ភ្នំពេញៈ គណបក្សនយោបាយនានាបានត្រៀមលក្ខណសម្បត្តិរួចជាស្រេចហើយ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ដោយយុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល ១៤ ថ្ងៃ គិតចាប់តាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ តទៅ។
លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែឧសភា ថា គណបក្សរបស់លោកបានផលិតនូវខិត្តប័ណ្ណ បដា ផ្ទាំងផ្សព្វផ្សាយគោលនយោបាយ និងសារនយោបាយផ្សេងៗសម្រាប់ត្រៀមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នេះបានរួចរាល់អស់ហើយ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។
ទោះជាយ៉ាងណាលោកបានឱ្យដឹងថា សម្រាប់ថវិកាធ្វើយុទ្ធនាការឃោសនានេះ គណបក្សមិនអាចកំណត់បានទេ អាស្រ័យទៅលើលទ្ធភាពជាក់ស្តែងនៃការចូលរួមរបស់សកម្មជន និងថ្នាក់ដឹកនាំតែប៉ុណ្ណោះព្រោះគណបក្សមិនមានថវិកាជាកញ្ចប់សម្រាប់ចំណាយក្នុងការឃោសនានោះទេ។
លោកថ្លែងថា៖ «យើងអត់មានថវិកាជាកញ្ចប់ទេ គឺមានថវិកាចូលរួមពីទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំនៃខេត្ត និងឃុំសង្កាត់នីមួយៗ សម្រាប់ធ្វើការឃោសនាបោះឆ្នោតនេះ»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែឧសភាថា ទាក់ទងនឹងការឃោសនារកសំឡេងឆ្នោតដែលខិតជិតមកដល់នេះ គណបក្សហ៊្វុនស៊ិនប៉ិចបានត្រៀមខ្លួនក្នុងការចូលរួម ដោយក្នុងនោះនៅតាមរាជធានីខេត្តមានកាលវិភាគដែលទទួលបានគោលការណ៍អនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតាមឃុំសង្កាត់សម្រាប់ធ្វើយុទ្ធនាការនេះរួចហើយដែរ។
លោកបានបន្តថា ដោយឡែកនៅថ្នាក់ជាតិ គណបក្សហ៊្វុនស៊ិនប៉ិចក៏បានត្រៀមបើកយុទ្ធនាការធំនៅរាជធានីភ្នំពេញផងដែរ ដោយក្នុងនោះនៅតាមរាជធានីខេត្ត ស្រុក ឃុំ ជាពិសេសនៅថ្នាក់ឃុំសង្កាត់នឹងចែកនូវខិត្តប័ណ្ណគោលនយោបាយរបស់គណបក្ស និងចុះសួរសុខទុក្ខអ្នកគាំទ្រនៅតាមមូលដ្ឋានផងដែរ ដើម្បីទទួលបានការគាំទ្រកាន់តែខ្លាំងមួយកម្រិតទៀត។
លោកបានបញ្ជាក់ថា៖ «គណបក្សបានត្រៀមសារនយោបាយសំខាន់ៗដែលនឹងត្រូវផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមក៏ដូចជាសារព័ត៌មានដោយក្នុងគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានផ្តល់នូវពេលវេលាស្មើភាពគ្នានៃការចាក់ផ្សាយរបស់គណបក្ស តាមរយៈទូរទស្សន៍ និងព្រឹត្តិបត្រ»។
បើតាម លោក ញឿន រ៉ាដែន ពាក់ព័ន្ធនឹងថវិកាចំណាយលើការឃោសនាវិញ គណបក្សហ៊្វុនស៊ិនប៉ិច មិនមានកញ្ចប់ថវិកាសម្រាប់ចំណាយទេអាស្រ័យទៅលើសមាជិកសមាជិកា នៃអ្នកគាំទ្រនៅក្នុងរាជធានីខេត្តនីមួយៗទទួលបន្ទុកក្នុងការចំណាយ។
រីឯលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានឱ្យដឹងដែរថា គណបក្សលោកក៏បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះរួចហើយដែរ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២២ ខាងមុខនេះ។
លោកថ្លែងថា៖ «យើងនឹងមានការជួបជុំបើកនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃដំបូងហើយនៅថ្ងៃបន្តបន្ទាប់ទៀត នឹងធ្វើការនៅតាមរាជធានីខេត្ត ស្រុកខណ្ឌ និងឃុំសង្កាត់។ ដោយក្នុងនោះយើងមានសារនយោបាយចាក់មេក្រូ និងខិត្តប័ណ្ណចែកជូនប្រជាពលរដ្ឋជាដើម»។
បើតាមលោក ថាច់ សេដ្ឋា ថ្វីបើមិនទាន់ដល់ពេលបើកយុទ្ធនាការឃោសនាមកដល់ ប៉ុន្តែលោកសង្កេតឃើញថា ប្រជាពលរដ្ឋនៅតាមរាជធានីខេត្តនៅទូទាំងប្រទេសបានចូលរួម និងមានសម្ទុះគាំទ្រជាច្រើនជាមួយការត្រៀមបោះឆ្នោតជូនគណបក្សភ្លើងទៀនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា គណបក្សប្រជាជនតែងតែត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងម្ចាស់ការជាប់ជាប្រចាំនៅគ្រប់នីតិកាលនៃការបោះឆ្នោត ដោយក្នុងនោះបានបង្កើតគណៈកម្មការយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានថ្នាក់ដឹកនាំតាំងពីថ្នាក់លើរហូតដល់ឃុំ សង្កាត់។
លោកបន្តថា ជាមួយគ្នានេះគណបក្សក៏បានផលិតស្ប៉តសម្រាប់ផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ និងស្ប៉តសំឡេងផ្សព្វផ្សាយតាមវិទ្យុ និងត្រៀមវាគ្មិនសម្រាប់ចូលរួមវេទិកាសាធារណៈដែលអង្គការមិនមែនរដ្ឋាភិបាល ឬក៏ គ.ជ.ប បានរៀបចំ។
ជាមួយគ្នានេះ គណបក្សក៏នឹងត្រៀមធ្វើយុទ្ធនាការធំក្នុងថ្ងៃដំបូងនៅរាជធានីភ្នំពេញផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងទេ! ទាំងឯកសារនយោបាយ ទាំងលក្ខណៈបច្ចេកទេស និងអ្វីគ្រប់យ៉ាងយើងត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់អស់នៅតែថ្ងៃមកដល់ យើងនឹងចាប់ផ្តើមបើកយុទ្ធនាការតែម្តង»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ផងដែរថា យុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយមានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ ក្នុងអំឡុងពេលនេះ គជប ក៏នឹងមានសេចក្តីណែនាំបន្ថែមពាក់ព័ន្ធនឹងការហែក្បួន និងធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារផងដែរ។
លោកថ្លែងថា៖ «គជប ណែនាំបន្ថែមអំពីការហែក្បួនឃោសនាបោះឆ្នោត និងធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយដែលបានឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ»៕
វីដេអូ៖