ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើឱ្យភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ចំនួន ២០០ នាក់មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទរួម ខណៈកិច្ចប្រជុំរកដំណោះស្រាយលើក ៩ នៅមិនទាន់ឯកភាព។
សេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទរួមនៅក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា ក្រសួងការងារបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី ៩ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងតំណាងកម្មករនិយោជិតផងដែរ ប៉ុន្តែភាគីទាំង ២ មិនទាន់ឯកភាពគ្នាលើចំណុចណាមួយនៅឡើយ។ ដូចនេះក្រសួងកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃទី ១១ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៤:៣០ នាទី ដើម្បីឱ្យភាគីទាំង ២ មានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
ជាថ្មីម្តងទៀត ក្រសួងការងារបញ្ជាក់ថា៖ «ក្រសួងស្នើឱ្យភាគីទាំង ២ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ»។
សេចក្តីជូនដំណឹងឱ្យដឹងថា សម្រាប់មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត គឺនៅដដែលដោយស្នើឱ្យកម្មករ ២០០ នាក់ ដែលបានបញ្ឈប់ពីការងាររួមចូលធ្វើការងារ និងធ្វើការដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារ ហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០ នាក់ និងធ្វើការខែទី ១ ចំនួន ៥០% ខែទី ២ ចំនួន ៧០% រហូតដល់មានវេនធ្វើការងារពេញវិញ។
ភាគីសហជីពស្នើឱ្យក្រុមហ៊ុនបង្កើតជម្រើសផ្សេងម្តង ដោយសារកន្លងមក ភាគីតំណាងកម្មករ-និយោជិតជាអ្នកបង្កើតជម្រើស។ ប៉ុន្តែមិនមានដំណោះស្រាយ ហើយក្រុមហ៊ុនប្រកាន់ជំហរដាច់ណាត់ថាមិនទទួលយកចូលធ្វើការវិញ។ ម្យ៉ាងទៀតភាគីសហជីពស្នើសុំតាមរយៈក្រសួងការងារ ទម្លាក់បទចោទចំពោះតំណាងកម្មករ-និយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ និងស្នើសុំបើកការិយាល័យសហជីពឡើងវិញ ដោយសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗមកប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ។
ចំណែកមតិរបស់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍នៅរក្សាជំហរក្នុងការដោះស្រាយ គឺនៅបន្តដូចកន្លងមក ដោយមិនយល់ព្រមទទួលយកកម្មករដែលបានបញ្ឈប់ពីការងាររួមឱ្យចូលធ្វើការវិញទេ។
ភាគីក្រុមហ៊ុនបន្តថា អ្នកដែលមិនទាន់មកទទួលប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនៅសល់តែជាង ១៩០ នាក់ប៉ុណ្ណោះ ហើយចំពោះអតីតកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារ គឺក្រុមហ៊ុននៅរក្សាកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងដដែល។ តំណាងក្រុមហ៊ុនបញ្ជាក់ថា ចំនួនបុគ្គលិកបច្ចុប្បន្នរបស់ក្រុមហ៊ុន គឺលើសពីតម្រូវការអាជីវកម្មរបស់ក្រុមហ៊ុន ហើយជាក់ស្តែងទោះបីជាកម្មករនិយោជិតដែលអវត្តមានដោយគ្មានច្បាប់ជាច្រើនរយនាក់ក៏ដោយ ក៏សកម្មភាពអាជីវកម្មក្រុមហ៊ុននៅតែដំណើរការជាធម្មតាដដែល។
ភាគីក្រុមហ៊ុនបន្តថា រយៈពេលចុងក្រោយនេះ កម្មករអវត្តមានដោយគ្មានច្បាប់ទាំងនោះបានវិលត្រឡប់ចូលធ្វើការវិញជាហូរហែ ដែលពេលនេះមានប្រមាណតែ ៤០០ នាក់ប៉ុណ្ណោះ ដែលនៅបន្តអវត្តមានដោយគ្មានច្បាប់ តែក្រុមហ៊ុននៅតែអនុញ្ញាតឱ្យអ្នកទាំងនោះមកធ្វើការវិញដោយមិនប្រកាន់កំហុសឡើយ។
ចំពោះការលើកឡើងរបស់សហជីពឱ្យក្រុមហ៊ុនបង្កើតជម្រើសផ្សេងទៀត គឺក្រុមហ៊ុនមិនមានជម្រើសអ្វីផ្សេងនោះទេ។ ក្រុមហ៊ុនអះអាងថា នៅតែទទួលអ្នកអវត្តមានគ្មានច្បាប់ទាំងនោះឱ្យចូលធ្វើការវិញធម្មតា ហើយអ្នកដែលត្រូវបានក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារជារួមក្រុមហ៊ុននៅតែរក្សាកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ដោយការព្រមព្រៀងដដែល។ ភាគីក្រុមហ៊ុនបន្តថា គម្រោងកាត់បន្ថយបុគ្គលិកនេះ ជាគម្រោងដែលបានអនុវត្តរួចរាល់ហើយ។ ក្រុមហ៊ុនបង្ហាញក្តីសង្ឃឹមថា បងប្អូន ១៩០ នាក់ជាងនេះនឹងព្រមទទួលយកកញ្ចប់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះ។
ជាមួយគ្នានេះ ក្រសួងការងារបានចាត់មន្ត្រីជំនាញឱ្យធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ ចំណុច គឺត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញរបស់ក្រសួងបាននិងកំពុងរង់ចាំធ្វើការពិនិត្យផ្ទៀងផ្ទាត់បន្ថែមជាមួយបងប្អូនអតីតបុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងាររួម និងនៅមានចម្ងល់អំពីការទូទាត់នេះ។
បន្ថែមពីនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារក៏បានជួយស្វែងរកឱកាសការងារ ថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែរ។
ក្រសួងបញ្ជាក់ថា ទោះបីជាមិនទាន់មានការឯកភាពគ្នាក៏ក្រសួងនឹងបន្តខិតខំសម្របសម្រួល និងកំណត់ពេលប្រជុំបន្តទៀតស្របតាមតួនាទីកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី៕