ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានស្នើអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀតទាំងផ្នែកបច្ចេកទេស និងសម្ភារដើម្បីពង្រឹងកិច្ចការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
អគ្គលេខាធិការដ្ឋាននៃ NACD បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី៧ ខែឧសភា ថា៖ «ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កម្ពុជាបានស្នើឱ្យដល់ UNODC និងAFP បន្តជួយគាំទ្រដល់កម្ពុជាបន្ថែម ទាំងបច្ចេកទេស និងសម្ភារ ពិសេសជូនដល់ស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពលើកិច្ចការស៊ើបអង្កេតបទល្មើសម្អាតប្រាក់»។
លោកស្នើបែបនេះក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសដែលធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា នៅរាជធានីភ្នំពេញ។
នៅចំពោះមុខតំណាងអង្គការ UNODC និងតំណាង AFP ប្រចាំកម្ពុជា លោក មាស វិរិទ្ធថ្លែងថា កន្លងមក UNODC តែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន NACD ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព ចំណេះដឹងមន្ត្រីអនុវតុ្តច្បាប់គ្រឿងញៀននៅកម្ពុជា និងចូលរួមសហប្រតិបតិ្តការល្អក្នុងការបង្ការទប់ស្កាត់រាល់សកម្មភាពចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងទប់ស្កាត់រាល់សកម្មភាពបង្វែរសារធាតុគីមីផ្សំយកទៅសំយោគលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ទាំងនៅក្នុងតំបន់ និងសកលលោក។
លោកថ្លែងថា វគ្គបណ្តុះបណ្តាលនេះគឺជាចំណេះដឹងថ្មីមួយទៀតសម្រាប់មន្ត្រីអនុវត្តច្បាប់កម្ពុជា ដែលកន្លងមកសិក្ខាកាមមួយចំនួនមិនដែលធ្លាប់ ឬបានឮនូវអ្វីជាបទល្មើសសម្អាតប្រាក់ ដែលជាភារកិច្ចបន្ថែមក្នុងចំណោមភារកិច្ចនានារបស់មន្ត្រីសម្អាតប្រាក់៕