ភ្នំពេញៈ កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងបន្តស្វែងរកគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ចំនួន ៩ គ្រាប់ផ្សេងទៀត ខណៈកំពុងសិក្សាឱ្យបានហ្មត់ចត់មុននឹងធ្វើការបន្សាប គ្រាប់បែកប្រភេទនេះចំនួន ១ គ្រាប់ ដែលទើបប្រទះឃើញនៅក្នុងទន្លេ ៤ មុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំងកាលពីថ្ងៃទី ៥ ខែឧសភា។
លោក ហេង រតនា អគ្គនាយក CMAC ថ្លែងនៅថ្ងៃទី ៩ ខែឧសភាថា គ្រាប់បែកប្រភេទ AN-M66 ឬ AN-M34 មានចំនួន ១១ គ្រាប់បានទម្លាក់លើទឹកដីប្រទេសកម្ពុជា អាចក្នុងអំឡុងឆ្នាំ ១៩៧០-១៩៧៥ ប៉ុន្តែចំនួន ១១ គ្រាប់នេះ មិនមែនសុទ្ធតែទម្លាក់នៅក្នុងទន្លេមុខព្រះបរមរាជវាំងនោះទេគឺទម្លាក់នៅក្នុងទីតាំងផ្សេងៗគ្នាក្នុងសម័យសង្គ្រាម។
លោកថ្លែងថា៖ «គ្រាប់ប្រភេទហ្នឹងមិនមែនសុទ្ធតែនៅមិនទាន់ផ្ទុះទេ វាអាចផ្ទុះខ្លះនៅខ្លះ ហើយមិនមែនទម្លាក់តែកន្លែងហ្នឹងទេ។ ខ្ញុំសូមបញ្ជាក់ ប្រភេទហ្នឹង ក្នុងសម័យសង្គ្រាមយើងដឹងថាមាន ១១ គ្រាប់ មិនមែនទម្លាក់កន្លែងហ្នឹង [ទន្លេ ៤ មុខ] ១១ គ្រាប់ទេ ចៀសវាងការយល់ច្រឡំ»។
លោក ហេង រតនា មិនបញ្ជាក់អំពីទីតាំងដែលគ្រាប់បែកប្រភេទនេះត្រូវបានទម្លាក់នៅកម្ពុជាឡើយ ប៉ុន្តែ លោកប្រាប់ថា គ្រាប់បែកប្រភេទ AN-M66 ដែលទើបរកឃើញកាលពីថ្ងៃទី ៥ ខែឧសភា ក្នុងទន្លេ ៤ មុខនោះ គឺជាគ្រាប់ទី ២ ក្នុងចំណោម ១១ គ្រាប់។ ចំណែក ៩ គ្រាប់ផ្សេងទៀតកម្លាំងជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាកំពុងធ្វើការស្វែងរកជាបន្តបន្ទាប់ទៀត។
លោកអគ្គនាយក CMAC ប្រាប់ថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ដែលទើបប្រទះឃើញនោះ មានទម្ងន់ជិត ១ ០០០ គីឡូក្រាម មានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក។ លោកថា នេះជាសំណាងមួយល្អណាស់សម្រាប់កម្ពុជា ដែលគ្រាប់បែកនេះមិនផ្ទុះ ប៉ុន្តែប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះវិញនោះ នឹងអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ។
លោកថ្លែងថា៖ «តាមកម្រិតនៃហានិភ័យរបស់វា ចម្ងាយដែលអាចទទួលហានិភ័យខ្ពស់នោះមានចំនួនប្រមាណ ១ ៩២០ ម៉ែត្រ ពីទីតាំងណាមួយដែលវាធ្លាក់»។
លោក ហេង រតនា បានប្រាប់ថា គិតមកដល់ថ្ងៃទី ៩ ខែឧសភានេះ កម្លាំងជំនាញ CMAC នៅមិនទាន់បានធ្វើការបន្សាបគ្រាប់បែកដែលទើបប្រទះឃើញនោះនៅឡើយទេ។ យ៉ាងណាលោកអះអាងថា កម្លាំងជំនាញ CMAC មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដោះស្រាយចំពោះគ្រាប់បែកប្រភេទ AN-M66 នេះ ប៉ុន្តែទាមទារ ត្រូវតែធ្វើការសិក្សាឱ្យបានហ្មត់ចត់ជាមុនសិន ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើង។
លោកបញ្ជាក់ថា៖ «យើងមិនទាន់បានធ្វើការបន្សាបនៅឡើយទេ យើងត្រូវសិក្សាលក្ខណៈបច្ចេកទេសឱ្យល្អិតល្អន់សិន ព្រោះការបន្សាបគ្រាប់បែកធំបែបនេះមិនត្រឹមតែលំបាកទេ គឺវាគ្រោះថ្នាក់ទៀតផង។ មានលក្ខណពិសេសមួយចំនួនដែលយើងត្រូវសិក្សាឱ្យបានហ្មត់ចត់ ព្រោះមានប្រភេទខ្លះយើងអាចបន្សាបបាន ខ្លះទៀត គឺគេមានសោគន្លឹះដោះដែលមិនអាចបន្សាបបាន»។ «ប្រសិនបើគ្រាប់បែកមិនអាចធ្វើការបន្សាបបាននោះ កម្លាំងជំនាញមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏នៅមានវិធីសាស្ត្រជាច្រើនដើម្បីកម្ទេចចោលផងដែរ។ ក្នុងនោះមានដូចជា ការកាត់បំបែក វាយឱ្យផ្ទុះកម្រិតស្រាលៗ ជាដើម»។
លោកថា គ្រាប់នេះគឺឃើញនៅពេលធ្វើការស្តារប្រព័ន្ធទន្លេដោយអាជ្ញាធររាជធានីភ្នំពេញ។ គ្រាប់បែកនេះស្ថិតនៅក្នុងដីភក់ជម្រៅប្រមាណ ៣ ម៉ែត្រ ខណៈពេលកាយឃើញភ្លាមដោយមានការសង្ស័យទើបអាជ្ញាធររាជធានី-ភ្នំពេញរាយការណ៍មកកម្លាំងជំនាញ CMAC ទៅធ្វើការពិនិត្យ និងយកទៅទុកនៅកន្លែងសុវត្ថិភាព ដើម្បីជំនាញធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕