ស្ទឹងត្រែងៈ សត្វបបែលយក្សទឹកសាប (Giant freshwater Stingray) ទម្ងន់ ១៨០ គីឡូក្រាម បានមកស៊ីត្រីជាប់បង្កៃរបស់ប្រជានេសាទនៅក្នុងទន្លេមេគង្គនៅចំណុចកាំងតាស៊ី ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក កាលពីថ្ងៃទី ៤ ខែឧសភា។
លោក ស៊ិន ពិសិដ្ឋ ក្រុមការងារឆ្មាំទន្លេនៅភូមិកោះព្រះបាននិយាយថា កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ មានប្រជានេសាទម្នាក់ ឈ្មោះ កន សុភាពអាយុ ២៨ ឆ្នាំ មានលំនៅក្នុងភូមិកោះព្រះបានដាក់បង្កៃ នៅចំណុចកាំងតាស៊ី នៃភូមិសាស្ត្រខាងលើ ហើយត្រូវសត្វបបែលយក្សទន្លេមេគង្គទៅចាប់ស៊ីត្រីស្ទូចគាត់បណ្ដាលឱ្យជាប់សន្ទូចនោះ។
លោកបញ្ជាក់ថា៖ «ក្រោយពីប្រទះឃើញបង្កៃនោះ ជាប់សត្វបបែលដ៏ធំហ្នឹង គាត់បានស្រែកហៅអ្នកភូមិឱ្យជួយ ព្រោះវាបានអូសសន្ទូចគាត់ទៅកណ្ដាលទន្លេ។ បន្ទាប់មកអ្នកភូមិបាននាំគ្នាទៅជួយអូសទាញសត្វបបែលយក្សនោះមកខាង ហើយទូរស័ព្ទប្រាប់មន្ត្រីឆ្មាំទន្លេយើង ឱ្យជួយអន្តរាគមន៍ទៅកម្មវិធី អច្ឆរិយភាពទន្លេមេគង្គ ដើម្បីមកធ្វើការវាស់វែង និងដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីដោះលែងវាវិញ»។
បើតាមលោក ពិសិដ្ឋ ក្រុមមន្ត្រីជំនាញនៃអច្ឆរិយភាពទន្លេមេគង្គបានចុះមកវាស់វែងវាតាមលក្ខណៈបច្ចេកទេសជាលទ្ធផលសត្វបបែលយក្សទន្លេមេគង្គដ៏កម្រនេះមានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ និងកន្ទុយប្រវែង ២០០ សង់ទីម៉ែត្រ និងមានប្រវែងសរុបចាប់ពីចុងច្រមុះ ដងខ្លួន ដល់ចុងកន្ទុយ ៣៩៣ សង់ទីម៉ែត្រ។
លោក ផេង បឿន ប្រធានសហគមន៍នេសាទភូមិកោះព្រះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សត្វបបែលនោះ វាបានជាប់សន្ទូចរបស់ឈ្មោះ កន សុភាព ជាប្រជានេសាទ ក្នុងសហគមន៍របស់លោកដោយសារវាទៅចាប់ស៊ីត្រីដែលជាប់សន្ទូចដែលបង្កៃដើម្បីចាប់ត្រីធំៗនៅចំណុចកាំងតាស៊ីនោះ។ ទោះយ៉ាងណា វាមិនមែនជាលើកទី ១ ដែលអ្នកភូមិ នៅក្នុងសហគមន៍មូលដ្ឋានទើបតែចាប់បានត្រីបបែលយក្សបែបនេះនោះ។
លោកថ្លែងថា៖ «នៅក្នុងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកសៀមបូកយើងនៅមានវត្តមានសត្វបបែលយក្សទន្លេមេគង្គនេះច្រើន ព្រោះយើងធ្លាប់ចាប់បានជាបន្តបន្ទាប់នាពេលកន្លងមក ដោយក្នុង ១ ក្បាល ទម្ងន់ពី ៣០ ទៅ ៤០ គីឡូក្រាម ហើយពួកយើងក៏បានដោះលែងពួកវាវិញដែរ»។
បើតាមលោក ផេង ប៊ឿន ក្រុមមន្ត្រីនៃកម្មវិធីអច្ឆរិយភាពទន្លេមេគង្គបានលើកទឹកចិត្តដល់ពួកលោក ដោយផ្ដល់នូវថវិកា និងសម្ភារមួយចំនួនក្រោយពេលចាប់សត្វបបែលនោះបាន និងទាក់ទងឱ្យមន្ត្រីជំនាញ ចុះមកវាស់វែង និងបំពាក់ស្លាកសញ្ញាសម្គាល់ និងរៀបចំកម្មវិធីដោះលែងឱ្យវាចូលទៅក្នុងទន្លេធម្មជាតិវិញ។ សត្វបបែលទន្លេមេគង្គនៅក្នុងភូមិសាស្ត្រ ស្រុកសៀមបូកមាន ២ ប្រភេទ គឺសត្វបបែលក្របីមានសម្បុរខ្មៅ និងសត្វបបែលគោមានសម្បុរក្រហមហើយសត្វបបែលនេះវាជាសត្វស្លូត។
សត្វបបែលយក្សទន្លេមេគង្គជាប្រភេទត្រីទឹកសាបធំបំផុត និងធ្ងន់បំផុតក្នុងពិភពលោក។ វាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងឆ្នាំ ១៩៩០។ សត្វបបែលទឹកសាបយក្សនេះត្រូវបានគេប្រទះឃើញនៅក្នុងប្រព័ន្ធទន្លេមួយចំនួននៅអាស៊ីអាគ្នេយ៍ និងភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នេះបើតាមឯកសារស្រាវជ្រាវរបស់ WWF-Cambodia។ សត្វបបែលយក្សទឹកសាបបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលឥឡូវនេះ ពួកវាត្រូវបាន IUCN ចុះបញ្ជីថា ជាសត្វជិតផុតពូជ។ ក្នុងឆ្នាំ ២០១៦ សត្វបបែលយក្សទឹកសាបចំនួន ៧០ ក្បាល ត្រូវបានសម្លាប់ដោយព្រឹត្តិការណ៍បំពុលដោយសង្ស័យថា មាននៅក្នុងទន្លេ Maeklong ក្នុងប្រទេសថៃ។ នៅកម្ពុជាមិនសូវមានគេដឹងអំពីស្ថានភាពនៃប្រភេទសត្វនេះក្នុងទន្លេមេគង្គនោះទេហើយការស្រាវជ្រាវបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីបង្កើតផែនការគ្រប់គ្រងប្រភេទសត្វប្រកបដោយប្រសិទ្ធភាព។
ជារឿយៗសត្វបបែល ចូលចិត្តសម្ងំលាក់ខ្លួននៅបាតទន្លេ វាជាសត្វងាយរងគ្រោះជាពិសេសចំពោះការកើនឡើងនៃដីល្បាប់ដោយសារសកម្មភាពរបស់មនុស្ស ក៏ដូចជាការសាងសង់ទំនប់វារីអគ្គិសនីខ្នាតធំនៅតាមដងទន្លេមេគង្គនៅផ្នែកខាងលើ៕
វីដេអូ៖