ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ឱ្យបានគ្រប់ៗគ្នា ដោយសូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
តាមរយៈព្រះរាជសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ព្រះអង្គមានព្រះរាជបន្ទូលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិកជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួនបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១០ ខែឧសភា ថា នេះ គឺជារឿងមួយរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែចេញព្រះរាជសារអំពាវនាវដល់ប្រជារាស្ត្ររបស់ព្រះអង្គនៅទូទាំងប្រទេស ឱ្យបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ដែលទទួលខុសត្រូវចំពោះជោគវាសនាប្រទេសរបស់ខ្លួនត្រូវទៅបោះឆ្នោតដោយឆន្ទៈរៀងខ្លួន។
លោកថ្លែងថា៖ «នេះជាទម្លាប់របស់ព្រះអង្គ ដែលតែងតែព្រះរាជអំពាវនាវដល់ពលរដ្ឋដែលជាកូនចៅរបស់ព្រះអង្គឱ្យទៅបោះឆ្នោតជារៀងរាល់លើកនៃការបោះឆ្នោត ដោយមិនមានអ្វីដែលគួរឱ្យសង្ស័យទៀតទេ ពីព្រោះជាព្រះរាជបូជនីយកិច្ច និងជាព្រះរាជតួនាទីរបស់ព្រះអង្គ ក្នុងនាមជាព្រះបិតារបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយខាងណាៗទេ គឺទាំងអស់គ្នាសូមឱ្យអញ្ជើញទៅបោះឆ្នោតតាមកាលកំណត់របស់រាជរដ្ឋាភិបាលនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២»។
លោកបញ្ជាក់ថា គណបក្សទាំង ១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតសុទ្ធតែមានសិទ្ធិដូចៗគ្នាក្នុងការបង្ហាញកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋបានប្រៀបធៀបក្នុងការសម្រេចចិត្ត សម្រាប់ការបោះឆ្នោតជូនគណបក្សទាំងនោះដែលអាចផ្តល់ផលប្រយោជន៍ និងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ ដែលព្រះអង្គមានព្រះបញ្ញាញាណ និងជានិមិត្តរូបនៃយុត្តិធម៌ សច្ចធម៌ ដែលព្រះអង្គចេញនូវព្រះរាជសារនេះ គឺជាការជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសមេដឹកនាំនៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រីករាយ ពិតជារំភើបនូវទឹកព្រះទ័យរបស់ព្រះអង្គតែងតែគិតយុត្តិធម៌នៅក្នុងសង្គម និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងខ្ញុំសូមថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ ដែលព្រះអង្គចេញនូវព្រះរាជសារនេះ»។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ថ្លែងថា ព្រះមហាក្សត្រចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋដែលត្រូវបង្ហាញឆន្ទៈ ក្នុងការជ្រើសរើសតំណាងស្របច្បាប់របស់ខ្លួនដើម្បីអភិវឌ្ឍភូមិឃុំរបស់ខ្លួន។ ជាមួយគ្នានោះដែរ ព្រះអង្គបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបោះឆ្នោតដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងកុំឱ្យមានការព្រួយបារម្ភពីការគំរាមកំហែង ឬសម្លុតដោយជនណាមួយ ឬគណបក្សណាមួយ។
លោកថ្លែងថា៖ «អ៊ីចឹងទេ! ព្រះរាជសារអំពាវនាវរបស់ព្រះអង្គ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានទេ។ ព្រះអង្គមិនត្រឹមតែគង់ជាម្លប់សម្រាប់កូនចៅ បងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណឹងទេ ប៉ុន្តែព្រះអង្គបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងចាប់ផ្តើមនៅពេលខាងមុខនេះ»។
គណបក្សនយោបាយទាំង ១៧ ដែលបានឈរបោះឆ្នោតបានចុះឈ្មោះភ្នាក់ងារសម្រាប់សង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សរុបទាំងបេក្ខជនពេញសិទ្ធិ និងបម្រុងមានចំនួន ៨៦ ០៩២ នាក់ ក្នុងនោះមានស្ត្រីចំនួន ២៧៨១៣ នាក់។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ១០ ខែឧសភា។
ជាមួយគ្នានេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានពិនិត្យ និង សម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គជប ស្នើសុំឆ្លងការពិនិត្យ និងសម្រេចពី គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី ៥ ឆ្នាំ ២០២២ ដែល រួមមាន សេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២។
សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្សនយោបាយ ដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ- សង្កាត់។ សេចក្តីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង សេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ត្រូវតែគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធីក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ៕
វីដេអូ៖