ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានលើកឡើង ពីកង្វះឆ្មបជំនាញ នៅកម្ពុជា ស្របពេលបច្ចុប្បន្នមានឆ្មបជាង ៦ពាន់នាក់ ទាំងផ្នែករដ្ឋ និងឯកជន ខណៈលោកក៏ជំរុញដល់ភាគីពាក់ព័ន្ធត្រូវគិតគូ ពីការអភិវឌ្ឍធនធានមនុស្ស លើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន។
ការលើកឡើងនេះ ត្រូវបានធ្វើឡើង នាឱកាសក្រសួងសុខាភិបាល រួមនឹងអង្គការ UNFPA ប្រចាំកម្ពុជា តំណាងអង្គការ CHAI ប្រចាំកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ បានប្រារព្ធ ទិវាឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ «ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល» កាលពីថ្ងៃទី៥ខែឧសភានេះ។
លោក ម៉ម ប៊ុនហេង បានលើកថា៖ «យើងមានឆ្មបទូទាំងប្រទេស ៦ ៦៨៨ ទាំងផ្នែករដ្ឋ និងប្រតិបត្តិផ្នែកឯកជនផង។ ខ្ញុំយល់ថា មនុស្សយើង នៅកើតបន្តទៀត កាលណាកើតត្រូវមានឆ្មបបន្តទៅមុខទៀត ដូច្នេះ យើងត្រូវគិតគូរអំពីផែនការទាក់ទងវិជ្ជាសាស្រ្ត ហើយនឹងការអភិវឌ្ឍន៍ធនធានមនុស្សរបស់យើង ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ»។
យ៉ាងណាក៏ដោយលោក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់រាជរដ្ឋាភិបាល មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អពាក់ព័ន្ធការគ្រប់គ្រងកូវីដ១៩ ទើបមានឱកាសបានរៀបចំទិវាឆ្មបជាតិនេះឡើង។
ជាពិសេសនោះ លោកថ្លែងអំណរគុណដល់ឆ្មបទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសផ្តល់ សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានា នៅលើពិភពលោកកំពុងទទួលរងនូវការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងឱកាសទិវាឆ្មបជាតិនេះដែរ ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ លោកស្រី ប៉ុន រ៉ានី បានអំពាវនាវដល់គ្គលិកសុខាភិបាល ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន។
លោកស្រី ក៏បានអំពាវនាវឱ្យផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា និងផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល ក៏ដូចជាផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។
ជាមួយគ្នានេះ លោកស្រី ប៉ុន រ៉ានី ជំរុញដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់ របស់គ្រូពេទ្យ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខ តាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។
មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)ប្រចាំនៅកម្ពុជា ដែលធ្វើការពាក់ព័ន្ធសុខភាពមាតា និងទារក បានចូលរួមអបអរសាទរ ទិវាឆ្មបជាតិ និងអន្តរជាតិនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ឆ្មបទាំងអស់សម្រាប់ ការថែទាំស្ត្រី និងទារកទើបនឹងកើត ការផ្តល់សេវាពន្យារកំណើត និងរៀបចំផែនការគ្រួសារ និងការលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រី។
ដោយឡែកបេឡាជាតិសន្តិសុខសង្គម បានជូនដំណឹង ចំពោះស្ត្រីដែលមានផ្ទៃពោះចាប់ពី ២៦សប្តាហ៍ឡើងទៅ អាចស្នើសុំប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល ៤០ម៉ឺនរៀល និងប្រាក់បំណាច់ ៧០% បាន។
ក្រសួងសុខាភិបាល ឱ្យដឹងថា បើទោះបីជា ស្ថានភាពជំងឺកូវីដ១៩ បានដាក់សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាម គោលដៅដូចជា អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី ១៧០ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ ២០១៤ មកនៅត្រឹម ១៤១ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ២០១៩។
ជាមួយគ្នានេះ អត្រានៃការសម្រាលកូន ដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី ៨៥% នៅឆ្នាំ២០១៦ ទៅដល់ ៨៩% នៅឆ្នាំ ២០២០។
រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាលក៏បានកើនពី៨០% ទៅ ៨៩%នៅក្នុង អំឡុងពេលដូចគ្នានេះដែរ៕