ភ្នំពេញៈ លោក ​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែងថា ក្រុម​ការងារ​មីយ៉ាន់ម៉ា សម្រាប់​ការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​សាមគ្គី​ជាតិ​ និង​កសាង​សន្តិភាព​របស់​មីយ៉ាន់ម៉ា​ ដើម្បី​ធានាថា ជំនួយ​មនុស្សធម៌​នឹង​ចែកចាយ​ទៅដល់​តំបន់​នានា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។

លោក​ថ្លែង​ដូច្នេះ ក្នុង​សន្និសីទ​កាសែត​ បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ សម្រាប់​មីយ៉ាន់ម៉ា​ដែល​លោក​ និង​លោក​ លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន​ធ្វើជា​សហប្រធាន នៅ​ថ្ងៃទី​ ៦ ខែឧសភា នៅ​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ​វីដេអូ​។

លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ថ្លែងបន្តថា​៖ «​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​កំណត់​ទីតាំង​ ដើម្បី​ដឹកជញ្ជូន​ការផ្តល់​ជំនួយ​មនុស្សធម៌​អាស៊ាន​នេះ​»​។ លោក​ថ្លែងថា ក្រុមការងារ​មីយ៉ាន់ម៉ា សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ពិចារណា​ទៅលើ​ទីតាំង​ចំនួន​ ២ ឬ​ ៣ ក្នុងចំណោម​តំបន់​ទាំង​ ៥ ​ដែល​បាន​ឯកភាពគ្នា ក្នុងនោះ​តំបន់​ដែលមាន​ជន​ភៀសខ្លួន​ក្នុងស្រុក​ និង​សហគមន៍​រងគ្រោះ​។ លោក​ ប្រាក់ សុខុន​ ថ្លែងថា​៖ «​ដោយមាន​ការឯកភាព​ពី​ក្រុមការងារ​មីយ៉ាន់ម៉ា​សម្រាប់​ការសម្របសម្រួល​ជំនួយ​មនុស្សធម៌ មជ្ឈមណ្ឌល AHA ក្នុងនាម​ជា​អ្នកសម្របសម្រួល​ចម្បង​នឹង​សម្របសម្រួល​រាល់​សំណើ​នានា​ពី​សំណាក់​ប្រទេស​សមាជិក​អាស៊ាន ដៃគូ​ខាងក្រៅ និង​អង្គការ​អន្តរជាតិ​លើ​ការ​សុំចូល​តំបន់​ណាមួយ​ដោយ​ប្រើប្រាស់​យន្តការ​នេះ​»​។

នៅក្នុង​កិច្ចប្រជុំ​នេះ​ក្រុម​ការងារ​មីយ៉ាន់ម៉ា​បាន​សន្យាថា នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធានាថា ជំនួយ​មនុស្សធម៌ និង​វ៉ាក់សាំង​ដែល​ផ្ដល់​ពី​អាស៊ាន និង​ដៃគូ​ផ្សេងទៀត នឹង​បាន​ទៅដល់​សហគមន៍​នៅ​មីយ៉ាន់ម៉ា រួមទាំង​តំបន់​របស់​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ដែល​តំបន់​ទាំងនេះ ក៏មាន​ជំរំ​ជន​បាត់បង់​លំនៅ​ក្នុងស្រុក និង​សហគមន៍​រង​ផលប៉ះពាល់​ផងដែរ ហើយ​ការធ្វើ​ដូចនេះ​នឹង​ប្រាកដថា គ្មាន​នរណា​ម្នាក់ និង​គ្មាន​ទីតាំង​ណាមួយ​ត្រូវបាន​គេ​ទុកចោល​នោះឡើយ​។

លោក​ ប្រាក់ សុខុន ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​នា​ថ្ងៃទី ​៦ ខែឧសភា ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​រំពឹងទុក​ ខណៈដែល​កិច្ចប្រជុំ​នេះ​បាន​បន្ថែម​សម្ទុះ​ថ្មី​ដល់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ ៥​ ចំណុច​របស់​អាស៊ាន​។ លោក​សរសេរថា​៖ «​ថ្ងៃនេះ​យើង​បាន​បោះជំហាន​ទៅមុខ​មួយទៀត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង ដើម្បី​ធានាថា ប្រជាជន​មីយ៉ាន់ម៉ា​ទាំងអស់​នឹង​ទទួលបាន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ការ​រើសអើង​»​។ លោក​បន្តថា​៖ «​ខ្ញុំ​បន្ត​មាន​សុទិដ្ឋិនិយម​ថា កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ​ដ៏​ស្មោះត្រង់​របស់​យើង​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ជូន​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​គ្រប់រូប​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​លើក​ទី​ ២ ​របស់ខ្ញុំ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​»​។

លោក​ ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែឧសភា​ថា កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​យ៉ាងណា​បន្ត​កៀរគរ​សហគមន៍​អន្តរជាតិ​ និង​សមាជិក​អាស៊ាន​ដទៃទៀត ក្នុង​ការជួយ​មីយ៉ាន់ម៉ា​ឱ្យ​ឆ្លង​ផុតពី​វិបត្តិ​នយោបាយ​របស់ខ្លួន​ដែល​បង្កឱ្យមាន​វិបត្តិ​ផ្ទៃក្នុង​ និង​តំបន់​ជាច្រើន ជាពិសេស​អាយុជីវិត​ប្រជាជន​មីយ៉ាន់ម៉ា​។

លោក​ថ្លែងថា ការដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ទាមទារ​ឱ្យមាន​ការអត់ធ្មត់​ខ្ពស់​ជាពិសេស​ការកសាង​ទំនុកចិត្ត​ជាមួយនឹង «​ប្រមុខ​ដឹកនាំ​មីយ៉ាន់ម៉ា​» ធ្វើយ៉ាងណា​ឱ្យមាន​បទ​ឈប់​បាញ់​ និង​ការជឿ​ទុកចិត្ត​ក្នុង​ការផ្តល់​ជំនួយ​មនុស្សធម៌​នេះ​។

លោក​ ម៉េង ដាវិត ​ថ្លែង​៖ «​នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅក្នុង​ការដោះស្រាយ​វិបត្តិ​មីយ៉ាន់​ម៉ា​ជា​ជំហានៗ​ក្នុងការ​ផ្តល់ជំនួយ​ដល់​មីយ៉ាន់ម៉ា​ស្រប​ពេលដែល​កម្ពុជា​នៅតែ​បន្ត​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​មីយ៉ាន់ម៉ា និង​សមាជិក​អាស៊ាន​ដទៃទៀត​ក្នុង​ការស្វែងរក​ដំណោះស្រាយ និង​មតិ​ស្ថាបនា ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួលបាន​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​ក្រោម​យន្តការ​ឈ្នះ​-​ឈ្នះ​»៕

វីដេអូ៖