ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១០ ឧសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែឧសភា ដោយលោកបញ្ជាក់ថា នឹងជួបជាមួយមេដឹកនាំសំខាន់ៗ មួយចំនួនផងដែរ។
លោកបានសរសេរនៅលើហ្វេសប៊ុក បន្ទាប់ពីចេញដំណើរនាព្រឹកថ្ងៃទី ១០ ឧសភា ថា៖ «ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួន ព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរង់ចាំទទួលខ្ញុំ»។
ជាមួយនោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាបន្តយកចិត្ត ទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យឆ្លងជំងឺកូវីដ ១៩ ហើយលោកបានផ្ញើសារជូនពរប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសទាំងអស់ជួបនូវសេចក្តីសុខ និងសំណាងល្អ។
កាលពីចុងខែមុន លោក ហ៊ុន សែន ប្រកាសថា នៅមុនកិច្ចប្រជុំកំពូលពិសេសនេះ លោកគ្រោងនឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកក្នុងទ្រង់ទ្រាយធំប្រមាណ ១ ០០០ នាក់។
ដំណើរចាកចេញ ពីកម្ពុជារបស់លោក ហ៊ុន សែន នេះ គឺធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីសពលោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលត្រូវជាបងប្រុសបង្កើតរបស់លោកទើបបានបញ្ចុះរួចរាល់កាលពីព្រឹកថ្ងៃទី ៩ ខែឧសភា នៅខេត្តកំពង់ចាម ក្រោយពីទទួលមរណភាពដោយរោគាពាធកាលពីល្ងាចថ្ងៃទី ៥ ខែឧសភា។
តាមរយៈសារជាសំឡេងនៅមុនចាកចេញពីកម្ពុជា លោក ហ៊ុន សែន ថ្លែងថា លោកពិតជាមិនទាន់អស់ចិត្តជាមួយនឹងការបំពេញកាតព្វកិច្ចក្នុងឋានៈជាប្អូនប្រុសក្នុងការធ្វើបុណ្យសម្រាប់ «បងប្រុសទីជាស្រឡាញ់» របស់លោក ប៉ុន្តែភារ-
កិច្ចប្រទេសជាតិតម្រូវឱ្យលោកចាកចេញ ដើម្បីចូលរួមបំពេញការងារនេះឱ្យបានល្អក្នុងក្របខ័ណ្ឌជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ និងជាសមាជិកអាស៊ាន ដែលលោកត្រូវតែធ្វើដោយខានមិនបាន។
លោកថ្លែងថា៖ «នេះគឺជាការលំបាក ប៉ុន្តែយើងត្រូវតែធ្វើដើម្បីជាតិ មាតុភូមិ ជាពិសេសគឺជាតិ សាសនា ព្រះមហាក្សត្ររបស់យើង។ ខ្ញុំព្រះករុណាខ្ញុំនឹងមានឱកាសដើម្បីបានជួបជាមួយនឹងជនរួមជាតិរបស់យើងនៅឯសហរដ្ឋអាមេរិក។ ល្ងាចថ្ងៃទី ១០ និងថ្ងៃទី ១១ [ឧសភា] គឺផ្តល់អាទិភាពសម្រាប់ជំនួបជាមួយបងប្អូនខ្មែរយើងដែលទន្ទឹងរង់ចាំទទួលខ្ញុំព្រះករុណាខ្ញុំនៅទីនោះ»។
លោកនាយករដ្ឋមន្ត្រីបន្តថា បន្ទាប់ទៅលោកនឹងធ្វើកិច្ចការទៅតាមការរៀបចំរបស់ម្ចាស់ផ្ទះគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយនឹងវត្តមានរបស់លោកក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២។ ក្រៅពីនោះលោកក៏មានជំនួបផ្សេងៗទៀត ដោយរាប់ទាំងមិត្តភក្ដិបរទេសដែលបានសន្យាទៅជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន និងក៏មានការជួបជាមួយនឹងក្រុមមិត្តភក្ដិដែលជាជនជាតិអាមេរិកដើម្បីធ្វើការងារមួយចំនួនផងដែរ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៩ ខែឧសភា ថា មន្ត្រីដែលអមដំណើរលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនេះ មានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា លោក ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀតនឹងទទួលការស្វាគមន៍ និងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាមេរិកមកពីគណបក្សទាំង ២ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យរៀបចំទទួលដោយលោកស្រី ណាន់ស៊ី ភេឡូស៊ី (Nancy Pelosi) ប្រធានសភាអាមេរិកនៅវិមានរដ្ឋសភាអាមេរិក ហើយនឹងទទួលការស្វាគមន៍ និងចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកនៅសេតវិមាន។
ប្រភពដដែលបន្តថា៖ «ថ្នាក់ដឹកនាំអាស៊ានក៏នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ថ្នាក់ដឹកនាំអាស៊ាននឹងទទួលការស្វាគមន៍ និងអញ្ជើញប្រជុំជាមួយលោកជំទាវអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស [Kamala Harris] ដោយមានសម័យប្រជុំពេញអង្គជាមួយបណ្តារដ្ឋមន្ត្រីអាមេរិក ស្តីពីបញ្ហាវិធានការអាកាសធាតុ ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព»។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការជជែកគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និងការនាំភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិកទៅកាន់កម្រិត ១ ទៀត ជាប្រធានបទដ៏សំខាន់នៃកិច្ចប្រជុំកំពូលនេះ។ លោក ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតផងដែរ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ
ទី ១០ ខែឧសភាថា កិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិកនេះជាសញ្ញាបង្ហាញការយកចិត្តទុកដាក់ និងបេ្តជ្ញាចិត្តរបស់អាមេរិកនៅក្នុងតំបន់។
លោកបន្តថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ កម្ពុជានឹងបង្ហាញអាមេរិកថា កម្ពុជាគឺជាប្រទេសជាមិត្តជាមួយបណ្តាប្រទេសនានាដែលគាំទ្រការអភិវឌ្ឍ និងសន្តិភាពសកល ដោយកម្ពុជាមិនមានបំណងយកប្រទេសណាមួយជាបង្អែកទប់ទល់នឹងប្រទេសណាមួយឡើយ ពោលគឺកម្ពុជាត្រូវការមិត្តទាំងអស់ក្នុងការផ្តល់ជំនួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។
អ្នកវិភាគរូបនេះបានបញ្ជាក់ថា៖ «កម្ពុជានឹងពិភាក្សាជំរុញបន្ថែមឱ្យក្រុមវិនិយោគិនអាមេរិកមកបន្តបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីឈានទៅរកការបង្កើតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាមួយរវាងកម្ពុជា និងអាមេរិកនាពេលអនាគត ជាពិសេសក្រោយកូវីដ ១៩»៕