ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃសុក្រទី ៦ ខែឧសភានេះបានប្រកាសឱ្យដឹងថា ដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលនេះនៅសល់តែ ៣ ខេត្តទៀតទេនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការ រាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។
ការប្រកាសរបស់គជបស្តីពីការបង្ហាញសង្វាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោតដល់គណបក្សនយោបាយបានឱ្យដឹងថា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទៅពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នៅរោងពុម្ពណាវីនព្រីនធីង ឯ.កស្ថិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក នាព្រឹកថ្ងៃសុក្រទី ៦ ខែឧសភានេះ។
លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ក្នុងឱកាសនោះថា ថ្ងៃនេះ គ.ជ.ប បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់មកពិនិត្យ និងសង្កេតមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត ដែលដូចគ្នានឹងការបោះឆ្នោតកន្លងមក គឺ គ.ជ.ប តែងតែអញ្ជើញគ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានមកពិនិត្យ និងសង្កេតមើល ដំណើរការបោះពុម្ពសន្លឹកឆ្នោត ដល់ទីកន្លែងផ្ទាល់តែម្ដង។
លោកបានមានប្រសាសន៍បញ្ជាក់ថា៖ « ដំណើរការបោះពុម្ពសន្លឹកឆ្នោតនាពេលនេះនៅសល់តែ ៣ ខេត្តទៀតទេនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងបន្តទៅគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) មិនឱ្យ ហួសពី ៣៦ (សាមសិបប្រាំមួយ) ម៉ោង មុនថ្ងៃបោះឆ្នោត (ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២)»។
បន្ទាប់ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់បានពិនិត្យសង្វាក់ផលិតកម្មនៃភាពការបោះពុម្ពសន្លឹកឆ្នោតរួចមក លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គជប បានប្រាប់អ្នកសារព័ត៌មានថា សន្លឹកឆ្នោតត្រូវបានបោះពុម្ភចំនួន ១៦៥២ ប្រភេទ ស្មើនឹងចំនួន ១៦៥២ ឃុំ សង្កាត់ ពីព្រោះថា ឃុំ សង្កាត់នីមួយៗមានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូចគ្នាទេ។
លោកបានបន្តថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមាន ១៧ គណបក្ស។ ក្នុងចំណោម ១៧ គណបក្សនយោបាយនេះ គណបក្សខ្លះចុះបញ្ជីបេក្ខជនជាង ១៦០០ ឃុំ សង្កាត់ ហើយគណបក្សខ្លះចុះបញ្ជីបេក្ខជនមិនដល់ ១០០០ ឃុំ សង្កាត់ផង។ ដូច្នេះហើយ សន្លឹកឆ្នោតមានប្រភេទខុសៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។
លោកបានបន្ថែមថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩ ២០៥ ៦៨១ (ប្រាំបួនលានពីររយប្រាំពាន់ប្រាំមួយប៉ែតសិបមួយ) នាក់ចំនួនការិយាល័យ បោះឆ្នោតមាន ២៣ ៦០២ ការិយាល័យ ហើយសន្លឹកឆ្នោតត្រូវបោះពុម្ពមានប្រមាណ ១១ លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១ លានសន្លឹក។ សន្លឹកឆ្នោតត្រូវបានបោះពុម្ពចងក្រងជាក្បាលដោយក្នុង ១ ក្បាល មានចំនួន ៥០ សន្លឹក។
លោក ហង្ស ពុទ្ធ បានបញ្ជាក់ជូនទៀតថា៖ «សន្លឹកឆ្នោតដែលបោះពុម្ពនេះ មានលក្ខណពិសេស និងមានភាពសម្ងាត់ ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយ ហើយក្រុមហ៊ុនដែលដេញថ្លៃបានតាមនីតិវិធីហិរញ្ញវត្ថុ ត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត»។
គជប បានឱ្យដឹងថា ក្នុងពិធីនេះតំណាងគណបក្សនយោបាយចំនួន ៨ គណបក្ស បានចូលរួមពិនិត្យ និងសង្កេតមើលសង្វាក់នៃការបោះពុម្ពសន្លឹកឆ្នោតនៅរោងពុម្ព។ ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សរស្មីខេមរា និងតំណាងអង្គការសមាគមចំនួន ៩ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពសរុបប្រមាណ ៤០ នាក់ផងដែរ៕