ភ្នំពេញៈ ក្រសួងសុខាភិបាលសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមគ្រូពេទ្យជំនាញបានរៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីលើកកម្ពស់សុខុមាលភាព និងសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។
កម្មវិធីនេះរៀបចំដោយ ACU និងលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្មសហការជាមួយក្រសួងសុខាភិបាល និងសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជា និងសមាគមចក្ខុខ្មែរ។ កម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺទូទៅនេះមានរយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី ៩ ខែឧសភា ចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក។
ប្រធាន ACU និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក លោក ឱម យ៉ឹនទៀង ដែលបានអញ្ជើញបើកកម្មវិធីនោះថ្លែងថា កម្មវិធីនេះមានក្រុមគ្រូពេទ្យចូលរួមទាំងខ្មែរ និងគ្រូពេទ្យបរទេស សហការគ្នាផ្តល់ការពិគ្រោះនិងព្យាបាលដោយឥតគិតថ្លៃ។ សកម្មភាពចុះព្យាបាលជំងឺនេះនឹងបន្តធ្វើរហូតគ្រប់ទាំង ១០ សង្កាត់ ក្នុងខណ្ឌទួលគោកដែលនេះជាការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកកន្លែងព្យាបាលជំងឺ។
លោកថា៖ «នៅទីនេះ មានបន្ទប់ពិនិត្យភ្នែក ហើយមានលទ្ធផលយ៉ាងណា នឹងមានក្រុមគ្រូពេទ្យជំនាញធ្វើការវិនិច្ឆ័យ ហើយបើភ្នែករបស់ពលរដ្ឋដែលមកទទួលសេវាត្រូវការវ៉ែនតា គឺក្រុមការងារនឹងរៀបចំចែកជូនវ៉ែនតាដោយឥតគិតថ្លៃហើយអ្នកណាដែលមានជំងឺភ្នែកដែលចាំបាច់ត្រូវការវះកាត់ យើងនឹងប្រជុំនៅទីនេះផ្ទាល់ដើម្បីផ្តល់ការវះកាត់»។
អភិបាលខណ្ឌទួលគោកលោក ជា ពិសី បានសម្តែងការសប្បាយរីករាយ និងមោទនភាពដោយបានទទួលការរៀបចំកម្មវិធីនេះឡើង ដើម្បីពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌទួលគោកដោយឥតគិតថ្លៃ។ លោកបន្តថា៖ «កម្មវិធីនេះ ធ្វើការពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន ២ គឺសង្កាត់ផ្សារដើមគ និងសង្កាត់បឹងកក់ ២ ដែលប្រជាពលរដ្ឋចូលរួមនៅទីនេះ ប្រមាណជិត ៦០០ នាក់»។ សម្រាប់ខណ្ឌទួលគោកបច្ចុប្បន្ននេះ មាន ១០ សង្កាត់ ចែកចេញជា ១៤៣ ភូមិ មានពលរដ្ឋសរុបជាង ២៥ ០០០ គ្រួសារ ហើយមនុស្សចំនួន ៧៤ ០០០ នាក់។
អ្នកគ្រប់គ្រងបេសកកម្មនៃសមាគមចក្ខុខ្មែរលោក វ៉ិច ទ័រ ជនជាតិកាណាដាមានប្រសាសន៍ថា គោលដៅធំបំផុតរបស់សមាគមចក្ខុខ្មែរ គឺដើម្បីសង្គ្រោះប្រជាជនចេញពីភាពងងឹត (ពិការភ្នែក) ពោលគឺបញ្ហាភ្នែកឡើងបាយ។ លោកថា៖ «យើងផ្តោតសំខាន់លើបញ្ហានេះដើម្បីជួយប្រជាជនខ្មែរ អ៊ីចឹងបើសិនជាមានបញ្ហាភ្នែកធ្ងន់ធ្ងរ នឹងនាំគាត់ទៅគ្លីនិក ព្រោះថ្ងៃនេះ យើងចុះពិនិត្យ និងស្រង់ឈ្មោះ ប្រសិនពួកគាត់មានបញ្ហានេះ យើងយកគាត់ទៅគ្លីនិកដើម្បីវាស់ភ្នែកពិនិត្យម្តងទៀត»។
លោកវេជ្ជបណ្ឌិត Steaven ជនជាតិអាមេរិកជាប្រធានផ្នែកបច្ចេកទេសវះកាត់ទូទៅនៃសមាគមក្រុមគ្រូពេទ្យជំនាញវះកាត់ដើម្បីកម្ពុជាថ្លែងថា៖ «តាមរយៈការពិនិត្យរោគបឋម ពលរដ្ឋភាគច្រើនគាត់មានបញ្ហាជំងឺទូទៅដូចជា ក្អក ក្អួត និងរាក ហើយយើងកំពុងរកអ្នកមានជំងឺក្រួសក្នុងថង់ប្រមាត់ និងជំងឺផ្នែកពោះវៀន បើសិនជាមានអ្នកជំងឺនេះ បើចាំបាច់ពួកយើងនឹងនាំគាត់ទៅវះកាត់នៅគ្លីនិករបស់យើង នៅមន្ទីរពេទ្យខ្មែរ-សូវៀត»៕