ភ្នំពេញៈ ក្រសួងបរិស្ថានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញគ្រោងរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នៅថ្ងៃទី ១១ ខែឧសភា នៅអគារខេមរានីរបស់សហព័ន្ធនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានស្តីពីវេទិកាកេសរកូលជាតិលើកទី ២ ឱ្យដឹងថា វេទិកានេះនឹងចាប់ផ្តើមពីម៉ោង ៨ និង ៣០ នាទី ដល់ម៉ោង ១៧ នៅអគារខេមរានីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (កជអច)។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា វេទិកានេះនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានសរសេរថា៖ «វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា ចែករំលែកព័ត៌មានស្ដីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ និង ដើម្បីផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា»។
ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងវេទិកានេះនឹងមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ និងផលិតផលធម្មជាតិជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យសិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនអាចចូលទស្សនាដោយសេរី ចាប់ពីម៉ោង ១៣:៣០ នាទីដល់ម៉ោង ១៧ និងសូន្យនាទី។
លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះកម្ពុជា ថ្លែងនៅថ្ងៃទី ៨ ឧសភាថា លោកនឹងយកប្រភេទកេសរកូលប្រមាណជិត ១០ ប្រភេទ ទៅដាក់តាំងក្នុងវេទិកានោះ។ លោកថា ក្នុងវេទិកាកេសរកូលជាតិ លើកទី ២ នេះ ក៏មានការអនុញ្ញាត ឱ្យប្រជាពលរដ្ឋដែលស្រឡាញ់ធម្មជាតិ អាចដាក់តាំងបង្ហាញរុក្ខជាតិនានាក្នុងស្រុក និងរុក្ខជាតិលម្អនាំចូលមួយចំនួន ដើម្បីលើកស្ទួយដល់អ្នកស្រឡាញ់រុក្ខជាតិ និងធនធានធម្មជាតិ។
លោកថ្លែងថា៖ «នៅក្នុងហ្នឹង យើងមានអ្នកចូលរួមដាក់តាំងបង្ហាញ រហូត ដល់ប្រមាណ ៣០ ស្ថាប័នផ្សេងគ្នា ក្នុងនោះភាគច្រើន គឺមកពីហាងរុក្ខជាតិលម្អ ហើយមួយចំនួនទៀតគឺជាអ្នកចូលចិត្តស្រឡាញ់ផ្កាអ័រគីដេ គាត់ដាំបែបលក្ខណៈនៅតាមផ្ទះ។ អ៊ីចឹងទៅ ដោយគាត់មានប្រភេទពូជច្រើន គាត់ក៏យកមកចែករំលែកក្នុងការដាក់តាំងបង្ហាញ»។
លោក សុខ វិជ្ជា ប្រាប់ថា តាមរយៈកំណត់ត្រាស្រាវជ្រាវរបស់សួន Royal Botanic gardens របស់អង់គ្លេស បានប្រមូលទិន្នន័យ ពីកម្ពុជាថាមានកេសរកូលប្រមាណ ៣០០ ប្រភេទ ខណៈចំនួនប៉ាន់ប្រមាណអាចមានពី ៥០០-១ ០០០ ប្រភេទដែលទាមទារឱ្យអ្នកជំនាញ នៅកម្ពុជាធ្វើការស្រាវជ្រាវបន្ថែមទៀត។ លោកថា ក្រសួង បរិស្ថានបានរកឃើញ និងចងក្រងទិន្នន័យ ផ្កាកេសរកូលបានចំនួន ២០០ ប្រភេទរួចហើយ ខណៈកំពុងបន្តធ្វើការស្រាវជ្រាវបន្តទៀត។
ស.ស.យ.ក. សរសេរលើទំព័រហ្វេសប៊ុកថា អ្នកចូលរួមបង្ហាញកេសរកូលក្នុងពិព័រណ៍នឹងទទួលបានបណ្ណសរសើរ ១ ពីក្រសួង-បរិស្ថាន។ ស.ស.យ.ក. បញ្ជាក់ថា ស្តង់តាំងបង្ហាញនឹងរៀបចំជូនដោយមិនគិតថ្លៃ ហើយអ្នកមានចំណាប់អារម្មណ៍ចូលរួមតាំងពិព័រណ៍ អនុញ្ញាតឱ្យយកកេសរកូលចាប់ពីចំនួន ៣ ប្រភេទឡើងទៅ និង មិនត្រូវលើសពី ១០ ថូក្នុង ១ ប្រភេទ សម្រាប់តាំងបង្ហាញ៕