ភ្នំពេញៈ ដំណើរការបោះពុម្ពសន្លឹកឆ្នោតរហូតមកដល់ពេលនេះនៅសល់តែ ៣ ខេត្តទៀតនឹងត្រូវបញ្ចប់ ហើយត្រូវវេចខ្ចប់រួចយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព សម្រាប់បញ្ជូនទៅឱ្យគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដើម្បីចាត់ចែងបញ្ជូនបន្តទៅគណៈកម្មការឃុំ- សង្កាត់រៀបចំការបោះឆ្នោត (គឃ. សប) និងបញ្ជូនបន្តទៅគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) មិនឱ្យហួសពី ៣៦ (សាមសិបប្រាំមួយ) ម៉ោងមុនថ្ងៃបោះឆ្នោត (ថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២)។
លោក ប្រាជ្ញ ចន្ទ ប្រធាន គជប ថ្លែងក្នុងពិធីចុះពិនិត្យដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នៅរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅខណ្ឌទួលគោករាជធានីភ្នំពេញ ថា គ.ជ.ប បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់មកពិនិត្យ និងសង្កេតមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតផ្ទាល់តែម្តង។ លោកថ្លែងថា៖ «ដូចគ្នានឹងការបោះឆ្នោតកន្លងមកគឺ គ.ជ.ប តែងតែអញ្ជើញគ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានមកពិនិត្យ និងសង្កេតមើលដំណើរការបោះពុម្ពសន្លឹកឆ្នោតដល់ទីកន្លែងផ្ទាល់តែម្តង»។
លោក ហង្ស ពុទ្ធា សមាជិក និងជា អ្នកនាំពាក្យ គ.ជ.ប ឱ្យដឹងដែរថា សន្លឹកឆ្នោតត្រូវបានបោះពុម្ពចំនួន ១ ៦៥២ ប្រភេទស្មើនឹងចំនួន ១ ៦៥២ ឃុំ-សង្កាត់ពីព្រោះថា ឃុំ-សង្កាត់នីមួយៗមានចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមិនដូចគ្នាទេ។ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតមាន ១៧ គណបក្ស។ ក្នុងចំណោម ១៧ គណបក្សនេះ គណបក្សខ្លះចុះបញ្ជីបេក្ខជនជាង ១ ៦០០ ឃុំ-សង្កាត់ គណបក្សខ្លះ ចុះបញ្ជីបេក្ខជនមិនដល់ ១ ០០០ ឃុំ-សង្កាត់។ ដូច្នេះហើយសន្លឹកឆ្នោតមានប្រភេទខុសៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់ លំដាប់លេខរៀងគណបក្សនយោបាយដាក់លើសន្លឹកឆ្នោត។
បើតាម លោក ហង្ស ពុទ្ធា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩ ២០៥ ៦៨១ ចំនួនការិយាល័យបោះឆ្នោតមាន ២៣ ៦០២ ការិយាល័យ ហើយសន្លឹកឆ្នោតត្រូវបោះពុម្ពមានប្រមាណ ១១ លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១ លានសន្លឹក។ សន្លឹកឆ្នោតត្រូវបានបោះពុម្ពចងក្រងជាក្បាលដោយក្នុង ១ ក្បាល មានចំនួន ៥០ (ហាសិប) សន្លឹក។
លោកថា៖ «សន្លឹកឆ្នោតដែលបោះពុម្ពនេះមានលក្ខណពិសេស និងមានភាពសម្ងាត់ដែលគ្មានជនណាម្នាក់អាចយកទៅបោះពុម្ពក្លែងបន្លំបានឡើយហើយក្រុមហ៊ុនដែលដេញថ្លៃបានធ្វើតាមនីតិវិធីហិរញ្ញវត្ថុត្រូវធានាសុវត្ថិភាពចំពោះ គ.ជ.ប ក្នុងការបោះពុម្ពសន្លឹកឆ្នោត»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិប្បតេយ្យមូលដ្ឋានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មុននឹងបោះពុម្ពសន្លឹកឆ្នោត គ.ជ.ប បានហៅ គណបក្សនយោបាយដែលបានឈរឈ្មោះទៅពិនិត្យឈ្មោះ និងឡូហ្គោរបស់គណបក្សនៅលើសន្លឹកឆ្នោត ដែល គជប ធ្វើនេះបានបង្ហាញតម្លាភាព និងត្រឹមត្រូវ។
លោកថ្លែងថា៖ « វាអត់ជាបញ្ហាអីទេ វាមានតម្លាភាព មានការពិគ្រោះយោបល់បានច្រើនលើកច្រានសា ប៉ុន្តែកន្លងមកនេះ គណបក្សបានចេញលិខិតកុំឱ្យបោះពុម្ពសន្លឹកឆ្នោតឱ្យលើសច្រើនពេកនាំឱ្យខាតបង់ថវិកា និងប្រើប្រាស់ក្នុងគោលដៅផ្សេង»។
លោក សំ សុគន្ធាមី នាយកអង្គការនិកហ្វិកថ្លែងថា ការពុម្ពសន្លឹកឆ្នោត ច្រើនជាងចំនួនអ្នកបោះឆ្នោតមាននៅក្នុងបញ្ជីបោះឆ្នោតមានតែជាង ៩ លាននាក់ និងបោះរហូតទៅ ១១ លានសន្លឹក និងបម្រុងប្រមាណ ១ លានសន្លឹកទៀត ធ្វើឱ្យខាតថវិកាច្រើន។ លោកថ្លែងថា៖ «នៅតាមការិយាល័យសន្លឹកឆ្នោតកម្រមានការខូចណាស់។ ចង់និយាយថា អ្នកបោះឆ្នោត គូសច្រឡំ សុំដូរសន្លឹកឆ្នោត វាកម្រណាស់ ហើយយើង វាច្រើនពេក សន្លឹកឆ្នោតថ្លៃ យើងជួលក្រុមហ៊ុនគេបោះពុម្ព ដែលធ្វើឱ្យមានការចំណាយច្រើន ឬអាចយកទៅប្រើប្រាស់ផ្សេង»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការបោះពុម្ពសន្លឹកឆ្នោតបម្រុងនេះគោលដៅរបស់ គ.ជ.ប គឺដើម្បីធានាដល់ដំណើរការបោះឆ្នោត មិនឱ្យមានភាពរអាក់រអួល ឬកើតឡើងនូវភាពមិនប្រក្រតីណាមួយ ដោយខូច ឬមិនអាចប្រើប្រាស់បាន។ ដូច្នេះ គជប មិនអាចឱ្យមានការខ្វះខាតសន្លឹកឆ្នោតបាននោះទេនៅថ្ងៃបោះឆ្នោតមកដល់។
លោកថ្លែងថា៖ «ចំពោះការព្រួយបារម្ភក្នុងការប្រើប្រាស់សន្លឹកឆ្នោតនេះ ក្នុងគោលដៅផ្សេង គឺ គជប មានយន្តការ តម្លាភាព គ្រប់ដំណើរការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត គឺមានការតាមដានភ្នាក់ងារគណបក្សនយោបាយ និងអង្គការសមាគម អ្នកសង្កេតការណ៍បោះឆ្នោតពោលទិន្នន័យនៃសន្លឹកឆ្នោត នឹងត្រូវបានកត់ត្រាយ៉ាងសុក្រឹតនៅទីនោះ»៕