ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រាប់ប្រជាពលរដ្ឋដែលមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បម្រើឱ្យការបោះឆ្នោតត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែឧសភាថា មាត្រា ៤៦ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រកំណត់ថា ដើម្បីបោះឆ្នោតបានពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង គឺមានឃើញពលរដ្ឋមួយចំនួនអត់មានអត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណហួសសុពលភាពខូច ឬក៏បាត់។ លោកថ្លែងថា៖ «អ៊ីចឹងទេ ប្រជាពលរដ្ឋទាំងនោះ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬ អត្តសញ្ញាណប័ណ្ណខូច ឬបាត់ករណីនេះ នៅក្នុងមាត្រា ១៦៩ ច្បាប់ស្តីពីជ្រើសតាំងតំណាងរាស្ត្រ អនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងនោះ ប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីប្រើប្រាស់នៅពេលបោះឆ្នោត»។
លោកបន្តថា ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល គជប និង ក្រសួងមហាផ្ទៃកន្លងមកបានចេញសេចក្តីណែនាំរួមមួយពាក់ព័ន្ធនឹងបែបបទ និងនីតិវិធីនៃការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតផង និងបម្រើ ឱ្យការបោះឆ្នោតផង។ សេចក្តីណែនាំរួមនេះនឹងយកមកអនុវត្តក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដែលពលរដ្ឋបាត់ ខូច ឬហួសសុពលភាព ត្រូវទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីបំពេញលក្ខខណ្ឌស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហើយពេលវេលានៃការស្នើសុំនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេល ៣០ ថ្ងៃនេះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណរបស់ខ្លួនអស់សុពលភាព ខូច ឬបាត់ត្រូវទៅជួបគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដើម្បីបំពេញលក្ខខណ្ឌស្នើសុំឯកសារបញ្ជាក់បម្រើឱ្យការបោះឆ្នោត ។ បើតាមលោក សូរីដា ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះត្រូវស្នើសុំនៅទីស្នាក់ការឃុំ- សង្កាត់រៀបចំការបោះឆ្នោត បន្ទាប់មកនៅពេលដែលគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបញ្ជាក់អត្តសញ្ញាណដែលត្រូវបោះពុម្ពចេញពីប្រព័ន្ធបោះឆ្នោត អ្នកស្នើសុំត្រូវយកឯកសារបញ្ជាក់នេះទៅជួបមេឃុំចៅសង្កាត់ ដើម្បីចុះហត្ថលេខាបោះត្រាផ្តល់សុពលភាព ជាឯកសារសម្រាប់បោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតលោក ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប កាលពីថ្ងៃទី ៤ ខែឧសភា បានស្នើសុំឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយឱ្យទូលំទូលាយជាបន្តទៀតជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើសម្រាប់បោះឆ្នោត ដោយពួកគាត់ត្រូវស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិកប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែឧសភា ថា សម្រាប់អ្នកដែលអត់មានអត្តសញ្ញាណប័ណ្ណ ហើយមិនមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត គឺមិនអាចបោះឆ្នោតបានទេ។ លោកថ្លែងថា៖ «ករណីនេះ កន្លងមកក៏មានអ្នកបាត់អត្តសញ្ញាណប័ណ្ណ ឥឡូវនេះ អត្តសញ្ញាណប័ណ្ណអាចាស់អស់សុពលភាពហើយអាស៊េរីក្រោយបានអាចបោះឆ្នោតបាន។ បើអត់មាន យើងទៅបញ្ជាក់គេនឹងចេញឱ្យ។ យើងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែឥឡូវបាត់អត្តសញ្ញាណប័ណ្ណ គេនឹងចេញលិខិតបញ្ជាក់ដើម្បីបានបោះឆ្នោតហើយ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ គ.ជ.ប នៅថ្ងៃទី ៦ ខែឧសភា នឹងរៀបចំកម្មវិធីបង្ហាញពីការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនៅទីតាំងរោងពុម្ព សួន វឌ្ឍនៈ នៅសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោកក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ៕