ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលប្រកាសថា កម្ពុជាមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ឡើយ ក្នុងរបាយការណ៍សរុបពីស្ថានភាពជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២២ ដែលអាចចាត់ទុក ជាប្រវត្តិសាស្ត្រ ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០២១ មក។
តាមរយៈសារសំឡេងពិសេសនាយប់ ថ្ងៃទី ៧ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នេះជាលើកដំបូងដែលព្រះរាជាណាចក្រកម្ពុជា ពុំមានករណីកូវីដ ១៩ កើតមានឡើងនោះឡើយ គឺសូន្យករណី។
លោកបញ្ជាក់ថា៖ «រឿងនេះបានកើតឡើង បន្ទាប់ពីការសាកល្បងដ៏ខ្លាំងមួយនៅក្នុងដំណាក់កាលនៃការបើកឱកាសឱ្យប្រជាជនបានដើរលេងចូលឆ្នាំ ដែលជាការសាកល្បងបើកទូលាយដ៏ធំធេង ហើយដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលមានអ្នកដើរលេងយ៉ាងច្រើនកុះករ»។
លោក ហ៊ុន សែន បន្តថា លទ្ធផលនេះ ដោយសារតែការខិតខំថែទាំសុខភាពរបស់ជនរួមជាតិជាមួយនឹងកិច្ចខិតខំរបស់មន្ត្រីសុខាភិបាល ក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ខ្លួនដែលធ្វើឱ្យកម្ពុជាសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ករណីឆ្លងមានត្រឹម ១ ខ្ទង់ រហូតមកដល់មិនមានការរកឃើញផងដែរ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិកូវីដ ១៩ ហើយខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិដែលបានចូលរួមប្រឆាំងនឹងកូវីដ ១៩ ដែលធ្វើឱ្យអត្រាឆ្លងមានការថយចុះជាលំដាប់រហូតមកដល់ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាង ១ ឆ្នាំ ដែលយើងដល់ចំណុចសូន្យ»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ដែរថា ការរកឃើញករណីឆ្លងកូវីដ ១៩ នេះអាចនឹងរកឃើញមានការកើតឡើងវិញនៅថ្ងៃបន្តបន្ទាប់។ ប៉ុន្តែយ៉ាងហោចណាស់នៅថ្ងៃទី ៧ ឧសភា ពុំមានករណីឆ្លងសូម្បីតែ ១ ករណី។
លោកមានប្រសាសន៍ថា៖ «បើទោះបីជាថ្ងៃស្អែកមានករណីឆ្លងឡើងវិញ ក៏យើងមាន ១ ថ្ងៃក្នុងចំណោមប៉ុន្មានរយថ្ងៃដែលយើងគ្មានករណីឆ្លងដែរ»។
លោក ហ៊ុន សែន ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនបន្តទៀតជាមួយនឹងវិធានការសុខាភិបាលដែលបានដាក់ចេញនាពេលកន្លងមក។ បើទោះបីជាការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋពាក់ម៉ាស់។
លោកថ្លែងថា៖ «សូមប្រជាពលរដ្ឋរបស់យើងទៅទទួលយកវ៉ាក់សាំងដូសជំរុញដែលជាដូសទី ៣ ដូសទី ៤ ហើយនឹងអាចឈានបន្តទៅរកដូសទី ៥ បន្ទាប់ពី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុង ក្របខ័ណ្ឌទូទាំងប្រទេសពិនិត្យឃើញថា ដល់ពេលដែលត្រូវចាក់ដូសទី ៥ នេះ»។
លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីមោទនភាពចំពោះជនរួមជាតិដែលបានរួបរួមគ្នាជុំវិញព្រះមហាក្សត្រ ជុំវិញនីតិប្រតិបត្តិ គឺជុំវិញរាជរដ្ឋាភិបាល ប្រយុទ្ធយកឈ្នះគ្រាដ៏លំបាក។ លោក ក៏បានអរគុណដល់ប្រទេសជាមិត្តនានាដែលបានផ្តល់ជំនួយជាវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «វ៉ាក់សាំងបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបើកសេដ្ឋកិច្ចឡើងវិញផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋរបស់យើងអាចបង្កបង្កើនផល និងការរកស៊ីឡើងវិញជាមួយនឹងការរៀនរស់ជាមួយនឹងមេរោគកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី»។
ទាក់ទងនឹងភាពជោគជ័យលើការប្រយុទ្ធនឹងមេរោគកូវីដ ១៩ នេះ លោក Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC (ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក) ក្នុងជំនួបជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនាថ្ងៃទី ៥ ឧសភា បានកោតសរសើរពីជោគជ័យដែលកម្ពុជាសម្រេចបាន។
ក្រសួងសុខាភិបាលលើកឡើងថា លោក Michael Michalak បានអបអរកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និងអបអរសាទរដោយក្តីកោតសរសើរដល់ប្រទេសកម្ពុជាដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នាឱកាសនោះ លោកស្រី ឱ វណ្ណឌីន លើកឡើងថា លទ្ធផលជោគជ័យនេះទទួលបានក៏ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ។
លោកស្រីថ្លែងថា៖ «មកដល់ថ្ងៃនេះយើងចាក់វ៉ាក់សាំងបានជាង ៩៣% ហើយ ដែលនេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់»។
លោកស្រី លី អៃឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) លើកឡើងក្នុងប្រព័ន្ធ Twitter នាថ្ងៃទី ៨ ឧសភា ដោយបង្ហាញនូវក្តីសប្បាយរីករាយ ដែលបានចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ ១៩ ជាមួយមន្ត្រីក្រសួងសុខាភិបាលនៅខេត្តកោះកុង ដែលនេះជាលើកទី ១ របស់លោកស្រីផងដែរ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសប្បាយរីករាយជាខ្លាំងដែលបានជួបជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោកជំទាវ ឱ វណ្ណឌីន ផងដែរ។ យើងបានពិភាក្សាអំពីការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃជំងឺកូវីដ ១៩ ការវិនិយោគលើសុខភាព និងផ្តោតលើការថែទាំសុខភាពបឋមជាមូលដ្ឋានគ្រឹះឆ្ពោះទៅរក ការធានារ៉ាប់រងសុខភាពជាសកល»។
លោកស្រីបន្តថា កម្ពុជាមានមូលដ្ឋានគ្រឹះ និងបណ្តាញដ៏ល្អ ដើម្បីផ្តោត និងវិនិយោគលើការថែទាំសុខភាពបឋម ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពជាច្រើនដែលកំពុងបន្ត និងទៅថ្ងៃអនាគត រួមទាំងការកើនឡើងនៃជំងឺមិនឆ្លង។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ ១៩ ទូទាំងប្រទេសចំនួន ១៣៦ ២៦២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣៣ ១៨១ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕