
លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (NC ESCAP) ដឹកនាំកិច្ចប្រជុំជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP តាមប្រព័ន្ធវីដេអូ កាលពីម្សិលមិញ។ រូបថត Ly Thuch's Page
ភ្នំពេញៈ អាជ្ញាធរមីនស្នើគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP) គាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា ខណៈ UN ESCAP នឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីនតាមការស្នើសុំរបស់អាជ្ញាធរមីន។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (NC ESCAP) និងលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP នាថ្ងៃទី ៩ ខែឧសភា តាមប្រព័ន្ធវីដេអូ។
UN-ESCAP ប្រចាំកម្ពុជាបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីជំនួបនេះថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងវិស័យមីន ជាពិសេសក្នុងការរៀបចំគោលនយោបាយជាតិស្តីពីវិស័យមីននៅកម្ពុជា ដែលវិស័យមីនជាគោលដៅទី ១៨៖ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០»។
លោក លី ធុជ ថ្លែងថា ការបោសសម្អាតមីនពិតជាសំខាន់ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជួយលើកកម្ពស់សមភាពយេនឌ័រ និងជួយជំរុញការសម្រេចបានរបៀបវារៈឆ្នាំ ២០១៦-២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «លោកជំទាវបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN ESCAP មានការកើនឡើងជាទីកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលោកជំទាវនឹងពិចារណាលើការពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសកម្មភាពមីន តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ»។
បច្ចុប្បន្នកម្ពុជា និង UNESCAP មានកិច្ចសហប្រតិបត្តិការចំនួន ៨ វិស័យដែលរួមមានអភិវឌ្ឍសង្គម, ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍,ស្ថិតិ,បរិស្ថាន និងអភិវឌ្ឍន៍, គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍, បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ, ដឹកជញ្ជូន, និងថាមពល។ សន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP នឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៧ ខែឧសភាខាងមុខក្រោមប្រធានបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាបើកកម្មវិធីតាមរយៈសារវីដេអូថតទុកនៅក្នុងសន្និបាតនេះ។
លោកស្រី Alisjahbana បានចាត់ទុកសុន្ទរកថារបស់លោក ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN- ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។ លោកស្រីក៏គ្រោងជួបទ្វេភាគីដោយផ្ទាល់ជាមួយលោក លី ធុជ នៅក្នុងឱកាសសន្និបាតប្រចាំឆ្នាំខាងមុខផងដែរ។
លោក លី ធុជ បានអញ្ជើញលោកស្រី Alisjahbana ចូលរួមក្នុងសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ ដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំក្រោយ ដោយកម្ពុជា។
លោកស្រី Alisjahbana បានសរសេរនៅលើ Twitter បន្ទាប់ពីជំនួបនេះថា ជំនួបនិម្មិតជាមួយលោក លី ធុជ ជាថ្មីម្តងទៀតគឺទទួលបានលទ្ធផលផ្លែផ្កា ដោយភាគីទាំង ២ បានពិភាក្សាអំពីវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត និងការចូលរួមរបស់កម្ពុជាក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP។ អាជ្ញាធរមីនបានដកស្រង់សម្តីលោកស្រី Alisjahbana នាថ្ងៃទី ៩ ខែឧសភា ថា UNESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
លោក លី ធុជ សរសេរនៅលើហ្វេសប៊ុកថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNESCAP ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្នើសុំជាពិសេសឱ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី ១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា»៕