កំពង់ធំៈ លោក Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា នាថ្ងៃទី៧ ខែឧសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាបារាំង ធ្វើទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំដើម្បីសិក្សាស្វែងយល់អំពីទីតាំងបុរាណដ្ឋាន កិច្ចអភិរក្ស និងការងារជួសជុលប្រាសាទបុរាណ។
អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនាថ្ងៃទី៧ ខែឧសភា ថា គណៈប្រតិភូព្រឹទ្ធសភាបារាំង ត្រូវបានអមដំណើរដោយមន្ត្រីស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីភាគីកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប និងត្រូវបានទទួលស្វាគមន៍ និងបង្ហាញជូនពីថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក។
អាជ្ញាធរជាតិសំបូរព្រៃគុកបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះគឺក្នុងគោលបំណងលើកស្ទួយវិស័យវប្បធម៌ ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីទីតាំងបុរាណដ្ឋាន កិច្ចអភិរក្ស និងការងារជួសជុលប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក»។
គួរបញ្ជាក់ថា លោក Vincent Eblé បានដឹកនាំគណៈប្រភូព្រឹទ្ធសភាបារាំងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែឧសភា៕