ្នាំ។ក៏ប៉ុន្តែបើតាមរបាយការណ៍ក្រសួងកសិកម្មនៅក្នុងឆ្នាំ២០២១ប្រទេសកម្ពុជាមានទិន្នផលត្រីទឹកសាបសរុបជាង៣៨ម៉ឺនតោនដែលមានប្រាក់ចំណូលជាង១,៧ ពាន់លានដុល្លារ។
កាលពីថ្ងៃទី២៣ខែមីនាឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាបក្រោយលោកទទួលបានព័ត៌មានថាមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំ។ទន្ទឹមនឹងនេះលោកបានជំរុញឲ្យដាំដុះដើមឈើលើដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាង៧ម៉ឺនហិកតាដែលទើបរឹបអូសពីក្រុមជនបទល្មើសថ្មីៗនេះឡើងវិញផងដែរ។
ជុំវិញករណីនេះ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២បានសហការជាមួយក្រសួងបរិស្ថានបានបន្តដាំកូនឈើ១៥០០០ដើមលើផ្ទៃដី៣៥ហិកតា នៅតំបន់ព្រៃលិចទឹក ក្នុងតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានចូលរួមការពារនិងអភិរក្សព្រៃលិចទឹកតំបន់៣ក្នុងភូមិសាស្ត្រខេត្តសៀមរាបដើម្បីធ្វើឲ្យមានជីវចម្រុះសម្បូរបែប និងលើកស្ទួយជីវភាពសហគមន៍ឱ្យកាន់តែប្រសើរឡើង ។
ចំណែក លោក សេន ណាស៊ី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចាត់ទុកការចូលដាំស្តារព្រៃលិចទឹកឡើងវិញនេះថាជាការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិកម្ពុជា។
បើតាមលោក ណាស៊ី នេះជាលើកទី២ហើយដែលមានការដាំកូនឈើស្តាព្រៃលិចទឹកឡើងវិញនៅតំបន់៣នៃភូមិសាស្ត្រខេត្តសៀមរាបដោយលើកទី១នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ដោយដាំចំនួន២០០០ដើមលើដីទំហំ៥ហិកតា៕